អានតួអត្ថបទ

បក្ស​កាន់អំណាច​រំពឹង​កើន​អាសនៈ​ព្រឹទ្ធសភា​លើសពី​៥០ ​ដោយសារ​បក្ស​ប្រឆាំង​ឈ្លោះគ្នា

គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​កំពុង​កាន់អំណាច​សង្ឃឹមថា​អាសនៈព្រឹទ្ធសភា​របស់ខ្លួន​នឹងកើន​ឡើងលើសពី​ការ​គ្រោងទុក​។ ក្តីរំពឹង​ជាវិជ្ជមាន​របស់​គណបក្ស​ប្រជាជន​ដូច្នេះ គឺ​បន្ទាប់ពី​ផ្ទៃក្នុង​គណបក្ស​ប្រឆាំង​ត្រូវគេ​មើលឃើញថា​កំពុងតែ​មានការ​ប្រទាញប្រទង់​សម្លេងគ្នា​។ ការ​ប្រទាញប្រទង់ ​ដែលជាហេតុ​ធ្វើឲ្យ​គណបក្ស​ប្រឆាំង​ខាតបង់ ​និង​ហុច​ផលចំណេញ​បន្ថែមទៀត​ឲ្យគណបក្ស​កាន់អំណាច​។

គណបក្សប្រជាជនដង្ហែក្បួនឃោសនាបោះឆ្នោតព្រឹទ្ធសភានីតិកាលទី៥
គណបក្សប្រជាជនដង្ហែក្បួនឃោសនាបោះឆ្នោតព្រឹទ្ធសភានីតិកាលទី៥ © CPP
ផ្សាយពាណិជ្ជកម្ម

អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជាលោក ​សុខ ឥសាន សង្ឃឹមថា​ចំនួនអាសនៈព្រឹទ្ធសភា​អាណត្តិទី៥​ របស់គណបក្ស​ប្រជាជននឹងមាន​ការវិវត្តន៍ជាវិជ្ជមាន​ដោយសារតែ​គណបក្សប្រកួតប្រជែង​នឹងគណបក្សប្រជាជន​មានការប្រទាញប្រទង់​គ្នាផ្ទៃក្នុង​។

តាមបទពិសោធន៍ ​និងភាពច្បាស់លាស់​ខ្លាំង​ក្នុងការគិតគូរទុកជាមុន​នូវការគណនា​ចំនួនអាសនៈ ​គណបក្សប្រជាជន​កម្ពុជានឹងឈ្នះបាន​អាសនៈព្រឹទ្ធសភា​ចំនួន ៤៩អាសនៈ​។ នេះបើយោងតាម​ចំនួនអង្គបោះឆ្នោត​របស់ខ្លួន ដែលមាន​សរុបជាង១ម៉ឺន​នាក់​បន្តិចបន្តួច​។

លោក​ សុខ ឥសាន បាន​បញ្ជាក់ថា នៅក្នុង​ព្រឹទ្ធសភាកម្ពុជា​ ដែលមានអាសនៈ​សរុបចំនួន៦២ ​គណបក្សប្រជាជនអាច​ទទួលបាន៤៩អាសនៈ ​គណបក្សប្រឆាំងដែល​មានអង្គបោះឆ្នោតជាង២​ពាន់នាក់ អាចទទួលបាន​ពី៨ ទៅ៩អាសនៈ រួមនឹង​២អាសនៈជាកូតាជ្រើសតាំង​ដោយរដ្ឋសភា និង២អាសនៈ​ទៀតជាកូតាជ្រើសតាំង​ដោយព្រះមហាក្សត្រ​។

ទោះយ៉ាងណា ​គណបក្សប្រជាជនរំពឹងថា ​ចំនួនអាសនៈរបស់ខ្លួន​នឹងមានការប្រែប្រួល​ជាវិជ្ជមាន ពោលលើស​ពី៥០អាសនៈ ដោយ​សំអាងទៅលើគណបក្ស​ជាដៃគូប្រកួតប្រជែង​កំពុងមានជម្លោះ​ផ្ទៃក្នុង​។

សូមបញ្ជាក់ថា​នៅថ្ងៃអាទិត្យ ​ទី២៥ ខែកុម្ភៈខាងមុខ​នេះ ប្រទេសកម្ពុជានឹង​រៀបចំបោះឆ្នោតជ្រើសតាំង​ព្រឹទ្ធសភានីតិកាល​ទី៥។ ​គណបក្សចំនួន៤ ​បានដាក់ពាក្យចូល​ប្រកួត ក្នុងនោះមាន​គណបក្សប្រជាជនកម្ពុជា ​គណបក្សឆន្ទៈខ្មែរ ​គណបក្សកម្លាំងជាតិ និង​គណបក្សហ៊្វុនស៊ិនប៉ិច​។

ប៉ុន្តែគណបក្សឆន្ទៈ​ខ្មែរ និងគណបក្ស​កម្លាំងជាតិ ដែលមាន​ប្រភពចេញពីគណបក្ស​ភ្លើងទៀនតែមួយ ​កំពុងប្រទាញប្រទង់គ្នា​លើអង្គបោះឆ្នោត។ ​ជម្លោះផ្ទៃក្នុងបក្ស​ប្រឆាំងនេះត្រូវគេ​មើលឃើញថានឹង​ធ្លាក់ផលចំណេញ​ទៅលើគណបក្ស​កាន់អំណាច​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ