អានតួអត្ថបទ

ADB ​និង ​WB ​ផ្តល់​កម្ចី​ជាង​២០០​លាន​ដុល្លារ ​ដល់​កម្ពុជា​សម្រាប់​កំណែ​ទម្រង់​មួយ​ចំនួន

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​(ADB)​ នៅថ្ងៃ​សុក្រ​នេះ ​បាន​អនុម័ត​ប្រាក់​កម្ចី​ចំនួន ​៥០លាន​ដុល្លារ​ សម្រាប់ពង្រឹង​កំណែ​ទម្រង់​គម្រោង​អភិវឌ្ឍន៍​មួយចំនួន​នៅកម្ពុជា​។ ​ការ​អនុម័ត​កម្ចីរបស់ ​ADB​ ដល់កម្ពុជា​ពេលនេះ ​ធ្វើឡើង​តែ​ប៉ុន្មានថ្ងៃ​ប៉ុណ្ណោះ ​ក្រោយ​ធនាគារ​ពិភពលោក​(World Bank)​ បាន​ផ្តល់​ការ​យល់ព្រម​លើគម្រោង​មួយ​ដែរ ​ដែល​មាន​តម្លៃ ​១៦៣​លាន​ដុល្លារ​ កាលពី​ដើម​សប្តាហ៍នេះ​ សម្រាប់​ការ​ផ្គត់ផ្គង់​ទឹកស្អាត​ និង​អនាម័យ​នៅ​កម្ពុជា​។

សកម្មភាពអភិវឌ្ឍន៍ទឹកស្អាត
ការដ្ឋានតបំពង់ទឹកស្អាត © FB
ផ្សាយពាណិជ្ជកម្ម

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​(ADB) ​បានឲ្យដឹងថា​ការអនុម័ត​កម្ចី ​៥០លាន​ដុល្លារ​ដល់​កម្ពុជា​ពេលនេះ ​គឺ​ដើម្បីពង្រឹង​គោលនយោបាយ ​និង​ក្របខ័ណ្ឌ​បទប្បញ្ញត្តិ​សម្រាប់​ការគ្រប់គ្រង​ចំណាយ ​និង​ចំណូល ​ព្រមទាំងសមត្ថភាព​ស្រូបយកនៃក្រសួង ​ដែលបានជ្រើសរើសដើម្បី​អនុវត្តកំណែទម្រង់ការ​គ្រប់គ្រងហិរញ្ញវត្ថុ​សាធារណៈ ​និងពង្រឹង​ទំនួលខុសត្រូវ​ការងារត្រួតពិនិត្យ​របស់អាជ្ញាធរ​សវនកម្មជាតិ​។

នាយិកាធនាគារ ​ADB ប្រចាំកម្ពុជា​ លោកស្រី ​Jyotsana Varma ​បានលើកឡើងថា​ កំណែទម្រង់ក្រោម​ហិរញ្ញប្បទានរបស់ ​ADB នេះ ​ឆ្លើយតបទៅនឹង​បញ្ហាប្រឈម​នៃការ​អភិវឌ្ឍន៍ ​ដែលកំណត់ដោយ​រាជរដ្ឋាភិបាល​ក្នុងដំណើរការ​គ្រប់គ្រង​ការចំណាយ និង​ចំណូលរបស់កម្ពុជា​។ លោកស្រីថា​ វានឹងបង្កើន​សមត្ថភាពអនុវត្ត​ការងាររបស់​ក្រសួង និង​ពង្រឹងមុខងារ​សវនកម្ម​ខាងក្រៅ។ ​អន្តរាគមន៍នានាក្រោម​កម្មវិធីនេះ នឹង​ផ្តល់នូវលំហសារពើពន្ធ​បន្ថែម ដែលអនុញ្ញាតឲ្យ​រដ្ឋាភិបាលកម្ពុជា​អាចធ្វើឲ្យប្រសើរឡើង​នូវលទ្ធភាព​ទទួលបាន និង​គុណភាពនៃសេវា​សាធារណៈ ព្រមទាំង​គាំទ្រកំណើនប្រកបដោយ​បរិយាបន្ន។​ នេះបើតាម​លោកស្រី ​Vamar​។

សូមរំលឹកថា ​កាលពីថ្ងៃទី២១ ​ខែវិច្ឆិកានេះដែរ​ ធនាគារពិភពលោក​ បានផ្តល់ការ​យល់ព្រមលើគម្រោង​មួយដែលមាន​តម្លៃ ១៦៣លាន​ដុល្លារ សម្រាប់ជួយ​ដល់ប្រទេសកម្ពុជា​នៅក្នុងកិច្ចប្រឹងប្រែង​ពង្រឹងសេវាផ្គត់ផ្គង់​ទឹកស្អាត ​និងអនាម័យ ​ដែលគម្រោងនេះ​ជាប្រយោជន៍ដល់​ប្រជាជនជាង ​១៧៥ ០០០នាក់ ​ក្នុងខេត្តចំនួន​ ៤។

ធនាគារពិភពលោក ​បញ្ជាក់ថា​គម្រោងជំរុញការ​ផ្គត់ផ្គង់ទឹកស្អាត ​និងអនាម័យ ដែលមាន​រយៈពេល​៦ឆ្នាំនេះ នឹងជួយ​ដល់សកម្មភាព​នានារបស់​រដ្ឋាភិបាល នៅក្នុង​ការបង្កើន​លទ្ធភាពទទួលបាន​ការផ្គត់ផ្គង់​ទឹកស្អាត ​និង​អនាម័យ ការ​កែលម្អ​ប្រតិបត្តិការ និង​ការថែទាំប្រព័ន្ធ​ទឹកស្អាត និង​អនាម័យដែលមាន​នាពេលបច្ចុប្បន្ននេះ​ និង​ក្នុងការធានា​ដល់ចីរភាព​របស់សេវា​ទាំងនេះ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ