អានតួអត្ថបទ

តុលាការឧក្រិដ្ឋកម្មចិនកំពុងស៊ើបអង្កេតឧកញ៉ាខ្មែរដើមកំណើតចិន លោក ចេន ហ្ស៊ី?

កំណត់ហេតុរបស់តុលាការចិនដែលវិទ្យុអាស៊ីសេរីដកស្រង់ក្នុងព័ត៌មានស៊ើបអង្កេតចុះផ្សាយថ្ងៃទី៦ កុម្ភៈ បានឲ្យដឹងថា តុលាការឧក្រិដ្ឋកម្មចិនកំពុងស៊ើបអង្កេតឧកញ៉ាខ្មែរដើមកំណើតចិន លោក ចេន ហ្ស៊ី ដែលជាម្ចាស់សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ជុំវិញឧក្រិដ្ឋកម្មល្បែងអនឡាញ និងការលាងលុយកខ្វក់ខ្នាតយក្ស។ តំណាងសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ បានបដិសេធលើការចោទប្រកាន់ និងបកស្រាយថា ការចោទប្រកាន់របស់តុលាការចិនកើតឡើង ដោយសារការក្លែងបន្លំអត្តសញ្ញាណរបស់ឧក្រិដ្ឋជនមិនស្គាល់មុខ ពោលមិនមែនជាការប្រព្រឹត្តិរបស់លោក ចេន ហ្ស៊ី ទេ។ 

តុលាការឧក្រិដ្ឋកម្មចិនកំពុងស៊ើបអង្កេតឧកញ៉ាខ្មែរដើមកំណើតចិន លោក ចេន ហ្ស៊ី?
តុលាការឧក្រិដ្ឋកម្មចិនកំពុងស៊ើបអង្កេតឧកញ៉ាខ្មែរដើមកំណើតចិន លោក ចេន ហ្ស៊ី? © Prince Group
ផ្សាយពាណិជ្ជកម្ម

មានដើមកំណើតជាជនជាតិចិន លោក ចេន ហ្ស៊ី ដែលគេស្គាល់ជាម្ចាស់សម្ព័ន្ធក្រុមហ៊ុនព្រីនស៍ គ្រុប កំពុងរកស៊ីខាងវិស័យអចលនទ្រព្យ ផ្សារទំនើប ធនាគារ និងវិស័យជាច្រើនទៀតនៅកម្ពុជាតាំងពីឆ្នាំ២០១៥។ លោកកំពុងត្រូវបានតុលាការឧក្រិដ្ឋកម្មចិនស៊ើបអង្កេតក្នុងបទសង្ស័យពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មអនឡាញ និងការលាងលុយកខ្វក់ដ៏សម្បើម។ នេះបើតាមកំណត់ហេតុរបស់តុលាការចិនដែលវិទ្យុអាស៊ីសេរីដកស្រង់ក្នុងព័ត៌មានស៊ើបអង្កេតចុះផ្សាយនៅថ្ងៃទី៦កុម្ភៈឆ្នាំ២០២៤។

តាមកំណត់ហេតុដដែល សាលក្រមរបស់តុលាការចិនដែលចុះកាលបរិច្ចេទពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២ បានហៅសម្ព័ន្ធក្រុមហ៊ុនរបស់លោក ចេន ហ្ស៊ី ជាក្រុមឧក្រិដ្ឋជនល្បែងអនឡាញឆ្លងដែនដ៏អាក្រក់ដោយរកបានចំណូលមិនស្របច្បាប់យ៉ាងហោចណាស់ ៧០០លានដុល្លារ។ ចាប់តាំងពីពេលនោះមក តុលាការថ្នាក់ខេត្តចិនផ្សេងៗគ្នាបានចេញសាលក្រមចំនួន៧ដើម្បីផ្តន្ទាទោសបុគ្គលិកថ្នាក់ក្រោមរបស់សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុបពីបទបើកបនល្បែនស៊ីសង និងលាងលុយកខ្វក់។ តែរូបលោក ចេន ហ្ស៊ី និងសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប កំពុងស្ថិតក្នុងដំណើរការតាមដាននៅឡើយ។

សម្ព័ន្ធក្រុមហ៊ុនព្រីនស៍ គ្រុប តាមរយៈអ្នកនាំពាក្យ ហ្គាប្រ៊ីយែល តាន់ (Gabriel Tan) បានបដិសេធក្នុងការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី ដោយ​អះអាងថា ព្រីនស៍ មិនពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មល្បែងអនឡាញ និងការលាងលុយកខ្វក់ដូចការចោទទេ។ ទោះជាយ៉ាងណា វិទ្យុអាស៊ីសេរីបានដាក់សេចក្តីសន្និដ្ឋានថា សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប និងលោក ចេន ហ្ស៊ី ទំនងមិនត្រូវបានតុលាការចិនផ្តន្ទាទោសនៅឡើយ ព្រោះមហាសេដ្ឋីចិនចូលសញ្ជាតិកម្ពុជារូបនេះមានទំនាក់ទំនងជ្រាលជ្រៅជាមួយមន្ត្រីមានអំណាចនៅកម្ពុជាដែលអាចការពារលោកចេញពីសំណាញ់ច្បាប់របស់ចិន។

គួររម្លឹកថា មានគោរមងារជាអ្នកឧកញ៉ា លោក ចេន ហ្ស៊ី បានចូលសញ្ជាតិខ្មែរនៅក្នុងឆ្នាំ២០១៤ និងមានតំណែងជាមន្ត្រីជាន់ខ្ពស់នៅតាមស្ថាប័នធំៗជាបន្តបន្ទាប់។ ក្នុងឆ្នាំ២០១៩ លោក ចេន ហ្ស៊ី ក្លាយជាទីប្រឹក្សានៅក្នុងក្រសួងមហាផ្ទៃ ឋានៈស្មើរដ្ឋលេខាធិការ។ ឆ្នាំ២០២០ លោកក្លាយជាទីប្រឹក្សារបស់អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន និងបន្តជាទីប្រឹក្សារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឋានៈស្មើរដ្ឋមន្ត្រី។

តាមរយៈវិទ្យុបារាំងនៅថ្ងៃទី៧ កុម្ភៈនេះ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បញ្ជាក់ថា ក្រសួងយុត្តិធម៌នៅពុំទាន់ទទួលបានសំណើពីតុលាការចិនជុំវិញសំណុំរឿងនេះនៅឡើយទេ។ តែលោក ជិន ម៉ាលីនមិនភ្លេចបញ្ជាក់ថា កម្ពុជានឹងផ្តល់កិច្ចសហការជាមួយចិនតាមគោលការណ៍ច្បាប់ ប្រសិនបើមានសំណើកិច្ចសហប្រតិបត្តិការផ្លូវការពីរដ្ឋាភិបាលចិនឲ្យចូលរួមស៊ើបអង្កេតលើសំណុំរឿងនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ