អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

ធនាគារជាតិ៖ពលរដ្ឋជំពាក់បុលធនាគារមានចំនួន៤លាននាក់

ជាង១០ឆ្នាំមកនេះ ពលរដ្ឋខ្មែរយ៉ាងហោចណាស់៤លាននាក់បាននិងកំពុងជំពាក់បំណុលមីក្រូហិរញ្ញវត្ថុ និងធនាគារ។ នេះយោងតាមរបាយការណ៍ចេញផ្សាយដោយធនាគារជាតិនៃកម្ពុជានាពេលថ្មីៗនេះ។ ការចេញផ្សាយរបាយការណ៍លើកនេះ ធនាគារជាតិចង់ក្រើនរំលឹកចំពោះពលរដ្ឋដែលកំពុងប្រើប្រាស់សេវាកម្មហិរញវត្ថុក្រៅផ្លូវការដែលគ្មានច្បាប់អនុញ្ញាត ឱ្យបញ្ឈប់ដើម្បីចៀសវាងហានិភ័យណាមួយ។

មន្ត្រីឥណទានចុះមកផ្តល់កម្ចីដល់ពលរដ្ឋ
មន្ត្រីឥណទានចុះមកផ្តល់កម្ចីដល់ពលរដ្ឋ © Internet
ផ្សាយពាណិជ្ជកម្ម

ក្នុងរបាយការណ៍ដដែលក៏មិនបានបញ្ជាក់ឱ្យលម្អិតអំពីទិន្នន័យ ជុំវិញបំណុលធនាគារដែលពលរដ្ឋខ្មែរកំពុងជាប់ជំពាក់នោះទេ។

តែយ៉ាងណាក្រុមអង្គការសង្គមស៊ីវិលយល់ថា តួលេខខាងលើខ្វះតម្លាភាព។ លោក អំ សំអាត នាយកគ្រប់គ្រងទូទៅនៃសម្ព័ន្ធជំរឿននិងការពារសិទ្ធិមនុស្សលីកាដូ​យល់ថា តួលេខនេះអាចនឹងកើនលើស ទោះបីអង្គការសង្គមស៊ីវិលមិនមានតួលេខច្បាស់ការណ៍យ៉ាងណាក្តី។ តាមលោក អំ សំអាត គិតត្រឹមឆ្នាំ២០២៣នេះ បំណុលដែលពលរដ្ឋកំពុងជំពាក់តាមគ្រឹះស្ថានខ្នាតតូចគឺមានចំនួនប្រមាណ២.៨៩លានកម្ចី ដោយនេះមិនទាន់រាប់បញ្ចូលកម្ចីតាមគ្រឹះស្ថានខ្នាតធំ និងធនាគារឡើយ។ 

ត្រង់ចំណុចនេះ លោក អំ សំអាតស្នើឱ្យសមាគមមីក្រូហិរញ្ញវត្ថុ និងធនាគារបង្ហាញតួលេខនៃពលរដ្ឋដែលកំពុងប្រើប្រាស់សេវាកម្ចីនៅតាមបណ្តាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ ដើម្បីអាចឱ្យអង្គការសង្គមស៊ីវិលតាមដានអំពីដំណើរការកម្ចីរបស់ពលរដ្ឋក្នុងវិស័យហិរញ្ញវត្ថុឱ្យបានកាន់តែស៊ីជម្រៅបន្ថែម។

ការស្នើបែបនេះក៏ព្រោះលោក អំ សំអាត ព្រួយបារម្ភនូវហានិភ័យចំពោះសេដ្ឋកិច្ចសង្គមប្រសិនបើពលរដ្ឋជាប់ជំពាក់បំណុលកាន់តែច្រើន ខណៈពលរដ្ឋប្រមាណ៦%ឬ១៦៧០០០នាក់ ពួកគេបានលក់ដីដើម្បីសងបំណុលទៅហើយ។

មន្ត្រីអង្គការសង្គមស៊ីវិលរូបនេះក៏បារម្ភដែរថា​ កំណើនកម្ចីក្រៅផ្លូវនឹងបង្កភាពអនាធិបតេយ្យនៅក្នុងសង្គម ពីព្រោះលោកសង្កេតឃើញពលរដ្ឋមួយភាគធំបានស្វែងរកកម្ចីក្រៅផ្លូវការ ដើម្បីបង់សងត្រឡប់ទៅកាន់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារដែលស្របច្បាប់។

ទាក់ទិននឹងកម្ចីក្រៅផ្លូវការ លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជាធ្លាប់ប្រាប់មកវិទ្យុបារាំងអន្តរជាតិថា ករណីនេះកំពុងក្លាយជាបញ្ហាដែលវិស័យហិរញ្ញវត្ថុព្យាយាមដោះស្រាយ និងណែនាំពលរដ្ឋបញ្ឈប់រាល់ការស្នើកម្ចីទាំងនោះ។ 

បើតាមលោក កាំង តុងងី កម្ចីក្រៅផ្លូវការ គឺងាយរងគ្រោះ ពិសេសអត្រាការប្រាក់ខ្ពស់ និងគ្មានច្បាប់ធានារាល់ពេលមានបញ្ហាឡើយ។

សូមជម្រាបថា នៅកម្ពុជាមានធនាគារពាណិជ្ជកំពុងធ្វើប្រតិបត្តិការចំនួន៦០គ្រឹះស្ថាន ធនាគារឯកទេសចំនួន០៩គ្រឹះស្ថាន និងមីក្រូហិរញ្ញវត្ថុមានចំនួន៨០គ្រឹះស្ថាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ