អានតួអត្ថបទ

បោះឆ្នោត​ព្រឹទ្ធសភា​៖​បក្ស​ប្រឆាំង​ជំរុញ​ក្រសួង​មហាផ្ទៃ​ដោះស្រាយ​សំណើ​ខ្លួន​ដើម្បី​ធានា​ការ​ស្មើភាព

មន្ត្រីជាន់ខ្ពស់​គណបក្ស​ភ្លើងទៀន​នៅ​ថ្ងៃ​ចន្ទ ​ទី​១២ ខែ​កុម្ភៈ​នេះ បាន​អះអាង​ពីការ​បន្ត​ទាមទារ​ឲ្យ​ក្រសួងមហាផ្ទៃ​ប្រញាប់​ផ្លាស់ប្តូរ​សមាសភាព​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​គណបក្ស​ភ្លើងទៀន ​ដែល​ត្រូវបាន​បញ្ចប់សមាជិកភាព ​និង​ទៅចូលរួម​ជាមួយ​គណបក្ស​ថ្មី​។ ​ការ​ទាមទារ​នេះ​ ត្រូវបាន​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ​ឆ្លើយតប​ថា ​ក្រសួង​នឹង​មាន​ដំណោះស្រាយ​ ប្រសិនបើ​លិខិត​ស្នើសុំ​របស់បក្ស​ប្រឆាំង​បានមក​ដល់​ដៃក្រសួង​មហាផ្ទៃ​។

សកម្មជនគណបក្សភ្លើងទៀននៅតាមមូលដ្ឋាន
សកម្មជនគណបក្សភ្លើងទៀននៅតាមមូលដ្ឋាន © CLP
ផ្សាយពាណិជ្ជកម្ម

ជាថ្មីម្តង​ទៀត ​លោក ​លី សុធារ៉ាយុត្តិ ​អគ្គលេខាធិការ​គណបក្ស​ភ្លើងទៀន ​បានប្រាប់​វិទ្យុ​បារាំង ​RFI ​ថា គណបក្ស​នៅតែ​ជំរុញឲ្យ​ក្រសួង​មហាផ្ទៃ​ប្រញាប់​ផ្លាស់ប្តូរ​សមាសភាព​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ថ្មី​តាមការ​ស្នើសុំផ្លូវការ​របស់​គណបក្ស​ដើម្បីធានា​នូវការ​បោះឆ្នោត​មួយ ​ប្រកបដោយ​ភាពត្រឹមត្រូវ​ សេរី ​និង​ស្មើភាព​គ្នា ហើយ​មិនប៉ះពាល់​ដល់​អង្គបោះឆ្នោត ​និង​លទ្ធផលនៃ​ការបោះឆ្នោត​អសកល​ខាងមុខ​។

ក៏ប៉ុន្តែ​លោក ខៀវ សុភ័ក ​អ្នកនាំពាក្យក្រសួង​មហាផ្ទៃបាន​បញ្ជាក់ថា​ក្រសួងមហាផ្ទៃ​មិនទាន់ទទួល​បានសំណើ​សុំផ្លាស់ប្តូរ​របស់គណបក្ស​ភ្លើងទៀនទេ។​ អ្នកនាំពាក្យ​រូបនេះ​ប្រាប់ឲ្យអ្នក​ស្នើសុំបញ្ជាក់​ឲ្យបានច្បាស់លាស់​ពីសំណើ​របស់ខ្លួន​ថាមូលហេតុអ្វី​បានជា​មានការ​រាំងស្ទះ​?

ជាមួយគ្នានេះ ​លោក ​គីមសួរ ភីរិទ្ធ ​បេក្ខជន​ឈរឈ្មោះ​គណបក្សឆន្ទៈខ្មែរ​សម្រាប់ការ​បោះឆ្នោត​ព្រឹទ្ធសភាឆ្នាំ​២០២៤ បានហៅ​ការខកខាន​ផ្លាស់ប្តូរ​សមាសភាព​ក្រុមប្រឹក្សាឃុំ​សង្កាត់ របស់​គណបក្សភ្លើងទៀន​ថាមានភាព​មិនប្រក្រតី ​និង​មានការ​ឃុបឃិតគ្នា​។ តាមលោក ​គីមសួរ ភីរិទ្ធ ​លិខិតសុំផ្លាស់ប្តូរ​ត្រូវបាន​រាំងស្ទះនៅតាម​ឃុំ ដោយ​មេឃុំមួយ​ចំនួនធំមិនព្រម​ចុះហត្ថលេខា​លើសំណើ​របស់គណបក្ស​ភ្លើងទៀន និង​ថានេះគឺជា​ការបំពាន​ច្បាប់ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំសង្កាត់​។ លោកថា ​សកម្មភាព​ដូចនេះ មាន​ហេតុផល​នយោបាយ ដែល​លោកពិបាកនឹង​ទទួលយក​។

សូមបញ្ជាក់ថា ​គណបក្ស​ភ្លើងទៀន​បានដាក់សំណើ​ជាបន្តបន្ទាប់​ទៅក្រសួងមហាផ្ទៃ​ តាមរយៈអាជ្ញាធរ​ឃុំសង្កាត់​ដើម្បីសុំផ្លាស់ប្តូរ​សមាសភាព​ក្រុមប្រឹក្សាឃុំសង្កាត់​របស់ខ្លួន​ជាង៣០នាក់ ​ដែលបានទៅ​ចូលរួមជាមួយ​គណបក្សដទៃ​។

យោងតាម​មាត្រា១៦​នៃច្បាប់ស្តីពីការគ្រប់គ្រង​រដ្ឋបាលឃុំសង្កាត់ ​សាម៉ីខ្លួនបាត់​សមាជិកភាព​ពី​គណបក្ស​នយោបាយ​របស់ខ្លួន​ កាលបើ​សមាជិក​ក្រុមប្រឹក្សាឃុំ ​សង្កាត់​មួយត្រូវបាត់បង់​សមាជិកភាព​ ត្រូវជ្រើសរើស​បេក្ខជនដែល​មានឈ្មោះ​បន្ទាប់តាមលេខរៀង​ក្នុងបញ្ជីបេក្ខជន​ជាមួយមក​ជំនួសដោយ​មិនបាច់​បោះឆ្នោត​ឡើងវិញ​ឡើយ​។

ទោះយ៉ាងណា ​ការទាមទារ​របស់គណបក្ស​ភ្លើងទៀន​ត្រូវគេមើលឃើញថា​យឺតពេល​ទៅហើយ។ ​យឺតពេលដោយសារ​ បញ្ជីបោះឆ្នោត​ដែលត្រូវបាន​ផ្តល់សុពលភាព​ហើយ​មិនអាច​កែប្រែ​បានទេ ​លើកលែងតែ​មានអ្នក​បោះឆ្នោត​ណាម្នាក់ ​ដែល​មានឈ្មោះ​ក្នុងបញ្ជី​បោះឆ្នោត​ទទួល​មរណភាព​។ ​នេះបើ​យោងតាម​មាត្រា១១ ​នៃច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​។

សូម​រំលឹក​ដែរថា ​កម្ពុជានឹងត្រូវ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៥ នៅថ្ងៃ​ទី​២៥ ​ខែ​កុម្ភៈ ឆ្នាំ​២០២៤។​ បច្ចុប្បន្ន ​គណបក្ស​នយោបាយចំនួន​៤ ​កំពុង​បើកយុទ្ធនាការ​ឃោសនា​ដែលថ្ងៃ​ចន្ទ ​ទី​១២ ខែ​កុម្ភៈនេះ​ជាថ្ងៃឃោសនា​ទី​៣​ហើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ