អានតួអត្ថបទ

គ្រឿងញៀន​៖តុលាការ​ខេត្ត​ព្រះសីហនុ​ដាក់ទោស​ចិន​៦​នាក់ ​និង​ខ្មែរ​១​នាក់​ឲ្យ​ជាប់គុក​ម្នាក់​ៗ​២០​ឆ្នាំ

ជនជាតិ​ចិន​៦​នាក់ និង​ខ្មែរ​១​នាក់​ ត្រូវបាន​តុលាការ​ខេត្ត​ព្រះសីហនុ​ផ្តន្ទាទោស​កាលពី​ថ្ងៃទី​៣១ ​ខែ​មករា ឆ្នាំ​២០២៤ ដាក់​ពន្ធនាគារ​ម្នាក់​ៗ​ចំនួន ​២០ឆ្នាំ ​និង​ពិន័យ​ជាប្រាក់​ម្នាក់​ៗ​ ៤០​លានរៀល​(១​ម៉ឺនដុល្លារ)​ពីបទ​ជួញដូរ​គ្រឿងញៀន​ជិត​១តោន ​និង​សម្អាតប្រាក់​។ ការផ្តន្ទាទោស​នេះ ​គឺយោង​ទៅលើ​ច្បាប់​ស្តីពី​ការត្រួត​ពិនិត្យ​គ្រឿងញៀន ​និង​ច្បាប់ស្តីពី​ការ​ប្រឆាំង​ការ​សម្អាតប្រាក់ ​និង​ហិរញ្ញប្បទាន​ភេរវកម្ម​។

គ្រឿងញៀន ដែលរឹបអូសបានពីឧក្រិដ្ឋជននៅខេត្តព្រះសីហនុកន្លងទៅ
គ្រឿងញៀន ដែលរឹបអូសបានពីឧក្រិដ្ឋជននៅខេត្តព្រះសីហនុកន្លងទៅ © FB
ផ្សាយពាណិជ្ជកម្ម

បុរស​ជនជាតិចិន​ដីគោក ៦​នាក់ ដែលមាន​អាយុចាប់ពី​ជាង៣០ឆ្នាំ ​ដល់ជាង៥០​ឆ្នាំ រួមនឹង​បុរស​ជនជាតិខ្មែរ​ម្នាក់ ត្រូវសាលាដំបូង​ខេត្ត​ព្រះសីហនុ​ប្រកាសផ្តន្ទាទោស​ឲ្យជាប់ពន្ធនាគារ​ម្នាក់ៗ ​២០ឆ្នាំ និង​ត្រូវពិន័យ​ជាប្រាក់ម្នាក់ៗ​ ៤០លានរៀល។ ​ពួកគេបានជាប់ចោទ​ពីបទ​បានរក្សាទុក និង​ដឹកជញ្ជូន​សារធាតុញៀន​ដោយខុសច្បាប់ ​និង​បទលាង​សម្អាតប្រាក់​។ នេះបើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សាលា​ដំបូងខេត្ត​ព្រះសីហនុ​។

សូម​បញ្ជាក់ថា​តុលាការបានបើក​សវនាការកាលពី​ថ្ងៃទី០៩ ​ខែ​មករា ឆ្នាំ​២០២៤ ​ក្រោយសមត្ថកិច្ច​ខេត្តព្រះសីហនុ​បង្ក្រាបបាន​ករណីនេះ​កាលពី​ឆ្នាំ​២០២១ ​ដោយរឹបអូស​បាន​សារធាតុញៀន​ប្រភេទ​កេតាមីន​ចំនួនជាង ​៨៧០​គីឡូក្រាម ​និង​ពាក់ព័ន្ធ​ការប្រព្រឹត្ត​បទល្មើស​សម្អាតប្រាក់​ផងដែរ​។

តុលាការ​ក៏បាន​សម្រេច​រឹបអូស​វត្ថុតាង​រួមមាន​កប៉ាល់១​គ្រឿង អូប័រ​៥គ្រឿង ​ទូក ​រថយន្ត ​ម៉ូតូ ​និង​ប្រាក់ជាង ​៩៥ ០០០​ដុល្លារ និង​បំផ្លាញ​គ្រឿងញៀន​ទាំងអស់​ដែល​រឹបអូស​បាន​។ ដោយឡែក ​ជនជាប់ចោទ​ជាជនជាតិ​ចិន​ទាំង៦​នាក់ នឹងត្រូវ​បណ្តេញចេញ​ពីប្រទេស​កម្ពុជាបន្ទាប់ពី​អនុវត្ត​ទោសចប់​។

លោក ​យង់ គិមអេង ​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ ​និង​សន្តិភាព​មើលឃើញថា​ការដាក់ទោស​របស់តុលាការ​កម្ពុជាទៅលើ​ឧក្រិដ្ឋជន​គ្រឿងញៀននេះ ​មិនទាន់ធ្ងន់ធ្ងរ​នៅឡើយទេ ​បើប្រៀបធៀប​ទៅនឹង​ប្រទេសជិតខាង ​ដែលបទល្មើល​កំរិតដូចគ្នានេះ​អាចជាប់ទោស​អស់មួយជីវិត ​ឬ​ប្រហារជីវិត​។ ទោះយ៉ាងណា​លោកថា ​ការដាក់ទោស​២០​ឆ្នាំ ក៏ជាការ​ប្រសើរដែរ ​ជាជាង​ការបណ្តោយឲ្យ​ជនល្មើស​រួចទោស ឬនៅ​ក្រៅសំណាញ់ច្បាប់​។

សូមបញ្ជាក់ថា​រយៈពេលជាង​៥ខែ នៃ​ការចេញដំណើរ​របស់រដ្ឋាភិបាល​ថ្មី​ដែលដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត​ គេនៅមិនទាន់​មានតួលេខ​ជាក់លាក់ស្តីពី​ការប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នៅឡើយ​។ ​តែគេបាន​កត់សម្គាល់​ថា ​ចរាចរណ៍​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​ចាប់ពី​កំរិត​ច្រើនជាង​១​តោន​ក្នុង​១​ករណីហាក់​បានកើតឡើង​បន្តបន្ទាប់​នារយៈពេល​ចុងក្រោយនេះ​។

យោងតាម​របាយការណ៍​របស់សមត្ថកិច្ច​គ្រឿងញៀន ​សារធាតុញៀន​គ្រប់ប្រភេទ​ជាង ​២៧តោន ​និង​សារធាតុ​គីមី​ផ្សំ​ប្រមាណ ​៥២០តោន ​ត្រូវបាន​រឹបអូស​ចាប់តាំង​ពីឆ្នាំ​២០១៧ ​រហូតដល់ ​ឆ្នាំ​២០២៣​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ