អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោកហ៊ុន ម៉ាណែតអរគុណថៃដែលមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា

នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែតអរគុណដល់រដ្ឋាភិបាលថៃដែលមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃរបស់កម្ពុជាតាមរយៈការមិនអនុញ្ញាតឱ្យក្រុមប្រឆាំងយកទឹកដីថៃជាកន្លែងជ្រកកោន ឬធ្វើសកម្មភាពប្រឆាំងរដ្ឋាភិបាលកម្ពុជា។ ការលើកឡើងបែបនេះរបស់លោក ហ៊ុន ម៉ាណែតធ្វើឡើងនៅក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថៈវីស៊ីននៅព្រឹកថ្ងៃទី ០៧ កុម្ភៈ ។ 

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកនាយករដ្ឋមន្ត្រីថៃ សេដ្ឋាថៈវីស៊ីន
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកនាយករដ្ឋមន្ត្រីថៃ សេដ្ឋាថៈវីស៊ីន © Srettha Thavisin
ផ្សាយពាណិជ្ជកម្ម

នៅក្នុងសន្នីសីទសារព័ត៌មាននាព្រឹកថ្ងៃពុធ ទី៧ កុម្ភៈនេះ លោក ហ៊ុន ម៉ាណែតអះអាងថា ការគាំទ្ររបស់រដ្ឋាភិបាលថៃកន្លងមកដោយមិនអនុញ្ញាតឱ្យក្រុមប្រឆាំងប្រើប្រាស់ទឹកដីថៃដើម្បីប្រឆាំងរដ្ឋាភិបាលកម្ពុជា គឺជាការមិនជ្រៀតជ្រែកចូលកិច្ចផ្ទៃក្នុងរបស់កម្ពុជា។ តាមលោក ហ៊ុន ម៉ាណែត កិច្ចសហប្រតិបត្តិការនេះជាការគោពគ្នាទៅវិញទៅមក និងផ្តល់អត្ថប្រយោជន៍ដល់ប្រទេសទាំងពីរ។

ជាការឆ្លើយតបភ្លាមៗ លោក សេដ្ឋា ថៈវីស៊ីនបង្ហាញការប្តេជ្ញាចិត្តនៅចំពោះមុខលោក ហ៊ុន ម៉ាណែត និងបញ្ជាក់បន្ថែមថា ប្រទេសថៃនឹងមិនអនុញ្ញាតឱ្យជនណាមួយប្រព្រឹត្តិសកម្មភាពបង្កគ្រោះថ្នាក់ប្រឆាំងនឹងប្រទេសជិតខាងរបស់ខ្លួនឡើយ។ តាមលោក សេដ្ឋា ថៈវីស៊ីន ប្រទេសថៃនឹងអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងបំផុត។ 

ការអរគុណរបស់កម្ពុជាទៅកាន់ភាគីថៃពេលនេះធ្វើឡើង បន្ទាប់ពីសកម្មជនខ្មែរ៣នាក់រស់នៅក្នុងប្រទេសថៃត្រូវបានអាជ្ញាធរថៃចាប់ខ្លួនកាលពីថ្ងៃទី០៣ កុម្ភៈដោយមិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់ទេ។ សកម្មជនខ្មែរទាំង ៣នាក់ត្រូវបានសមត្ថកិច្ចថៃបញ្ចូនទៅដាក់នៅផ្នែកអន្តោប្រវេស៍ក្នុងប្រទេសថៃ។ 

ក្រោយការចាប់ខ្លួនសកម្មជនខ្មែរ៣នាក់ លោក ហ្វីល រ៉ូបឺតសុន នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិជំរុញឱ្យរដ្ឋាភិបាលថៃបញ្ឈប់ការបញ្ចូនជនភៀសខ្លួនកម្ពុជាទៅឱ្យអាជ្ញាធរកម្ពុជាបន្តទៀត និងថា ថៃមិនគួរសហការជាមួយកម្ពុជាជុំវិញបញ្ហាទាំងនេះឡើយ។ 

គួរកត់សម្គាល់ថា ប្រទេសថៃធ្លាប់ជាកន្លែងដែលសកម្មជននយោបាយ និងសកម្មជនបក្សប្រឆាំងរបស់កម្ពុជារត់ទៅជ្រកកោន ឬយកជាទីតាំងសង្ងំខ្លួនគេចចេញពីការធ្វើទុកបុកម្នេញរបស់អាជ្ញាធរកម្ពុជា។ តែជារឿយៗ ពួកគេត្រូវបានរដ្ឋាភិបាលថៃចាប់ខ្លួន និងបញ្ចូនឱ្យរដ្ឋាភិបាលកម្ពុជាវិញតបតាមការស្នើសុំរបស់កម្ពុជា។  

សូមរម្លឹកជូនថា កន្លងមក រដ្ឋាភិបាលនៃប្រទេសទាំងពីរធ្លាប់មានបត្យាប័នដោះដូរអ្នកទោសទៅវិញទៅមក។ តែក្រោយមក កម្ពុជា និងថៃបានឯកភាពគ្នាលុបចោលការធ្វើបត្យាប័នរបៀបនេះ និងព្រមព្រៀងថា រាល់ការដោះដូរអ្នកទោស ឬហៅពិរុទ្ធជននឹងត្រូវធ្វើឡើងដោយស្ម័គ្រចិត្ត។ 

ការលុបចោលបត្យាប័នកាលណោះត្រូវបានអ្នកនយោបាយ និងអង្គការសង្គមស៊ីវិលក្នុងស្រុកព្រួយបារម្ភថា ជារូបភាពគៀបសង្កត់ និងបិទផ្លូវសកម្មជននយោបាយដែលរត់ភៀសខ្លួនទៅប្រទេសថៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ