អានតួអត្ថបទ

លោក ​ហ៊ុន ម៉ាណែត​៖​ អ្នក​យក​កម្ពុជា​ធ្វើអាជីវកម្ម​ដើម្បី​បាន ​Views ​នឹងត្រូវ​ដាក់​ក្នុង​បញ្ជី​ខ្មៅ

នៅក្នុង​ពិធី​បើកការដ្ឋាន​សាងសង់​ស្ពានឆ្លងកាត់​ទន្លេបាសាក់​ក្នុងរាជធានី​ភ្នំពេញ​នៅថ្ងៃ​ចន្ទ ​ទី​១៩ ​ខែ​កម្ភៈនេះ​ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត ​បានព្រមាន​ចាត់វិធានការ​យ៉ាង​ម៉ឹងម៉ាត់​ ដោយដាក់​គុក​ ២​ឆ្នាំ និង​ដាក់​ក្នុង​បញ្ជីខ្មៅ​មិនឲ្យ​ចូលកម្ពុជា​មួយជីវិត​ដល់​បុគ្គលណា ​ដែល​យក​កម្ពុជា​ធ្វើជា​កន្លែង​អាជីវកម្ម ដើម្បី​បាន ​Views នៅក្នុង​បណ្តាញសង្គម​។ ការថ្លែង​របស់លោក​នាយករដ្ឋមន្ត្រី​ដូច្នេះ ធ្វើឡើង​បន្ទាប់ពី​មានបុរស​ចិន​តៃវ៉ាន់​ពីរនាក់​បានប្រឌិត​ព័ត៌មាន​ រួច​ផ្សព្វផ្សាយ​តាមបណ្តាញ​សង្គមថា ​មានការ​ចាប់ជំរិត ​និង​មាន​ខ្មោចលង​នៅក្នុង​ខេត្ត​ព្រះសីហនុ​។

ជនជាតិចិនតៃវ៉ាន់២នាក់ ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ២ឆ្នាំ ក្រោយប្រឌិតព័ត៌មានពីកម្ពុជា
ជនជាតិចិនតៃវ៉ាន់២នាក់ ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ២ឆ្នាំ ក្រោយប្រឌិតព័ត៌មានពីកម្ពុជា © សហការី
ផ្សាយពាណិជ្ជកម្ម

លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត បានហៅ​ទង្វើរបស់​បុរសចិន​តៃវ៉ាន់ទាំង២​នាក់ ថា​ជាការ​បំផ្លាញប្រទេស​កម្ពុជា ​និង​ដែលត្រូវ​ដាក់ទោស​ឲ្យបាន​ធ្ងន់ធ្ងរ​ ហើយ​បណ្តេញចេញ​ពី​កម្ពុជា​ជារៀងរហូត​។

ប្រមុខរដ្ឋាភិបាល​កម្ពុជា​បានលើកឡើងពី​ការមកដល់​កម្ពុជា របស់​ជនជាតិ​ចិនតៃវ៉ាន់​ទាំងពីរ​នាក់​ដោយមានផែនការ​ច្បាស់លាស់។ ​ច្បាស់លាស់​ដោយពួកគេ​គ្រោងថតនៅ​ភ្នំពេញ កំពង់​សោម សៀមរាប​ និង​ចុងក្រោយ​ទៅកាន់​ប្រទេសឡាវ​ ដោយពួកគេ​បានចាប់ផ្តើម​ថតមាតិការស្តីពី​ការចាប់ជំរិតនៅ​កំពង់សោម​ ហើយឲ្យ​ប្រពន្ធរបស់ពួកគេ​នៅឯតៃវ៉ាន់​បង្ហោះយក ​Views ​រាប់លាន​។

សូមរំលឹកថា​ បុរស​តៃវ៉ាន់ទាំងពីរ​នាក់​ត្រូវបាន​អាជ្ញាធរ​ខេត្តព្រះសីហនុ​ចាប់ខ្លួន ហើយតុលាការ​បាន​ផ្តន្ទាទោស​ឲ្យជាប់​ពន្ធនាគារ​ម្នាក់ៗ​ចំនួន២​ឆ្នាំ​ កាលពី​សប្តាហ៍មុន​ពីបទ​ញុះញង់​បង្កឲ្យមានភាព​វឹកវរធ្ងន់ធ្ងរ​ដល់សន្តិសុខ​សង្គម។ ​បុរសតៃវ៉ាន់​ទាំងពីរនាក់​បានឆ្លើយសារភាព​ទៅកាន់​សមត្ថកិច្ចថា ​ពួកគេ​ថតដើម្បី​ទាក់ទាញឲ្យ​មនុស្សចូលមើល​ច្រើន ហើយបន្ទាប់មក​ទើប​ដាក់លក់​​ផលិតផល​ជាក្រោយ​។

ចំណុចនេះ​ត្រូវលោក ​ហ៊ុន ម៉ាណែត បញ្ជាក់ថា ​ជារឿងអាត្មានិយម​ដែលជាការរារាំង​ទេសចរមក​កម្ពុជា និង​ប៉ះពាល់ដល់​ចំណូលពលរដ្ឋ​ខ្មែរ។ ​ដោយស្រែក​រកយុត្តិធម៌​លោក​នាយករដ្ឋមន្ត្រី​ថា​នឹង​ពិនិត្យមើលច្បាប់​បន្ថែមទៀត​ប្រសិនបើការដាក់​ទោស២ឆ្នាំ ​នៅតែ​មិនមាន​ការរាងចាល​។

សូមរំលឹកថា​កាលពីឆ្នាំ​កន្លងទៅ​ ប្រទេសកម្ពុជា​បានរងនូវការ​វាយប្រហារ​ដោយព័ត៌មាន​អវិជ្ជមានធំ​ៗ​មួយចំនួន​ ដែលអាជ្ញាធរ​ខ្មែរចាត់ទុកថា​ជាការប្រឌិត​ឡើងដោយ​ជនបរទេស​។ ក្នុងចំណោម​ព័ត៌មាន ​អវិជ្ជមាន ​ដែលលោក​នាយករដ្ឋមន្រ្តីបានលើកឡើង​មានរឿងទាសករ​ឈាម និង​រឿង​ចាប់ដូរក្រលៀន​ជាដើម​។ លើសពីនេះ​ ភាពយន្ត​ចិនរឿង ​No more Bet ​ស្តីពី​អំពើឃោរឃៅ ​ចាប់ជំរិត ​ក៏បាន​ធ្វើឲ្យប៉ះពាល់​ដល់​មុខមាត់​ប្រទេស​កម្ពុជា​មិនតិចដែរ​។

ជុំវិញ​បញ្ហាទាំងអស់​នេះ អ្នកតាមដាន​សង្គម​នានា​ក៏បាន​លើកឡើង​ជាចំងល់​ពាក់ព័ន្ធ​នឹង​ការ​អនុវត្តន៍​ច្បាប់ និង​មន្ត្រីអនុវត្ត​ច្បាប់របស់​កម្ពុជាផង​ដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ