អានតួអត្ថបទ
កម្ពុជា-សង្គម

រដ្ឋបាលខេត្តព្រះសីហនុ ប្រកាសតាមចាប់អ្នកលក់អាវុធខុសច្បាប់ ក្រោយចាប់បានចិន៣នាក់ប្រើប្រាស់កាំភ្លើង

លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ ព្រមានចាប់អ្នកលក់អាវុធខុសច្បាប់មកដាក់ទោស ក្រោយប៉ូលីសខេត្តឃាត់ខ្លួនជនបរទេស៣នាក់ដែលជាប់ពាក់ព័ន្ធករណីរក្សាទុក និងទិញលក់អាវុធខុសច្បាប់ចំនួន២ដើម។ នេះបើតាមសំណេរលើហ្វេសប៊ុករបស់លោក គួច ចំរើននៅព្រឹកថ្ងៃទី០៤ មីនានេះ។ តាមលោក គួច ចំរើន សមត្ថកិច្ចកំពុងស្រាវជ្រាវរកមុខអ្នកលក់អាវុធខុសច្បាប់ឱ្យជនបរទេសមកដាក់ទោស ខណៈជនជាតិចិនទាំងបីនេះ ក៏នឹងបន្តនីតិវិធីតាមផ្លូវច្បាប់ផងដែរ។  

សមត្ថកិច្ចខេត្តព្រះសីហនុបានជនល្មើស៣នាក់ពីបទប្រើប្រាស់ និងរក្សាទុកអាវុធខុសច្បាប់ចំនួន២ដើម
សមត្ថកិច្ចខេត្តព្រះសីហនុបានជនល្មើស៣នាក់ពីបទប្រើប្រាស់ និងរក្សាទុកអាវុធខុសច្បាប់ចំនួន២ដើម © លោក គួច ចំរើន
ផ្សាយពាណិជ្ជកម្ម

ជនបរទេសដែលប៉ូលីសខេត្តព្រះសីហនុចាប់ខ្លួនបានទាំង៣នាក់នោះ មានជនជាតិចិន ម្នាក់ឈ្មោះ ជិន ស៊ីកាង អាយុ៤៩ឆ្នាំ ម្នាក់ទៀតឈ្មោះសាង ឈានចាំង អាយុ៤៩ឆ្នាំ និងចុងក្រោយឈ្មោះ កូវ សេវតុង អាយុ២៩ឆ្នាំ។ ជនល្មើសទាំង០៣នាក់ កំពុងរងបទចោទលើករណីកាន់កាប់ និងប្រើប្រាស់អាវុធដោយខុសច្បាប់។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបានឱ្យដឹងថា ប៉ូលីសខេត្តកំពុងរៀបចំនីតិវិធីច្បាប់លើជនល្មើសទាំង០៣នាក់ទៅតុលាការ និងកំពុងស្រាវជ្រាវរកមុខសញ្ញាដែលលក់កាំភ្លើងឱ្យជនជាតិចិនទាំងបីខាងលើនេះ។

តាមការបញ្ជាក់មកវិទ្យុបារាំងនៅរសៀលថ្ងៃទី០៤ មីនានេះ លោក ឡុង ឌីម៉ង់ ធានាអះអាងថា ខេត្តព្រះសីហនុពុំមានទីតាំងជួញដូរអាវុធណាមួយឡើយ ដោយរាល់ការកាន់កាប់អាវុធរបស់បុគ្គលមួយចំនួន ធ្វើឡើងដោយខុសច្បាប់ ឬទិញពីអ្នកស្គាល់គ្នា។

តាមអភិបាលរងខេត្តព្រះសីហនុរូបនេះ បច្ចុប្បន្នរដ្ឋបាលខេត្តបានដាក់ចេញនូវវិធានការច្បាប់ដ៏តឹងរ៉ឹងមួយបន្ថែមទៀតមិនថា ជនជាតិខ្មែរ ឬបរទេស ឱ្យតែប្រព្រឹត្តិសកម្មភាពខុសច្បាប់ នោះនឹងទទួលទោសឱ្យខាងតែបាន។

គួររំលឹកថា កន្លងមកខេត្តព្រះសីហនុតែងរងការរិះគន់ពីសាធារណជន ចំពោះករណីជនជាតិចិនកាន់កាប់អាវុធ និងបាញ់បោះដោយសេរីក្នុងខេត្តនេះ។ ជាការកត់សម្គាល់ ករណីខ្លះឈានដល់ការបាញ់ស្លាប់មនុស្ស និងករណីខ្លះទៀតជនជាតិចិនប្រើប្រាស់រថយន្តក្រោមស្លាកលេខនគរបាល និងខ.ម បង្កគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ផង។

ពាក់ព័ន្ធនឹងរឿងកាន់កាប់អាវុធនេះដែរ កាលពីថ្ងៃទី២៩ ខែកុម្ភៈ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ចេញមកព្រមានដល់មន្ត្រីនគរបាលរូបណាដែលឱ្យអាវុធដល់អ្នកដទៃខ្ចី ឬកាន់កាប់ដោយខុសច្បាប់នឹងត្រូវបណ្តេញចេញពីក្របខ័ណ្ឌភ្លាម។ ការធ្វើបែបនេះ ក៏ដើម្បីរឹតបន្តឹងការគ្រប់គ្រងអាវុធជាតិផ្ទុះ ក្នុងគោលបំណងរក្សាស្ថិរភាព និងសន្តិសុខជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ