អានតួអត្ថបទ
កម្ពុជា-កសិកម្ម

ក្នុង​មួយ​ខែ​មករា កម្ពុជា​ចំណាយទិញជីកសិកម្មពីបរទេសក្នុង​ទឹកប្រាក់ប្រមាណ ២៦លានដុល្លារ

កម្ពុជាបានចំណាយលើការនាំចូលជីកសិកម្មពីបរទេសក្នុងទំហំទឹកប្រាក់ប្រមាណ ២៦លានដុល្លារអាមេរិកក្នុងរយៈពេល ១ខែមករា ឆ្នាំ២០២៤។ នេះ​ជា​តួលេខនៅ​ក្នុង​របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ជា​ការ​កត់សម្គាល់ ការនាំចូលជីកសិកម្មពីបរទេស​របស់​កម្ពុជាដើម្បីផ្គត់ផ្គង់ដល់តម្រូវការ​របស់ប្រជាកសិករក្នុងស្រុកនៅតែបន្តកើនឡើងដដែល ទោះបីជា​វិស័យកសិកម្ម​របស់កម្ពុជាបន្តរងផលប៉ះពាល់ពីវិបត្តិសកលក៏​ដោយ​។

ជីកសិកម្ម
ជីកសិកម្ម © ក្រសួងកសិកម្ម
ផ្សាយពាណិជ្ជកម្ម

ផ្អែកតាមស្ថិតិពាណិជ្ជកម្មនាំចូលរបស់គយ ការនាំចូលជីកសិកម្មពីបរទេស​ក្នុង​ខែ​មករា​មាន​ទឹកប្រាក់ប្រមាណ ២៦លានដុល្លារ ពោល​កើន​ឡើងចំនួន៤០% បើធៀបនឹងរយៈពេលដូចគ្នាកា​លពីឆ្នាំ២០២៣ដែលមានទឹកប្រាក់ប្រមាណ១៨លានដុល្លារអាមេរិក។ 

លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាបានថ្លែងបញ្ជាក់ថា តម្លៃជីកសិកម្មបច្ចុប្បន្នកំពុងឡើងថ្លៃខ្លាំងដែលជាហេតុធ្វើឱ្យការចំណាយលើថ្លៃជីមាន​កម្រិតខ្ពស់ខ្លាំងជាងសព្វមួយដង។ អ្វី​ដែល​លោក​ថេង សាវឿន​បារម្ភ​ខ្លាំងនោះ​គឺ​ថា ការ​ចំណាយ​ច្រើនលើ​ការ​ទិញ​ជី​កសិកម្ម​របស់​ប្រជាកសិករ​បាន​ធ្វើ​ឲ្យ​ថ្លៃដើម​របស់​ទំនិញ​កសិកម្ម​មាន​តម្លៃ​ខ្ពស់ ខណៈដែល​ការ​លក់​ចេញ​ទទួល​បាន​ផលចំណេញតិចតួច។  

នៅចំពោះមុខបញ្ហាជីថ្លៃនេះ លោក ថេង សាវឿនស្នើឱ្យរដ្ឋាភិបាលក៏ដូចជាសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជារួម​គ្នាពិនិត្យលទ្ធភាពបង្កើតរោងចក្រផលិតនិងកែឆ្នៃជីកសិកម្មធម្មជាតិឲ្យ​បាន​ច្រើនដើម្បីលក់ក្នុងតម្លៃថោកឲ្យប្រជាកសិករក្នុងស្រុក រួមនឹងការលក់ចេញទៅបរទេសដើម្បីអាចទាញបានចំណូលបន្ថែម។  

គួរកត់សម្គាល់ថាកន្លងមក ប្រជាពលរដ្ឋខ្មែររស់នៅតាមបណ្តោយព្រំដែន​វៀតណាមដូចជាខេត្តស្វាយរៀង ឬកំពតបាននាំគ្នាប្រមូលលាមកគោក្របីស្ងួតលក់ឱ្យឈ្មួញខ្មែរ និងវៀតណាមដើម្បីដឹកចេញទៅវៀតណាមសម្រាប់កែឆ្នៃជាជីកសិកម្ម។ បន្ទាប់​មក លាមកគោក្របីដែលកែឆ្នៃចេញជាជីធម្មជាតិរួចទាំងនោះត្រូវ​បាន​​នាំ​ចូលលក់ឲ្យកម្ពុជាវិញក្នុងតម្លៃមួយខ្ពស់ខ្លាំងជាងតម្លៃវត្ថុធាតុដើម។ 

សូមបញ្ជាក់ថាកាលពីឆ្នាំ២០២៣ កម្ពុជាបាននាំចូលជីកសិកម្មពីបរទេស ពិសេស​ពីប្រទេសជិតខាងក្នុងទំហំទឹកប្រាក់ជាង៣២៥លានដុល្លារអាមេរិក ពោលកើនជាង ១៧% បើធៀបនឹងឆ្នាំ២០២២ដែលមានប្រមាណ២៧៦លានដុល្លារអាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ