អានតួអត្ថបទ
កម្ពុជា-សង្គម

ពលករខ្មែរនៅថៃ ស្នើឱ្យរដ្ឋាភិបាលជួយពន្យារពេលបង់សងបំណុលធនាគារ

ក្រុមសកម្មជន និងពលរដ្ឋខ្មែររស់នៅប្រទេសថៃប្រមាណ១០០នាក់ បានប្រមូលផ្តុំគ្នាទាមទារឱ្យរដ្ឋាភិបាលកម្ពុជាពិចារណាពន្យារពេលការបង់សងត្រឡប់នៃបំណុលធនាគារ និងមីក្រូហិរញ្ញវត្ថុដែលពួកគេកំពុងជំពាក់។ ការស្នើឱ្យពន្យារពេលបែបនេះ ដោយពួកគេលើកហេតុដូចៗគ្នាថា ពួកគេអស់លទ្ធភាពបង់សង់ត្រឡប់ក្រោយជីវភាពធ្លាក់ដុនដាប ហើយពលរដ្ឋខ្មែរខ្លះក៏បាត់បង់ការងារជាដើម។

ពលករខ្មែរជាង១០០នាក់ប្រមូលផ្តុំគ្នាតស៊ូមតិដើម្បីស្នើឱ្យពន្យារការបង់សង់បំណុលធនាគារ
ពលករខ្មែរជាង១០០នាក់ប្រមូលផ្តុំគ្នាតស៊ូមតិដើម្បីស្នើឱ្យពន្យារការបង់សង់បំណុលធនាគារ © Internet
ផ្សាយពាណិជ្ជកម្ម

 

កញ្ញា អេង ម៉ាឡៃហៅ ស៊ូ មេត្តានៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកាបានឱ្យដឹងថា ពលរដ្ឋខ្មែរដែលជាពលករចំណាកស្រុក ពួកគេកំពុងជួបប្រទះបញ្ហាជីវភាពកាន់តែខ្លាំង ដោយពលករខ្លះប្រឈមនឹងការដាច់បាយ និងខ្លះទៀតកំពុងបាត់បង់ការងារធ្វើថែមទៀត ខណៈកញ្ញាផ្ទាល់តែងរស់ពឹងអាស្រ័យទៅលើបងប្អូនសាច់ញាតិ ឬអ្នកស្គាល់គ្នាតែប៉ុណ្ណោះ។

កញ្ញា ស៊ូ មេត្តាបន្តថា ពលករខ្មែរប្រមាណ៩០%ហើយដែលកំពុងជាប់ជំពាក់បំណុលធនាគារ។ ចំណែក ស្ថានភាពការងារនៅប្រទេសថៃបច្ចុប្បន្ន មិនអំណោយផលទើបពលករខ្មែរស្ទើទាំងអស់ត្រូវជួបប្រទះបញ្ហាជីវភាព ដោយម្យ៉ាងពួកគេត្រូវបែងចែកប្រាក់មួយផ្នែកមើលជម្ងឺប្រចាំកាយ មួយផ្នែកទៀតត្រូវ​ប្រើប្រាស់សម្រាប់ការចំណាយប្រចាំថ្ងៃ និងមួយចំណែកទៀតត្រូវផ្ញើទៅក្រុមគ្រួសារដែលរស់នៅប្រទេសកម្ពុជា។ ប៉ុន្តែការផ្ញើប្រាក់ទៅឱ្យក្រុមគ្រួសារ កញ្ញា ស៊ូ មត្តាបញ្ជាក់ថា មានចំនួនតិចតូចណាស់ដែលស្ទើតែមិនគ្រប់ការបង់សង់បំណុលធនាគារផង។  

បញ្ហាទាំងនេះ ទើបសកម្មជន និងពលរដ្ឋខ្មែរដែលរស់នៅប្រទេសថៃជាង១០០នាក់ សម្រេចប្រមូលផ្តុំគ្នាសម្តែងមតិអំពាវនាវឱ្យរដ្ឋាភិបាលថ្មី ពិនិត្យការអំពាវនាវរបស់ពលករដែលកំពុងជួបប្រទះបញ្ហាជីវភាពឱ្យពន្យារពេលការបង់សង់ត្រឡប់នៃបំណុលធនាគារ​ក្នុងរយៈពេលសមស្របណាមួយ។

ការពន្យារពេលបង់សង់ត្រឡប់នៃបំណុលធនាគារ ពលករខ្មែរម្នាក់បង្ហាញសុំមិនអត្តសញ្ញាណបានប្រាប់វិទ្យុបារាំងអន្តរជាតិRFIថា ខ្លួនមិនទាមទារអ្វីច្រើនពីរដ្ឋាភិបាលឡើយ ពោលគឺស្នើសុំត្រឹមការពន្យារពេលការបង់សង់បំណុលធនាគារក្នុងរយៈពេល១ឆ្នាំ ឬ៦ខែ​ដើម្បីអាចឱ្យខ្លួនមានពេលដោះស្រាយបញ្ហាជីវភាពមួយរយៈសិន។

ពលកររូបនេះបន្តថា ប្រសិនបើខ្លួនមិនជួបបញ្ហាជីវភាពនោះទេ ម្ល៉ោះខ្លួនមិនស្នើសុំកិច្ចអន្តរាគមន៍ពីប្រមុខរដ្ឋាភិបាលអ្វីឡើយ។ ពលករដដែលរូបនេះអះអាងទៀតថា ការស្នើឱ្យពន្យារពេលបង់សង់បំណុលធនាគារនេះ ពលករខ្មែរជាច្រើននាក់ផ្សេងទៀតតែងចេញមកប្រមូលផ្តុំគ្នាសម្តែងមតិដើម្បីធ្វើយ៉ាងណាឱ្យរដ្ឋាភិបាលបានដឹង ប៉ុន្តែគិតមកទល់ពេលនេះ ការស្នើរបស់ខ្លួនហាក់មិនមានប្រសិទ្ធភាព ពីព្រោះថាមន្ត្រីឥណទានរបស់ធនាគារ និងមីក្រូហិរញ្ញវត្ថុនៅតែបន្តទារប្រាក់ដដែល។

ឆ្លើយតបទៅហ្នឹងបញ្ហានេះ លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុបានបញ្ជាក់ថា ការចេញមកស្នើឱ្យរដ្ឋាភិបាលពន្យារពេលបង់សង់បំណុលមិនមែនជាជម្រើសដែលត្រឹមត្រូវឡើយ។ ជម្រើសដែលត្រឹមត្រូវ លោកកាំង តុងងី ជំរុញឱ្យពលរដ្ឋដែលកំពុងជួបប្រទះបញ្ហាជីវភាពត្រូវស្នើសុំទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬធនាគារដែលពលរដ្ឋខ្ចី ដើម្បីធ្វើការរៀបចំឥណទានឡើងវិញ។

ពាក់ព័ន្ធនឹងបញ្ហានេះ ប្រមុខរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតក៏ធ្លាប់បានអំពាវនាវឱ្យប្រតិបត្តិករធ្វើការក្នុងវិស័យហិរញ្ញវត្ថុជួយសម្រួលបន្ទុករបស់អតិថិជនដែលភាគច្រើនពួកគេកំពុងជួបប្រទះបញ្ហាសេដ្ឋកិច្ច បើពុំនោះទេ ទាំងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធនាគារ រួមនឹងរដ្ឋាភិបាលត្រូវជួបបញ្ហាធ្ងន់ធ្ងរ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ