អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

ពលរដ្ឋខ្មែរម្នាក់អាចរកចំណូលបានលើស២ពាន់ដុល្លារក្នុងឆ្នាំ ២០២៤

ប្រាក់ចំណូលរបស់ពលរដ្ឋខ្មែរក្នុងឆ្នាំ២០២៤នេះត្រូវប៉ាន់ស្មានថា នឹងកើនជាង២ពាន់ដុល្លារក្នុងម្នាក់។  នេះបើផ្អែកតាមសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កំណើននេះកើនជាង​៨% បើធៀបនឹងឆ្នាំ២០២៣។ ចំណែកកំណើនសេដ្ឋកិច្ចត្រូវបានក្រសួងព្យាករណ៍មានអត្រា ៦.៦% ក្នុងឆ្នាំ ២០២៤។

ពលរដ្ឋឈប់ស្តុបពេទ្យចិន (រូបតំណាង)
ពលរដ្ឋឈប់ស្តុបពេទ្យចិន (រូបតំណាង) AFP - TANG CHHIN SOTHY
ផ្សាយពាណិជ្ជកម្ម

តាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពលរដ្ឋម្នាក់អាចរកចំណូលបាន២​០៧១ដុល្លារ​ ពោលកើនឡើង៨% បើធៀបនឹងឆ្នាំ២០២៣ដែលមាន១​ ៩១៧ដុល្លារ និងមាន ១​ ៧៨៤ដុល្លារកាលពីឆ្នាំ២០២២។

សម្រាប់ផលិតផលក្នុងស្រុកសរុបឆ្នាំ២០២៤​វិញ​ត្រូវបានរំពឹងទុកថា នឹងអាចកើនក្នុងទំហំប្រមាណ៣៤.៩៣ពាន់លានដុល្លារ ខណៈរដ្ឋាភិបាលបានបញ្ជាក់ថា ខ្លួននឹងត្រៀមកញ្ចប់ថវិកាសម្រាប់ចាយក្នុងឆ្នាំ២០២៤ចំនួនជាង៩ពាន់លានដុល្លារ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជាចាត់ទុកការព្យាករណ៍កំណើនប្រាក់ចំណូលពលរដ្ឋខ្មែរក្នុងឆ្នាំនេះថា មិនសូវកើនខ្លាំងប៉ុន្មានឡើយ។ សម្រាប់លោកបណ្ឌិត គី សេរីវឌ្ឍន៍ការកើនឡើងបន្តិចបន្តួចនៃចំណូលរបស់ពលរដ្ឋខ្មែរ  គឺផ្អែកទៅលើកំណើនវិនិយោគច្រើនកាលពីឆ្នាំ២០២៣កន្លងទៅ។

បើតាមអ្នកជំនាញសេដ្ឋកិច្ចរូបនេះដដែល ចំណូលជាង២ពាន់ដុល្លារក្នុងឆ្នាំ២០២៤របស់ពលរដ្ឋម្នាក់ៗ មិនទាន់សមាមាត្រនឹងតម្រូវការចាយវាយប្រចាំថ្ងៃរបស់ពលរដ្ឋឡើយ ព្រោះតម្រូវការពលរដ្ឋមានកម្រិតខ្ពស់ ឯប្រាក់ចំណូលមានកម្រិតទាប។ តែលោកបណ្ឌិតថា ពលរដ្ឋខ្លះអាចនឹងមានប្រាក់ចំណូលលើសពី២ពាន់ដុល្លារ។

ពាក់ព័ន្ធនឹងប្រាក់ចំណូលរបស់ពលរដ្ឋនេះដែរ គោលនយោបាយដែលបានដាក់ចេញដោយរដ្ឋាភិបាលទាំងអាណត្តិចាស់ និងអាណត្តិថ្មី គឺបន្តរក្សាជំហរប្រែក្លាយជីវភាពរបស់ពលរដ្ឋឱ្យមានភាពធូរធារ ឆ្ពោះទៅសម្រេចឱ្យបាននូវចក្ខុវិស័យឆ្នាំ២០៣០ដែលជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ