អានតួអត្ថបទ
កម្ពុជា-ទេសចរណ៍

រដ្ឋាភិបាលបន្តស្នើឱ្យធនាគាររៀបចំឥណទានឡើងវិញ ដើម្បីសង្គ្រោះវិស័យទេសចរណ៍

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បន្តស្នើឱ្យស្ថាប័នហិរញ្ញវត្ថុ​ដូចជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារទាំងអស់នៅកម្ពុជាពិនិត្យការរៀបចំឥណទានឡើងវិញ។ កម្មវត្ថុស្នើបែបនេះគឺ ដើម្បីជួយដល់វិស័យទេស​ចរណ៍ ពិសេសវិស័យទេសចរណ៍នៅក្នុងសៀមរាបដែលកំពុងជួបប្រទះនូវបញ្ហាហិរញ្ញវត្ថុខ្លាំង ខណៈអាជីវកម្មទេសចរណ៍មួយភាគធំបន្តផ្ងារជើងគ្មានដំណើរការ។

ទេសចរណ៍ជាតិនិងអន្តរជាតិអង្គុយមើលថ្ងៃលិចនៅប្រាសាទបាខែង
ទេសចរណ៍ជាតិនិងអន្តរជាតិអង្គុយមើលថ្ងៃលិចនៅប្រាសាទបាខែង © Internet
ផ្សាយពាណិជ្ជកម្ម

​ក្នុងពិធីសម្ពោធធនាគារវីងនៅព្រឹកថ្ងៃទី២០ ខែធ្នូនេះ លោក ហ៊ុន ម៉ាណែតអំពាវនាវឱ្យបណ្តាធនាគារដែលកំពុងធ្វើប្រតិបត្តិការក្នុងប្រទេសកម្ពុជាទាំងអស់រួមគ្នាស្រោចស្រង់វិស័យទេសចរណ៍ឡើងវិញ តាមរយៈការរៀបចំនូវនីតិវិធីផ្តល់ឥណទានជូនអ្នករកស៊ីលើវិស័យទេសចរណ៍សារជាថ្មី។ ទន្ទឹមគ្នានេះ លោកក៏ស្នើឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារពិនិត្យលទ្ធភាពផ្តល់ឥណទានទៅកាន់សហគ្រាសធុនតូច និងមធ្យមផងដែរ ដើម្បីជួយសម្រាលស្ថានភាពដែលសហគ្រាសទាំងនោះកំពុងជួបប្រទះផ្នែកហិរញ្ញវត្ថុ។

ក្រៅពីនេះ លោកហ៊ុន ម៉ាណែតក៏​ជំរុញឱ្យធនាគារសហគ្រាសធុនតូច និងមធ្យម រៀបចំកម្មវិធីផ្តល់កម្ចីដោយផ្ទាល់ដល់ប្រតិបត្តិករទេសចរណ៍ក្នុងខេត្តសៀមរាបជាមួយនឹងអត្រាការប្រាក់សមរម្យ និងលក្ខខណ្ឌអនុគ្រោះផ្សេងទៀតធ្វើយ៉ាងណាឱ្យពួកគេអាចទទួលបាននូវហិរញ្ញប្បទានក្នុងទំហំទឹកប្រាក់សមស្របតាមប្រភេទអាជីវកម្ម។

ការធ្វើបែបនេះ បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គឺជាយុទ្ធសាស្ត្រដើម្បីជំរុញចរន្តសេដ្ឋកិច្ចកម្ពុជាឱ្យរីកលូតលាស់ជាងមុន និងធ្វើ​ឱ្យវិស័យទេសចរណ៍របស់កម្ពុជាកាន់តែមានភាពរឹងមាំ។   

ជាក់ស្តែងកន្លងមក លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតធ្លាប់លើកទឹកចិត្តដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារឱ្យរៀបចំឥណទានរបស់ខ្លួនឡើងវិញ ដែលជាការអនុគ្រោះសម្រាប់អ្នករងផលប៉ះពាល់ក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប។ គ្រានោះលោកបញ្ជាក់ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារដែល​បានរៀបចំឥណទានឡើងវិញចំពោះវិស័យទេសចរណ៍ គឺពុំចាំបាច់ធ្វើសំវិធានធនរយៈពេល១២ខែដែលបានប្រកាសអនុញ្ញាតក្នុងវេទិការាជរដ្ឋាភិបាលផ្នែកឯកជនលើកទី១៩កាលពីថ្ងៃទី១៣ ខែវិចិ្ឆកា ឆ្នាំ២០២៣កន្លងទៅ។

លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានឱ្យដឹងថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកំពុងធ្វើការជាមួយអតិថិជនដែលជាប្រតិបត្តិករទេសចរណ៍ក្រោមយន្តការលក្ខខណ្ឌពិសេសដែលដាក់ចេញដោយរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា។

តាមលោកកាំង តុងងី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ក៏នឹងបន្តរៀបចំឥណទានឡើងវិញជូនអតិថិជន បើទោះបីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងនោះអាចប្រឈមនូវបញ្ហាមួយចំនួនដូចជាការខាតបង់ប្រាក់ចំណូលក្តី។ តែយ៉ាងណា អ្នកនាំពាក្យរូបនេះអះអាងថា ដើម្បីសម្រួលបន្ទុកផ្នែកលំហូរសាច់ប្រាក់ ពិសេសការបង់សងត្រឡប់របស់អតិថិជនដែលធ្វើការលើវិស័យទេសចរណ៍ ការចេញមុខជួយនាពេលនេះ គឺជាយន្តការដោះស្រាយដ៏មានប្រសិទ្ធិភាព។

កន្លងមកអាជីវកម្មក្នុងវិស័យទេសចរណ៍ស្ទើទាំងស្រុង ពិសេសក្នុងខេត្តសៀមរាបត្រូវបានបិទទ្វារ និងដួលរលំ បន្ទាប់ពីគ្មានភ្ញៀវទេសចរដើរលេងកម្សាន្ត។ អ្នកជំនាញលើកឡើងថា ប្រតិបត្តិករក្នុងវិស័យទេសចរណ៍ភាគច្រើនបានក្ស័យធន់ ខណៈអ្នកខ្លះបន្តជាប់បំណុលជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ ដែលទាមទារឱ្យស្ថាប័នហិរញ្ញវត្ថុរៀបចំឥណទានឡើងវិញ។

សូមរំឭកជូនថា កាលពីអំឡុងខែកក្តដា ឆ្នាំ២០២២ គម្រោងសហហិរញ្ញប្បទាន១៥០លានដុល្លារសម្រាប់ស្តារនិងជំរុញវិស័យទេសចរណ៍ត្រូវបានដាក់ចេញឱ្យប្រតិបត្តិករក្នុងវិស័យទេសចរណ៍ស្នើសុំ។ គម្រោងសហហិរញ្ញប្បទានស្តារវិស័យទេសចរណ៍នាពេលនេះផ្តល់គំនិតដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្នុងទំហំទឹកប្រាក់១៥០លានដុល្លារ គឺថវិកាបដិភាគរបស់រដ្ឋាភិបាលតាមរយៈធនាគារសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាមានចំនួន៧៥លានដុល្លារ និងថវិកាបដិភាគចំនួន៧៥លានដុល្លារផ្សេងទៀតបានមកពីគ្រឹះស្ថានហិរញ្ញវត្ថុចំនួន១៩។

ដោយឡែកគិតត្រឹមដើមខែកក្តដា ឆ្នាំ២០២៣ របាយការណ៍របស់ធនាគារសហគ្រាសធុនតូច និងមធ្យមបានបង្ហាញឱ្យឃើញថា ធនាគារSME Bank បានអនុម័តប្រាក់កម្ចីដល់អាជីវកម្មក្នុងទេសចរណ៍ចំនួន៣៤៨ដែលមានទំហំទឹកប្រាក់៥៣.៨១លានដុល្លារអាមេរិក។ ក្នុងនោះ ហិរញ្ញប្បទានសម្រាប់អាជីវកម្មសណ្ឋាគារមាន២៩% អាជីវកម្មផ្ទះសំណាក់មាន២៥% អាជីវកម្មភោជនីយដ្ឋានមាន៣១% និងអាជីវកម្មគាំទ្រវិស័យទេសចរណ៍មាន១៥% ខណៈសហគ្រិនជាស្ត្រីមាន៤១%៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ