អានតួអត្ថបទ

គណបក្ស​ហ៊្វុនស៊ិនប៉ិច ​និង​គណបក្ស​កម្លាំងជាតិ​សង្ឃឹម​នឹង​មាន​អាសនៈ​ព្រឹទ្ធសភា

គណបក្ស​ហ៊្វុនស៊ិនប៉ិច ​និង​គណបក្ស​កម្លាំងជាតិ​ដែលជា​គណបក្ស​ក្រៅរដ្ឋាភិបាល​សុទ្ធតែ​មានជំនឿ​នឹងទទួលបាន​អាសនៈខ្លះ​ពីការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៥​ខាងមុខនេះ​។ ​ការដាក់ក្តីរំពឹង​របស់​គណបក្ស​ទាំងពីរ​ដោយសំអាងលើ​អង្គបោះឆ្នោត​មកពី​គណបក្សផ្សេង​ដែល​គេជឿជាក់ថា​ជាក្រុមប្រឹក្សា​ឃុំ​សង្កាត់​ដែល​ស្រលាញ់​លទ្ធិប្រជាធិបតេយ្យ​។

គណបក្សហ្វុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិកំពុងជួបជាមួយសកម្មជនរៀងៗខ្លួន
គណបក្សហ្វុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិកំពុងជួបជាមួយសកម្មជនរៀងៗខ្លួន © FB
ផ្សាយពាណិជ្ជកម្ម

លោក ​ញឿន រ៉ាដែន ​សមាជិកសភា ​និង​ជាអ្នក​នាំពាក្យ​គណបក្ស​ហ៊្វុនស៊ីនប៉ិច ​បាន​បា្រប់​វិទ្យុបារាំង ​RFI ​នៅថ្ងៃ​ចន្ទ ​ទី​១៩ ​ខែ​កុម្ភៈ​នេះថា ​គណបក្ស​ហ៊្វុនស៊ីនប៉ិច​រំពឹងថា​នឹងមាន​ការគាំទ្រ​ពី​អង្គបោះឆ្នោត​នៅក្នុង​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៥ ​នៅថ្ងៃ​អាទិត្យ​ ទី២៥ ​ខែកុម្ភៈ​ចុង​សប្តាហ៍នេះ​។

សូមបញ្ជាក់ថា ​គណបក្ស​ហ៊្វុនស៊ីនប៉ិច​មានអង្គ​បោះឆ្នោត​សរុប​ចំនួន ២៤រូប ក្នុង​នោះជា​សមាជិកក្រុមប្រឹក្សាឃុំ​ សង្កាត់ចំនួន ១៩រូប​ និង​ជាសមាជិកសភាចំនួន​ ៥រូប។ បើមើលទៅលើ​ចំនួនអង្គបោះឆ្នោត ​គណបក្សរាជា​និយមមួយនេះ​ទំនងមិន​មានសម្លេង​គ្រប់គ្រាន់ក្នុងការ​ឈ្នះបានអាសនៈទេ​។ តែគណបក្ស​ហ៊្វុនស៊ីនប៉ិច​រំពឹងថា​ អង្គបោះឆ្នោត​គណបក្សផ្សេង ​ដែលជាអ្នក​ប្រជាធិបតេយ្យអាចនឹង​គាំទ្រខ្លួន​បន្ថែមទៀត។​ នេះបើតាម​លោក ញឿន រ៉ាដែន​។

ដោយឡែក ​នៅក្នុងអំឡុង​យុទ្ធនាការឃោសនា​រកសម្លេងគាំទ្រនេះដែរ​ លោក ជា មុនី ដែល​ជាអនុប្រធាន និង​ជាអ្នកនាំពាក្យគណបក្ស​កម្លាំងជាតិក៏សង្ឃឹមថា​នឹង​មាន​ការគាំទ្រពីសមាជិក​ក្រុមប្រឹក្សាឃុំសង្កាត់​របស់គណបក្ស​ភ្លើងទៀន​។

គណបក្ស​កម្លាំងជាតិ​បានដាក់បេក្ខជន​ឈរឈ្មោះបោះឆ្នោត​ជ្រើសតាំងព្រឹទ្ធសភា​ទាំង ៨ភូមិភាគ​។ ក៏ប៉ុន្តែ ​ការឃោសនា​រកសម្លេងឆ្នោត ​និងការដាក់​ក្តីសង្ឃឹម​បានផ្តោតទៅលើ​តែ២ភូមិភាគ​ប៉ុណ្ណោះ គឺ​ភូមិភាគ​៧ និង​ភូមិភាគ៨​។ ទោះ​ជា​យ៉ាង​ណា អ្នកនាំពាក្យ​គណបក្សកម្លាំងជាតិ​រូបនេះ​ បញ្ជាក់បន្ថែមថា ​ភូមិភាគ​ផ្សេងៗទៀត​ក៏មានការគាំទ្រ​ពីអង្គបោះឆ្នោត​ដែរ​។

សូមរំលឹកថា ​មេដឹកនាំកំពូល​របស់គណបក្ស​កម្លាំងជាតិ ​និងគណបក្ស​ឆន្ទៈខ្មែរ​មានប្រភព​ចេញមកពី​គណបក្ស​ភ្លើងទៀន​តែមួយ។ ​តែគណបក្ស​ភ្លើងទៀន ដែល​មានអង្គបោះឆ្នោត​ចំនួន ២ ១៩៨​រូប មិនត្រូវបាន​អនុញ្ញាតឲ្យ​ចូលរួមបោះឆ្នោត​អសកលនេះទេ​។ ជាហេតុ​ធ្វើឲ្យគណបក្ស​កម្លាំងជាតិ និង​គណបក្សឆន្ទៈ​ខ្មែរកំពុង​ហែកទាញ​អង្គបោះឆ្នោតគ្នា ​ដែលជា​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់​របស់បក្ស​ភ្លើងទៀន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ