អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

ពលរដ្ឋកម្ពុជាអាចទូទាត់ប្រាក់ឆ្លងដែនរវាងKHRQ និង Alipay បានជាង៨៣លានកន្លែងជុំវិញពិភពលោក

អាជីវករក្នុងស្រុកដែលកំពុងប្រើប្រាស់ប្រព័ន្ធទូទាត់ប្រាក់«បាគង»របស់ធនាគារជាតិនៃកម្ពុជា នឹងអាចទូទាត់ប្រាក់ជាមួយអ្នកប្រើប្រាស់ ឬអាជីវករដែលប្រើប្រាស់ប្រព័ន្ធAlipay ជាង៨៣លានអាជីវករនៅទូទាំងពិភពលោក។ នេះបើតាមធនាគារជាតិនៃកម្ពុជា។ កិច្ចសហប្រតិបត្តិការទូទាត់ប្រាក់ឆ្លងដែនរវាងKHQRរបស់បាគង និងAlipayនេះ គឺដើម្បីធ្វើឱ្យមានងាយស្រួលរាល់ការទូទាត់ប្រាក់ឆ្លងដែន ពិសេសដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិផង។

ប្រតិបត្តិការស្កេនតាមប្រព័ន្ធKHQR
ប្រតិបត្តិការស្កេនតាមប្រព័ន្ធKHQR © Internet
ផ្សាយពាណិជ្ជកម្ម

លោកស្រី ជា សេរី ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានលើកឡើងថា ក្រៅតែពីការលើកកម្ពស់ការទូទាត់ប្រាក់ឆ្លងដែនរវាងKHQR និងAlipay កិច្ចសហប្រតិបត្តិការថ្មីនេះ ក៏នឹងចូលរួមចំណែកដល់ការទាក់ទាញភ្ញៀវទេសចរបរទេសឱ្យចូលមកទស្សនាប្រទេសកម្ពុជា និងមានភាពងាយស្រួលរាល់ការទូទាត់ប្រាក់ជាដើម។​

ម្យ៉ាងវិញទៀត លោកស្រីបញ្ជាក់ថា ការភ្ជាប់ប្រព័ន្ធទូទាត់ប្រាក់ឆ្លងដែនជាមួយAlipay បានបង្កភាពងាយស្រួលដល់ពលរដ្ឋខ្មែរដែលធ្វើដំណើរទៅក្រៅប្រទេសអាចធ្វើការទូទាត់ប្រាក់រៀលខ្មែរទៅកាន់ធនាគារផ្សេងដែលមានប្រព័ន្ធAlipayដោយមានភាពងាយស្រួល និងសុវត្ថិភាព។ ក្នុងនោះ លោកស្រី ជា សេរីបញ្ជាក់ថា ទាំងអាជីវករ ឬពាណិជ្ជករក្នុងស្រុក តម្រូវឱ្យមានគណនីជាប្រាក់រៀល និងទទួលយកការទូទាត់ជាប្រាក់រៀល។

ក្រៅពីកិច្ចសហប្រតិបត្តិជាមួយAlipay ធនាគារជាតិនៃកម្ពុជាកាលពីអំឡុងខែកក្តដា ឆ្នាំ២០២៣ ក៏បានចុះអនុស្សារណៈជាមួយប្រព័ន្ធទូទាត់ប្រាក់អន្តរជាតិUnion Pay របស់ចិន។ លើសពីនេះ ប្រព័ន្ធទូទាត់KHQRរបស់បាគងក៏កំពុងប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងប្រទេសម៉ាឡេស៊ី ថៃ និងវៀតណាម ខណៈប្រព័ន្ធទូទាត់ប្រាក់របស់បាគងនេះទៀតសោធត្រៀមនឹងដំណើរការនៅក្នុងប្រទេសឥណ្ឌា រួមនឹងប្រទេសជប៉ុនផង។

ចំណែកប្រព័ន្ធទូទាត់ប្រាក់Alipayវិញ កំពុងដំណើរការនៅលើទីផ្សារជាង៥៧ ក្នុងនោះក៏មានក្នុងបណ្តាប្រទេសធំៗមួយចំនួនដូចជា៖ ចិន សិង្ហបុរី ម៉ាឡេស៊ី ថៃ ម៉ាឡេស៊ី ជប៉ុន និងកូរ៉េខាងត្បូង។

បើតាមយោងតាមរបាយការណ៍ចេញផ្សាយពីធនាគារជាតិ គិតត្រឹមឆមាសទី១ឆ្នាំ២០២៣ ការទូទាត់ប្រាក់តាមប្រព័ន្ធបាគងគឺមានចំនួន៣៥.៤លានប្រតិបត្តិការទូទាត់ និងគិតជាទឹកប្រាក់ប្រមាណ១២ពាន់លានដុល្លារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ