អានតួអត្ថបទ
កម្ពុជា-សិទ្ធិមនុស្ស

សមាជិកព្រឹទ្ធសភាអាមេរិកស្នើរដ្ឋមន្ត្រីការបរទេសអាមេរិកអន្តរាគមន៍ដោះលែងអ្នកទោសនយោបាយនៅកម្ពុជា

សមាជិកព្រឹទ្ធសភា១៨រូបមកពីរដ្ឋម៉ាសាជូសេដ ជំរុញឱ្យរដ្ឋមន្ត្រីការបរទេសអាមេរិកអន្តរាគមន៍ជាមួយរដ្ឋាភិបាលកម្ពុជាដើម្បីដោះលែងកញ្ញា សេង ធារី រួមនឹងអ្នកទោសនយោបាយផ្សេងទៀតនៅកម្ពុជា។ នេះបើតាមលិខិតចំនួន៥សន្លឹកផ្ញើចេញពីការិយាល័យលោក Edward J.Markey ទៅកាន់លោក អង់តូនី ប្លីនកិនរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក។ ក្នុងនោះ  សមាជិកព្រឹទ្ធសភាអាមេរិកខាងលើ​រំពឹងថា កិច្ចអន្តរាគមន៍ដោះលែងកញ្ញា​ សេង ធារី និងអ្នកទោសនយោបាយផ្សេងទៀត នឹងអាចទទួលបានផ្កែផ្កាក្នុងអាណត្តិរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។

កញ្ញា សេង ធារី តែងខ្លួនឈរពីមុខតុលាការរាជធានីភ្នំពេញ
កញ្ញា សេង ធារី តែងខ្លួនឈរពីមុខតុលាការរាជធានីភ្នំពេញ AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

ក្នុងលិខិតផ្ញើទៅកាន់ក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីថ្ងៃទី១៣ ខែធ្នូ សមាជិកព្រឹទ្ធសភាអាមេរិកបានលើកឡើងថា ការចាប់ខ្លួនកញ្ញា សេងធារី និងអ្នកទោសនយោបាយជិត៦០នាក់ផ្សេងទៀតពីសំណាក់អាជ្ញាធរកម្ពុជា គឺជាក្តីកង្វល់ដែលក្រសួងការបរទេសអាមេរិកត្រូវជជែកជាមួយរដ្ឋាភិបាលកម្ពុជាបន្តទៀត។

លិខិតដដែលបន្តថា ការកាត់ទោសមកលើកញ្ញា សេង ធារី ដោយសម្រេចឱ្យជាប់ពន្ធនាគាររយៈពេល៦ឆ្នាំ និងការកាត់ទោសទៅលើសកម្មជននយោបាយផ្សេងទៀតក្រោមបទចោទរួមគំនិតក្បត់ និងញុះញង់ បានបង្ហាញពីភាពអយុត្តិធម៌ និងភាពមិនឯករាជ្យរបស់តុលាការកម្ពុជា។  ហើយសមាជិកព្រឹទ្ធសភាអាមេរិកចាត់ទុកការឃុំខ្លួនអ្នកទាំងនេះ ធ្វើឡើងតាមទំនើងចិត្ត មានលក្ខណៈនយោបាយ និងបំពានច្បាប់អន្តរជាតិ។ ក្នុងន័យនេះ សមាជិកព្រឹទ្ធសភាអាមេរិកទាមទារឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងកញ្ញា សេង ធារី និងអ្នកទោសនយោបាយដទៃទៀតជាបន្ទាន់ និងឥតលក្ខខណ្ឌ។

ពាក់ព័ន្ធនឹងរឿងនេះ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ មិនជំទាស់ការស្នើឱ្យដោះលែងអ្នកនយោបាយជាប់ទោសណាមួយឡើយ។ ប៉ុន្តែលោកថា កម្ពុជាជារដ្ឋឯករាជ្យ មានរដ្ឋធម្មនុញ្ញ និងច្បាប់ជាតិ ដែលរដ្ឋាភិបាលគ្មានសិទ្ធិដោះលែងអ្នកទោសស្ថិតក្រោមដំណើរការនីតិវិធីច្បាប់របស់តុលាការ។

បើតាមអ្នកនាំពាក្យខាងលើ អ្នកជាប់ទោសអាចការពារក្តីបានតាមរយៈការបង្ហាញនូវភស្តុតាង និងសក្ខីកម្មឱ្យបានត្រឹមត្រូវហើយស្របតាមច្បាប់ដែលមានចែង។ សម្រាប់លោក ជិន ម៉ាលីន កម្ពុជាមិនយកឯករាជ្យជាតិ និងអធិបតេយ្យភាពទៅប្តូរជំនួយ ឬទណ្ឌកម្មបរទេសដើម្បីដោះលែងអ្នកនយោបាយដែលមានទោសឡើយ។

សូមជម្រាបថា កាលពីខែកក្ដដាកន្លងទៅ លោក Edward J.Markey សមាជិកព្រឹទ្ធសភាអាមេរិកមកពីគណបក្សប្រជាធិបតេយ្យធ្លាប់ស្នើសេចក្តីព្រាងច្បាប់មួយដោយជំរុញឱ្យរដ្ឋាភិបាលលោកហ៊ុន ម៉ាណែតទទួលខុសត្រូវចំពោះសកម្មភាពរំលោភសិទ្ធិមនុស្ស និងបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។  សមាជិកព្រឹទ្ធសភារូបនេះ ក៏ស្នើឱ្យដាក់ទណ្ឌកម្មលើមន្ត្រីរបស់រដ្ឋាភិបាលកម្ពុជា ដោយធ្វើការបង្កកទ្រព្យសម្បត្តិដែលពួកគេមាននៅសហរដ្ឋអាមេរិក និងហាមឃាត់ទិដ្ឋាការមិនឱ្យចូលសហរដ្ឋអាមេរិកជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ