អានតួអត្ថបទ

IAEA៖កម្ពុជាគួរបង្កើតច្បាប់នុយក្លេអ៊ែរជាតិ ដើម្បីបង្ការបញ្ហាសន្តិសុខនុយក្លេអ៊ែរ

ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ(IAEA) បានផ្ដល់អនុសាសន៍ឲ្យកម្ពុជា បង្កើតច្បាប់នុយក្លេអ៊ែរជាតិនិងកែលម្អក្របខ័ណ្ឌច្បាប់ព្រមទាំងបទប្បញ្ញត្តិដែលកម្ពុជាមានស្រាប់។ ទន្ទឹមនឹងនេះ ​IAEA ក៏បានលើកទឹកចិត្តឲ្យកម្ពុជាពង្រឹងហេដ្ឋារចនាសម្ព័ន្ធ គាំទ្រដល់ការរាវរកនិងឆ្លើយតបនឹងសកម្មភាពឬសម្ភារៈវាយប្រហារផ្នែកសន្តិសុខនុយក្លេអ៊ែរផងដែរ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់IAEA ចេញផ្សាយនៅថ្ងៃទី២២ខែធ្នូម្សិលមិញនេះ។

ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ រវាងរដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពលកម្ពុជា ជាមួយប្រតិភូទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ​ (IAEA) ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣
ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ រវាងរដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពលកម្ពុជា ជាមួយប្រតិភូទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ​ (IAEA) ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ © FB/ក្រសួងរ៉ែនិងថាមពល
ផ្សាយពាណិជ្ជកម្ម

អនុសាសន៍ទាំងនេះ ធ្វើឡើងក្រោយក្រុមសេវាកម្មផ្តល់ប្រឹក្សាយោបល់លើសន្តិសុខនុយក្លេអ៊ែរអន្តរជាតិ INSServរបស់IAEA បញ្ចប់ការវាយតម្លៃសិក្សារយៈពេល១១ថ្ងៃក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១១ខែធ្នូដល់នៅថ្ងៃទី២២ខែធ្នូម្សិលមិញនេះ។ តាមសេចក្ដីប្រកាសព័ត៌មាននេះ IAEA ក៏បានអះអាងពីការត្រៀមខ្លួនរួចរាល់ដែរ ក្នុងការផ្ដល់ការគាំទ្រនានាដល់កម្ពុជា ខណៈដែលកម្ពុជាអនុវត្តតាមអនុសាសន៍ផ្ដល់ដោយខ្លួនទាំងនេះ។

គួរបញ្ជាក់ថា ក្រុមសេវាកម្មផ្តល់ប្រឹក្សាយោបល់លើសន្តិសុខនុយក្លេអ៊ែរអន្តរជាតិ INSServរបស់IAEA នេះមានសមាជិកសរុប៩នាក់ ដែលជាអ្នកជំនាញមកពីហ្វាំងឡង់ ហុងហ្ការី ជប៉ុន ម៉ារុក ប៉ាគីស្ថាន អាមេរិក និងវៀតណាមជាដើម។

អំឡុងបេសកកម្មនៅកម្ពុជា ក្រុមការងារនេះ បានជួបពិភាក្សាជាបន្តបន្ទាប់ជាមួយភាគីពាក់ព័ន្ធរបស់កម្ពុជា ដែលរួមមានមន្រ្តីពីក្រសួងរ៉ែនិងថាមពល អគ្គនាយកដ្ឋានគយនិងរដ្ឋាករ គណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម ព្រមទាំងអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម។ ក្រៅពីនេះ ក្រុមការងារទាំងនេះ ក៏បានចុះធ្វើទស្សនកិច្ចនៅកំពង់ផែស្វយ័តក្រុងភ្នំពេញ កំពង់ផែស្វយ័តក្រុងព្រះសីហនុ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងវិទ្យាស្ថានស្រាវជ្រាវនិងពិសោធន៍សារធាតុគីមីក្នុងខេត្តកំពង់ឆ្នាំងផងដែរ។

លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មរបស់ក្រុមការងារINSServនេះ ដែលលោកមើលឃើញថា នឹងជួយដល់កម្ពុជាក្នុងការពង្រឹងរបបសន្តិសុខនុយក្លេអ៊ែររបស់ខ្លួន។ ក្នុងពេលជាមួយគ្នានេះ លោកបន្ថែមដែរថា បញ្ហាសន្តិសុខនុយក្លេអ៊ែរនេះ គឺបញ្ហាដ៏ស្មុគស្មាញមួយ ដែលមិនមានប្រទេសណាមួយអាចដោះស្រាយបញ្ហានេះតែឯងនោះឡើយ។

គួរបញ្ជាក់ថា នេះជាបេសកកម្មលើកទី២ហើយរបស់ក្រុមការងារINSServនេះ ក្នុងប្រទេសកម្ពុជា​ ដែលធ្វើឡើងក្នុងគោលបំណងជួយដល់កម្ពុជាក្នុងការទប់ស្កាត់ រាវរក និងឆ្លើយតបកាន់តែប្រសើរឡើងចំពោះអំពើឧក្រិដ្ឋកម្ម និងទង្វើគ្មានការអនុញ្ញាតនានាដែលពាក់ព័ន្ធនឹងនុយក្លេអ៊ែរឬសារធាតុវិទ្យុសកម្មជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ