អានតួអត្ថបទ

សភាថៃបន្តដាក់ញត្តិ ស្នើឲ្យបើកច្រកចូលប្រាសាទព្រះវិហារ

សមាជិកសភាមកពីបក្សភឿថៃចំនួន៧រូប​ បានដាក់ញត្តិទៅកាន់នាយករដ្ឋមន្រ្តីថៃ ដើម្បីស្នើឲ្យបើកការពិភាក្សាជាមួយរដ្ឋាភិបាលកម្ពុជា ជុំវិញការបើកច្រកផ្លូវចូលប្រាសាទព្រះវិហារនៅប៉ែកខាងថៃ។ នេះជាការស្នើសុំជាថ្មីទៀតមកកាន់ភាគីកម្ពុជា បន្ទាប់សំណើចាស់់ត្រូវបានច្រានចោលដោយអាណ្ណត្តិដឹកនាំដោយរដ្ឋាភិបាលចាស់។ 

ប្រាសាទព្រះវិហារ
ប្រាសាទព្រះវិហារ © AFP
ផ្សាយពាណិជ្ជកម្ម

សមាជិកសភាចំនួន៧រូបដែលមកពីគណបក្សភឿថៃ បានដាក់ញត្តិទៅកាន់លោក Srettha Thavisin នាយករដ្ឋមន្រ្តីថៃថ្មី ដោយស្នើឲ្យស្វែងរកការពិភាក្សាជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការបើកច្រកផ្លូវចូលប្រាសាទព្រះវិហារនៅប៉ែកខាងថៃ។ សមាជិកសភាថៃទាំងនេះ រួមមាន រដ្ឋមន្រ្តីការពារជាតិថៃ និងមេបញ្ជាការកងកម្លាំងការពារSuranareeរបស់ថៃដែលធ្លាប់ដឹកនាំកងទ័ពប្រឈមមុខជាមួយកងទ័ពកម្ពុជាក្នុងសំណុំរឿងប្រាសាទព្រះវិហារនេះកាលពីឆ្នាំ២០១០។ នេះយោងតាមការផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នៅថ្ងៃទី១៧ខែធ្នូនេះ។

តាមការផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍របស់ថៃដដែលនេះ រដ្ឋមន្រ្តីការពារជាតិថៃ លោកSatin Klungsang គូសបញ្ជាក់ថា មូលហេតុដែលលោកចង់ឲ្យកម្ពុជាបើកច្រកផ្លូវចូលទៅប្រាសាទព្រះវិហារនៅប៉ែកខាងថៃនេះ គឺដើម្បីបង្កើនសកម្មភាពទេសចរណ៍តាមព្រំដែនថៃ ដែលជាគោលនយោបាយរបស់ប្រទេស។ រដ្ឋមន្រ្តីការពារជាតិថៃរូបនេះ ក៏បានបង្ហាញក្ដីសង្ឃឹមថា ទំនាក់ទំនងល្អរវាងអតីតនាយករដ្ឋមន្រ្តីថៃលោកថាក់ស៊ីន និងអតីតនាយករដ្ឋមន្ត្រីខ្មែរលោកហ៊ុន សែន ក៏អាចជួយឈូសឆាយផ្លូវទៅរកការព្រមព្រៀងគ្នានេះដែរ។

ចំណែកលោកឧត្តមសេនីយ៍ Nut Sri-In មេបញ្ជាការកងកម្លាំងការពារSuranareeរបស់ថៃ ធានាថាការបើកច្រកព្រំដែននេះ ក៏នឹងមិនប៉ះពាល់ដល់សន្តិសុខជាតិនៃប្រទេសទាំងពីរដែរ។

ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាលលោកប៉ែន បូណា បានគូសបញ្ជាក់ថា លទ្ធភាពទៅរួចឬអត់នោះគឺទាល់តែមានការស្នើសុំជាផ្លូវការពីនាយករដ្ឋមន្រ្តីថៃជាមុនសិន។

សំឡេង អ្នកនាំពាក្យរដ្ឋាភិបាលលោកប៉ែន បូណា

ជាការកត់សម្គាល់ គម្រោងរបស់សមាជិកថៃកើតឡើងស្របពេលដែលប្រទេសទាំងពីរប្ដូរមេដឹកនាំថ្មី និងក្រោយពេលដែលកម្ពុជាធ្លាប់បដិសេធសំណើនេះម្ដងរួចហើយ។

គួរបញ្ជាក់ដែរថា ​ព្រំដែន​តំបន់​ប្រាសាទ​វិហារ​ត្រូវបាន​បិទ កាលពី​១៥​ឆ្នាំមុន ចាប់តាំងពី​កងទ័ព​នៃប្រទេសទាំងពីរ បាន​ប៉ះទង្គិចគ្នា​ដោយ​ប្រដាប់​អាវុធ​អំឡុង​ឆ្នាំ​២០០៨មក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ