អានតួអត្ថបទ
កម្ពុជា-នយោបាយ

សវនាការទី២នៅឧទ្ធរណ៍៖តុលាការសួរនាំលោកកឹម សុខាពីប្រវត្តិការងារ និងនយោបាយ

នៅ ថ្ងៃព្រហស្បតិ៍ ទី៨ កុម្ភៈ សាលាឧទ្ធរណ៍បាន បើកសវនាការលើកទី២របស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិ។ នៅ ក្នុង សវនាការ លើក ទី២នេះ ភាគីតុលាការបានសួរលោក កឹម សុខាអំពីជីវប្រវត្តិការងារ និងការធ្វើសកម្មភាពនយោបាយ។

ប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ថ្លែងទៅកាន់អ្នកសារព័ត៌មាន មុនពេលធ្វើដំណើរទៅកាន់តុលាការក្នុងគេហដ្ឋានរបស់លោកក្នុងរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃពុធ ទី១៩ ខែមករា ឆ្នាំ២០២២។
ប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ថ្លែងទៅកាន់អ្នកសារព័ត៌មាន មុនពេលធ្វើដំណើរទៅកាន់តុលាការក្នុងគេហដ្ឋានរបស់លោកក្នុងរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃពុធ ទី១៩ ខែមករា ឆ្នាំ២០២២។ AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

តាមការអះអាងរបស់ក្រុមជំនិតលោក កឹម សុខា សវនាការលើកទី២នៅសាលាឧទ្ធរណ៍របស់ប្រធានអតីតគណបក្សសង្រ្គោះជាតិត្រូវបានក្រុមប្រឹក្សាជំនុំជម្រះកំណត់នីតិវិធីសួរនាំជាពីរវគ្គ។ វគ្គទី១ ជា ការ សួរនាំអំពីជីវប្រវត្តិការងារក្នុងការបង្កើតមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជារបស់ លោក កឹម សុខា។ ចំណែក វគ្គទី២ដែល ជា ការ សួរនាំលោក កឹម សុខាពីការរួបរួមជាមួយលោក សម រង្ស៊ី និងការចូលរួមបោះឆ្នោត របស់គណបក្សសង្រ្គោះជាតិក្នុង ឆ្នាំ២០១៣ និងឆ្នាំ២០១៧ត្រូវបានតុលាការលើកទៅសួរនៅថ្ងៃទី២២ កុម្ភៈខាងមុខវិញ។

សម្រាប់ភាគីមេធាវីលោក កឹម សុខា លោក អាង ឧត្តមបានអះអាងនៅក្រោយសវនាការលើកនេះថា ការសួរនាំពីបញ្ហាទាំងនេះធ្លាប់បានធ្វើចំនួន៦៦ដងហើយ តាំង ពីសវនាការនៅសាលាដំបូងមកម្ល៉េះ។ តាមលោក អាង ឧត្តម សាលាឧទ្ធរណ៍ មិនគួរសួរសំណួរដដែលៗទាក់ទងនឹងការចុះបង្រៀនរបស់លោក កឹម សុខាក្នុង ពេលដែលលោកធ្វើសកម្មភាពបង្រៀនពីបញ្ហាសិទ្ធិមនុស្សដល់ពលរដ្ឋនៅមូលដ្ឋានឡើយ។

ចំណែកក្រុមអ្នកគាំទ្រលោក កឹម សុខាវិញ យល់ថា មេដឹកនាំអតីតបក្សប្រឆាំងរូបនេះគួរទទួល បាន ការ ទម្លាក់ចោលបទចោទទាំងអស់ និង ទទួលបានសិទ្ធិសេរីភាពឡើងវិញតាមរយៈការសម្របសម្រួលនយោបាយ។ តាមលោក ម៉ៅ មុនីវណ្ណ អតីតតំណាងរាស្ត្រនៃអតីតបក្សសង្រ្គោះជាតិ ការដោះលែងលោក កឹម សុខាមានសារៈសំខាន់ដល់ដង្ហើមសេដ្ឋកិច្ចជាតិ ស្តារមុខមាត់រដ្ឋាភិបាលលើឆាកអន្តរជាតិ និងបង្ហាញពី ខ្មែរអាច ដោះស្រាយ រឿង នយោបាយរវាង ខ្មែរ បាន ដោយមិនពឹងបរទេស។

គួររម្លឹក ថាកាល ពីថ្ងៃទី៣ មីនា ឆ្នាំ ២០២៣ សាលាដំបូងរាជធានីភ្នំពេញបាន ផ្តន្ទាទោសលោក កឹម សុខា ឲ្យ ជាប់ ពន្ធនាគាររយៈពេល ២៧ឆ្នាំ ក្នុង បទឃុតឃិតជាមួយបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់លោក ហ៊ុន សែន។ ការផ្តន្ទាទោសកាលណោះ ត្រូវបានបស្ចិមលោក បញ្ចេញ ប្រតិកម្ម ព្រោងព្រាត។ សហរដ្ឋអាមេរិកចាត់ទុក ជាចេតនាបិទសិទ្ធិធ្វើនយោបាយរបស់លោក កឹម សុខា។ ចំណែក ប្រទេសលោកខាងលិច ផ្សេងទៀតទទូចឲ្យទម្លាក់ចោលការចោទប្រកាន់ និង ថា ការកាត់ទោសនេះគ្មានភស្តុតាងគ្រប់គ្រាន់។

បន្ទាប់ មក នៅថ្ងៃទី៣០ មករាថ្មី ២០២៤ សាលាឧទ្ធរណ៍ បានបើកសវនាការលើ សំណុំរឿងលោក កឹម សុខាតាម បណ្តឹងរបស់លោក។ សវនាការថ្ងៃទី៣០ មករា នេះ ត្រូវបាន  មេធាវីលោក កឹម សុខាអះអាងគ្មានលទ្ធផល សូម្បី តែសំណើរបស់លោក កឹមសុំឲ្យតុលាការបន្ធូរបន្ថយទោសក៏តុលាការមិនព្រមដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ