អានតួអត្ថបទ
កម្ពុជា-ទំនាក់ទំនងអន្តរជាតិ

លោក Henry Kissinger ដែលពាក់ព័ន្ធនឹងការទម្លាក់គ្រាប់បែកនៅកម្ពុជា បានស្លាប់ក្នុងវ័យ១០០ឆ្នាំ

លោក Henry Kissinger អតីតប្រមុខការទូតអាមេរិក និងជាអ្នកនៅពីក្រោយនៃសង្រ្គាមអាមេរិក-វៀតណាម និងការទម្លាក់គ្រាប់បែក លើទឹកដីកម្ពុជា អំឡុងទសវត្សរ៍ឆ្នាំ១៩៧០ បានទទួលមរណភាព កាលពីថ្ងៃពុធ ក្នុងអាយុ១០០ឆ្នាំ។ សម្រាប់អ្នកតាមដានប្រវត្តិសាស្ត្រ និងនយោបាយ ស្រុកខ្មែរ ការស្លាប់របស់លោក Kissinger គឺជារឿងសោកស្តាយមួយ ហើយក៏ហាក់ជាការដើរចេញពីទំនួលខុសត្រូវរបស់អាមេរិក ចំពោះការទម្លាក់គ្រាប់បែកលើទឹកដីប្រទេសកម្ពុជា។

លោក Henry Kissinger អតីតប្រមុខការទូតអាមេរិក ដែលពាក់ព័ន្ធនឹងការទម្លាក់គ្រាប់បែកលើទឹកដីកម្ពុជាអំឡុងទសវត្សរ៍ឆ្នាំ១៩៧០
លោក Henry Kissinger អតីតប្រមុខការទូតអាមេរិក ដែលពាក់ព័ន្ធនឹងការទម្លាក់គ្រាប់បែកលើទឹកដីកម្ពុជាអំឡុងទសវត្សរ៍ឆ្នាំ១៩៧០ AP - Daniel Vogl
ផ្សាយពាណិជ្ជកម្ម

លោក Henry Kissinger គឺជាអតីតប្រមុខការទូតអាមេរិក នៅក្នុងរដ្ឋកាលរបស់លោកប្រធានាធិបតី Richard Nixon  និងលោកប្រធានាធិបតី Gerald Ford បានស្លាប់ ក្នុងវ័យ១០០ឆ្នាំ។ ក្នុងតំណែងជាប្រមុខការទូតអាមេរិក លោក Henry Kissinger បានដើរយ៉ាងសំខាន់ចំពោះផែនការសង្រ្គាមនៅឥណ្ឌូចិន ក្នុងយុគសម័យនៃសង្រ្គាមត្រជាក់។ ចំពោះកម្ពុជា ក៏ទទួលរងនូវឥទ្ធិពលសោកនាដកម្មពីសំណាក់ទង្វើរបស់លោក Henry Kissinger នូវការទម្លាក់គ្រាប់បែក B-52 ដើម្បីប្រឆាំងនឹងពួកកុម្មុយនីស្ត។

សម្រាប់លោក សំបូរ ម៉ាណ្ណារ៉ា សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រ យល់ថា មរណភាពរបស់លោក Kissinger អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក គឺជាការបាត់បង់លក្ខណៈបុគ្គល ទៅតាមកាលវេលានៃច្បាប់ធម្មជាតិ ខណៈដែលប្រមុខការទូតអាមេរិករូបនេះ មានវ័យរហូតដល់១០០ឆ្នាំ។ ក៏ប៉ុន្តែប្រវត្តិសាស្ត្រដ៏ជូចត់ នៃមរតកការងាររបស់លោក Henry Kissinger គឺជាការទម្លាក់គ្រាប់បែកលើទឹកដីកម្ពុជា នៅអំឡុងឆ្នាំ១៩៧០ ដែលបណ្តាលឲ្យប្រជាពលរដ្ឋខ្មែរ ស្លាប់បាត់បង់ជីវិតជាច្រើន។

សម្រាប់លោកសាស្ត្រាចារ្យ សំបូរ ម៉ាណ្ណារ៉ា ប្រវត្តិសាស្ត្រនេះ នៅតែសោកនាដកម្មនៃការចងចាំរបស់ប្រជាពលរដ្ឋខ្មែរ ជាពិសេស ការឈានទៅផ្តាច់ជំនួយរបស់អាមេរិក ចំពោះរបបសាធារណរដ្ឋខ្មែរ នៅក្នុងឆ្នាំ១៩៧៣ ដែលបណ្តាលឲ្យមានរដ្ឋប្រហារនៅថ្ងៃទី១៧មេសា១៩៧៥។ ១៧មេសា១៩៧៥ ដែលជាការឈានចូលមកដល់នៃរបបកម្ពុជាប្រជាធិបតេយ្យ ឬខ្មែរក្រហម ដែលបានសម្លាប់ពលរដ្ឋខ្មែរខ្លួនឯងអស់ជាង២លាននាក់។

ដោយឡែកសម្រាប់លោកបណ្ឌិត គិន ភា អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ យល់ថា មរណភាពរបស់លោក Henry Kissinger គឺជាការសោកស្តាយមួយរបស់ពិភពលោក ដ្បិតប្រមុខការទូតអាមេរិករូបនេះ បានរួមចំណែកដ៏សំខាន់ក្នុងព្រឹត្តិការណ៍ធំៗ ទាំងក្នុងតំបន់និងអន្តរជាតិ។ យ៉ាងណាសម្រាប់លោកបណ្ឌិត គិន ភា អ្វីដែលគួរឲ្យសោកស្តាយទៀតនោះ គឺការស្លាប់របស់លោក Kissinger ហាក់ដូចជាការដើរចេញពីទំនួលខុសត្រូវរបស់លោក ចំពោះការទម្លាក់គ្រាប់បែកលើទឹកដីកម្ពុជា និងធ្វើឲ្យពលរដ្ឋខ្មែររាប់ម៉ឺននាក់បាត់បង់ជីវិត។

បើតាមលោកបណ្ឌិត គិន ភា ការស្លាប់របស់លោក Kissinger គឺជាការសោកស្តាយ ដែលលោកមិនត្រូវបានកាត់ទោសចំពោះទង្វើដែលគ្មានទំនួលខុសត្រូវ នៃបទល្មើសប្រល័យពូជសាសន៍ និងសង្រ្គាមដែលកើតឡើងលើទឹកដីកម្ពុជា។

ជាការកត់សម្គាល់ ការស្លាប់របស់លោក Herny Kissinger កាលពីថ្ងៃទី២៩វិច្ឆិកា បានបណ្តាលឲ្យសារព័ត៌មានអន្តរជាតិៗធំ និងអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិ ចាប់អារម្មណ៍ និងបានលើកឡើងពីជំហររៀងៗខ្លួន ចំពោះការងារ និងស្នាដៃដែលប្រមុខការទូតអាមេរិកបានបន្សល់ទុក។ អ្នកខ្លះបានកោតសរសើរ ចំពោះសិល្បៈការទូតដ៏ឆ្នើមរបស់លោក ខណៈដែលខ្លះទៀតក៏ខឹងសម្បាចំពោះការធ្វើសង្រ្គាមនៅវៀតណាម និងឲ្យរហស្សនាមលោក ថាជា ឧក្រិដ្ឋជនសង្រ្គាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ