អានតួអត្ថបទ
កម្ពុជា-សង្គម

ទូតរុស្ស៊ីប្រាប់ពលរដ្ឋខ្លួនឲ្យប្រយ័ត្នចំពោះបញ្ហាសន្តិសុខនៅទីក្រុងភ្នំពេញ

ស្ថានទូតរុស្ស៊ីប្រចាំកម្ពុជាបានប្រាប់ដល់ប្រជាពលរដ្ឋខ្លួនដែលជាភ្ញៀវទេសចរមកកម្សាន្តនៅទីក្រុងភ្នំពេញឲ្យមានការប្រយ័ត្នប្រយែងចំពោះបញ្ហាសន្តិសុខផ្ទាល់ខ្លួន។ ការផ្ញើសារនេះដោយស្ថានទូតរុស្ស៊ីបានកត់សម្គាល់ថា បញ្ហាចោរកម្មក្នុងទីក្រុងភ្នំពេញកំពុងកើនឡើង។

វិមានឯករាជ្យនៅទីក្រុងភ្នំពេញ
វិមានឯករាជ្យនៅទីក្រុងភ្នំពេញ AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន សា្ថនទូតរុស្ស៊ីប្រចាំកម្ពុជាបានឲ្យដឹងថា ប៉ុន្មានខែចុងក្រោយនេះ ករណីចោរកម្មនៅទីក្រុងភ្នំពេញកំពុងកើនឡើង ពិសេសនៅតាមដងផ្លូវព្រះស៊ីសុវត្ថិដែលមានករណីឆក់កាបូប និងសម្ភារៈភ្ញៀវទេសចរនៅពេលកំពុងធ្វើដំណើរតាមផ្លូវ។

នៅចំពោះមុខបញ្ហាអសន្តិសុខក្នុងទីក្រុងភ្នំពេញនេះ ស្ថានទូតរុស្ស៊ីបានស្នើឲ្យពលរដ្ឋខ្លួនមានការប្រុងប្រយ័ត្នខ្ពស់ដោយត្រូវអនុវត្តវិធានការមួយចំនួន។ វិធានការទាំងនោះរួមមាន មិនត្រូវយកឯកសារដើមតាមខ្លួន ប្រយ័ត្នប្រយែងចំពោះទូរស័ព្ទ និងកាបូបនៅពេលកំពុងធ្វើដំណើរជាដើម។ ទន្ទឹមគ្នានេះ ស្ថានទូតរុស្ស៊ីបានស្នើឲ្យពលរដ្ឋរបស់ខ្លួនដាក់នាមបណ្ណ និងលេខទូរស័ព្ទទាក់ទងនៅក្នុងលិខិតឆ្លងដែនដើម្បីងាយស្រួលរកម្ចាស់ដើមនៅពេលអាជ្ញាធររកឃើញ។

តាមស្ថានទូតរុស្ស៊ី ក្នុងករណីដែលប្រជាពលរដ្ឋរុស្ស៊ីប្រទះនឹងករណីចោរឆក់សម្ភារៈរបស់ខ្លួន គឺចាំបាច់ត្រូវទាក់ទងទៅសមត្ថកិច្ចក្នុងតំបន់ដែលកើតហេតុការណ៍។ បើក្នុងករណីលិខិតឆ្លងដែនត្រូវបានលួច ឬបាត់ ហើយសមត្ថកិច្ចបដិសេធមិនទទួលយកសំណុំឯកសារធ្វើដំណើរត្រលប់ទៅរុស្ស៊ីវិញ ប្រជាពលរដ្ឋរុស្ស៊ីត្រូវទាក់ទងនាយកដ្ឋានកុងស៊ុលនៃស្ថានទូតរុស្ស៊ី។

លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញបានប្រាប់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃសុក្រទី១៦កុម្ភៈនេះថា បញ្ហាសន្តិសុខក្នុងទីក្រុងភ្នំពេញប្រហែលជាកើតចេញពីពាក្យចចាមអារ៉ាមមួយចំនួនដែលមិនប្រាកដប្រជា។ តាមអភិបាលរងរាជធានីភ្នំពេញរូបនេះ សុវត្ថិភាពនៅទីក្រុងភ្នំពេញមានភាពល្អប្រសើរជាងបណ្តាប្រទេសដទៃទៀតនៅលើពិភពលោក។

លោក កើត ឆែ បានបញ្ជាក់ដោយសំអាងលើរបាយការណ៍របស់ស្នងការរាជធានីភ្នំពេញថា មកដល់បច្ចុប្បន្ននេះ អត្រាចោរកម្មនៅទីក្រុងភ្នំពេញ មានការធ្លាក់ចុះគួរឲ្យកត់សម្គាល់។ តាមលោក កើត ឆែ រដ្ឋបាលទីក្រុងភ្នំពេញនៅតែបន្តពង្រឹងប្រព័ន្ធសន្តិសុខ និងសុវត្ថិភាពសម្រាប់ភ្ញៀវដើរកម្សាន្ត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ