អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

ធនាគារ SME រំពឹងបញ្ចេញកញ្ចប់ហិរញ្ញប្បទានជួយវិស័យទេសចរណ៍ឲ្យអស់ត្រឹមចុងឆ្នាំ ២០២៤

ធនាគារសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជារំពឹងថា កញ្ចប់ហិរញ្ញប្បទាន​ចំនួន ១៥០លានដុល្លារសម្រាប់ជួយស្តារវិស័យទេសចរណ៍ដែលរងគ្រោះដោយវិបត្តិ​កូវិដ១៩​នឹងចាយអស់ត្រឹមចុងឆ្នាំ ២០២៤ នេះ។ ប៉ុន្តែ បច្ចុប្បន្នធនាគារSME ទើបបញ្ចេញកម្ចីហិរញ្ញប្បទានរបស់ខ្លួនអស់ជាង៦០លានដុល្លារ ឬស្មើប្រមាណ៤០% ខណៈនៅសល់កម្ចីជិត៩០លានដុល្លារទៀតនៅមិនទាន់ប្រើប្រាស់។ 

ការផ្តល់កម្ចីរបស់ធនាគារជូនអតិថិជន (រូបតំណាង)
ការផ្តល់កម្ចីរបស់ធនាគារជូនអតិថិជន (រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

 

ធនាគារSMEអះអាងថា ភាពយឺតយ៉ាវនៃការបញ្ចេញកញ្ចប់ហិរញ្ញប្បទានអាចរួមផ្សំដោយកត្តាច្រើនយ៉ាង។ ប៉ុន្តែកត្តាចម្បង គឺការស្ទុះងើបឡើងនៃវិស័យទេសចរណ៍របស់កម្ពុជាស្ថិតក្នុងកម្រិតទាប ខណៈអាជីវកម្មខ្លះបាត់បង់ចំណូលដែលជាហេតុធ្វើឱ្យប្រតិបត្តិករទេសចរណ៍ទាំងនោះមិនហ៊ានស្នើកម្ចីពីធនាគារ។  

តែយ៉ាងណា ធនាគារSME សង្ឃឹមថា កញ្ចប់ហិរញ្ញប្បទានដែលនៅសល់៩០លានដុល្លារទៀត នឹងត្រូវបញ្ចេញអស់ត្រឹមចុងឆ្នាំនេះ ដើម្បីចូលរួមជំរុញវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែរីកចម្រើនជាងពេលមុន។  

ទាក់ទិននឹងកម្ចីឥណទាននេះ លោកស្រី ឆាយស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាប្រាប់ពីហេតុផលដែលអាជីវកម្មនិងប្រតិបត្តិករទេសចរណ៍មិនសូវស្នើកម្ចីហិរញ្ញប្បទានរបស់ធនាគារSME។ តាមលោកស្រី ឆាយ ស៊ីវលីន រាល់ការស្នើកម្ចីគឺមានភាពស្មុគស្មាញមិនថាទំហំទឹកប្រាក់ និងលក្ខខណ្ឌកម្ចីនោះទេ។ 

ដូច្នេះហើយ លោកស្រីអំពាវនាវឱ្យរដ្ឋាភិបាលនិងធនាគារSME ជួយសម្របសម្រួលត្រង់ចំណុចនេះ ដើម្បីអាចឱ្យប្រតិបត្តិករទេសចរណ៍មានលទ្ធភាពស្នើយកកម្ចីទៅពង្រើកអាជីវកម្មរបស់ពួកគេ។ អ្នកជំនាញផ្នែកទេសចរណ៍រូបនេះក៏កត់សម្គាល់ដែរថា ការសម្រួលលក្ខខណ្ឌកម្ចី ក៏ជាផ្នែកមួយជួយបង្កើនសេវាកម្មទេសចរណ៍ក្នុងស្រុកមួយកម្រិតផង។  

សូមជម្រាបថា កញ្ចប់ហិរញ្ញប្បទានទាំង ១៥០លានដុល្លារនេះ មាន​ពាក់កណ្តាលបាន​ពី​គ្រឹះស្ថានហិរញ្ញវត្ថុឯកជនផ្សេងៗ និង​ពាក់កណ្តាលទៀតបានពីរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កញ្ចប់ហិរញ្ញប្បទាននេះបានដាក់ឱ្យដំណើរការកាលពីកណ្តាលខែមិថុនា ឆ្នាំ២០២២ ជាមួយនឹងអត្រាការប្រាក់ទាប ៦.៥%ក្នុងមួយឆ្នាំសម្រាប់រយៈពេល៧ឆ្នាំ។ 

ថ្មីៗនេះ និង​ដោយសង្កេតឃើញពីការលំបាក និងភាពស្មុគស្មាញក្នុងការទទួលបានកម្ចីឥណទានពីកញ្ចប់ហិរញ្ញប្បទានទាំង ១៥០លានដុល្លារ រដ្ឋាភិបាលក៏បានបញ្ចេញទឹកប្រាក់បន្ថែមចំនួន ៥០លានដុល្លារឱ្យទៅធនាគារសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាដើម្បីចាត់ចែងផ្ទេរទៅក្នុងកម្មវិធីកម្ចីដោយផ្ទាល់ដល់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ