អានតួអត្ថបទ
កម្ពុជា-សង្គម

កាសែតថៃ Khao Sod៖ពលករខ្មែរធ្វើការខុសច្បាប់រត់ចូលព្រៃ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍

ពលរដ្ឋខ្មែរធ្វើការខុសច្បាប់ក្នុងប្រទេសថៃនាំគ្នារត់ចូលព្រៃជាមួយកូនតូចៗ ក្រោយជួបឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ឡានក្នុងខេត្តចាន់ថាបុរី ប្រទេសថៃ។ ការរត់គេចខ្លួនចូលព្រៃទាំងមានរបួសពេញខ្លួន គឺដោយសារតែពួកគេខ្លាចសមត្ថកិច្ចថៃចាប់ខ្លួនពីបទឆ្លងដែន និងធ្វើការខុសច្បាប់ក្នុងប្រទេសថៃ។  នេះបើតាមការចុះផ្សាយដោយកាសែត Khao Sod របស់ថៃកាលពីថ្ងៃទី១៨ កុម្ភៈ។ 

ក្រុមជួយសង្គ្រោះថៃបានបញ្ចូលពលករខ្មែរទៅកាន់មន្ទីរពេទ្យម៉ាខាំក្នុងខេត្តចាន់ថាបុរី
ក្រុមជួយសង្គ្រោះថៃបានបញ្ចូលពលករខ្មែរទៅកាន់មន្ទីរពេទ្យម៉ាខាំក្នុងខេត្តចាន់ថាបុរី © Khaosod-English
ផ្សាយពាណិជ្ជកម្ម

តាម​កាសែត Khao Sod ក្រោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ក្រុមជួយសង្គ្រោះប្រចាំខេត្តចាន់ថាបុរីបានទៅដល់ទីតាំងកើតហេតុភ្លាមៗ និងបាន​ប្រញាប់ប្រញាលជួយសង្គ្រោះជនរងគ្រោះជាច្រើននាក់ទៅកាន់មន្ទីរពេទ្យ។ ក្នុងចំណោមជនរងគ្រោះ មានពលរដ្ឋខ្មែរចំនួន ៤នាក់ត្រូវបានបញ្ចូលទៅកាន់មន្ទីរពេទ្យម៉ាខាំក្នុងតំបន់ភ្លាមៗ និង​មាន​មួយ​ចំនួន​ទៀតបាន​នាំ​គ្នា​រត់គេច​ខ្លួន​ចូលព្រៃ​ទាំង​មាន​របួស។

ក្រុមអ្នកសង្គ្រោះបានស្រែកហៅឱ្យពួកគេចេញមកដើម្បីជួយសង្គ្រោះដូចគ្នាដោយ​ព្រួយបារម្ភថា ប្រសិនបើពួកគេមិនចេញមកទេ វាអាចបង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរតាមរយៈការហូរឈាមច្រើនត្រង់មុខរបួស ឬប្រឈមនឹងការខូចអវយវៈនៃផ្នែកខ្លះផង។ 

តាមកាសែតថៃ Khao Sod ដដែល ក្រោយបានស្រែកហៅអស់មួយសន្ទុះធំ ពលរដ្ឋខ្មែរដែលរត់ចូលព្រៃទាំងនោះក៏បានយល់ព្រមចេញមកក្រៅ និងទទួលយកការព្យាបាលពីសំណាក់ក្រុមជួយសង្គ្រោះថៃ។ 

គួរជម្រាបជូនថា ហេតុការណ៍គ្រោះចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១:៤៥រំលងអាធា្រតយប់ថ្ងៃទី១៨ កុម្ភៈ លើផ្លូវលេខ៣១៧ ឃុំផាត់ថាវី ស្រុកម៉ាខាំ ខេត្តចាន់ថាបុរី។ តាមប៉ូលីសថៃ រថយន្តដែលដឹកពលរដ្ឋខ្មែរខុសច្បាប់ទាំងនោះបានធ្វើដំណើរត្រឡប់ចូលប្រទេសកម្ពុជាវិញ។ បច្ចុប្បន្ន សមត្ថកិច្ចថៃកំពុងធ្វើការជាមួយស្ថាប័នពាក់ព័ន្ធដើម្បីចាត់ការតាមនីតិវិធីច្បាប់ចំពោះពលករខ្មែរទាំង​នេះ។

វិទ្យុបារាំងអន្តរជាតិមិនទាន់អាចសុំការឆ្លើយពីលោក អាន សុខឿន អ្នកនាំពាក្យក្រសួងការបរទេសបាននៅឡើយទេនាព្រឹកថ្ងៃទី១៩ កុម្ភៈនេះ។ ប៉ុន្តែអ្នកតាមដានសង្គមស្នើឱ្យរដ្ឋាភិបាលកម្ពុជា ពិសេសស្ថានទូតខ្មែរប្រចាំប្រទេសថៃជួយអន្តរាគមន៍លើពលករដែលជួបគ្រោះថ្នាក់ចរាចរណ៍នេះ និងជួយសម្រួលឱ្យពួកគេអាចត្រឡប់មកប្រទេសកំណើតវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ