អានតួអត្ថបទ

គណៈកម្មាធិការសន្តិសុខឌីជីថលត្រូវបានបង្កើតឡើងដោយលោក ហ៊ុន ម៉ាណែត ជាប្រធាន

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត ​បាន​បង្កើត​គណៈ​កម្មា​ធិ​ការ​សន្តិ​សុខ​ឌីជីថល​ដែល​មាន​រូប​លោក​ធ្វើ​ជា​ប្រធាន​ និង​មាន​ឧប​នាយក​រដ្ឋ​មន្ត្រី១​រូប​ជា​អនុ​ប្រធាន​ប្រចាំការ​ រួម​ទាំង​មាន​រដ្ឋ​មន្ត្រី​មហាផ្ទៃ និង​រដ្ឋ​មន្ត្រីការ​ពារ​ជាតិ​គឺជា​អនុ​ប្រធាន​។​ ការ​បង្កើត​គណៈ​កម្មាធិការ​នេះ​ឡើង​ ត្រូវ​បាន​ប្រមុខ​រដ្ឋាភិបាល ​ពន្យល់​ថា ​ក្នុង​បំណង​ធានា​ប្រសិទ្ធ​ភាព​ នៃ​ការ​បំពេញ​មុខ​ងារ​ និង​ជំរុញ​ការ​គ្រប់​គ្រង​សន្តិសុខ​ឌីជីថល​ ដើម្បី​ការ​ពារ​ប្រយោជន៍​តួ​អង្គ​សង្គម ទប់​ទល់​នឹង​ការ​វាយ​ប្រហារ​គ្រប់​រូបភាព។

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត © STPM
ផ្សាយពាណិជ្ជកម្ម

នៅក្នុងអនុក្រឹត្យចុះថ្ងៃទី១មីនាឆ្នាំ​២០២៤ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ បានគូសបញ្ជាក់​បន្ថែមថា គណៈកម្មាធិការ​នេះត្រូវកោះប្រជុំ៦ខែម្តងតាម​ការ​អញ្ជើញរបស់​ប្រធាន។ គណៈកម្មាធិការនេះ ​មានអគ្គលេខា​ធិការ​ដ្ឋានមួយ ដែលចំណុះដោយអង្គភាពសាយប័រកម្ពុជា អង្គភាពប្រឆាំង​ឧក្រិដ្ឋកម្មសាយប័រ អង្គភាពការពារ​ជាតិ​ក្នុង​លំហសាយប័រ និង​អង្គភាពការទូតសាប័រ។

អគ្គលេខាធិការនៃគណៈកម្មាធិការ​សន្តិសុខឌីជីថលនេះ គឺដឹកនាំដោយ​រដ្ឋមន្ត្រី​ក្រសួង​ប្រៃណីយ៍ និងមានអគ្គលេខាធិការរងទទួល​បន្ទុក​អង្គភាពនីមួយៗនៅក្រោមឱវាទ។

បើតាម​អនុក្រឹត្យដដែលនេះ គណៈកម្មាធិការ​សន្តិសុខ​ឌីជីថល គឺត្រូវប្រើ​ប្រាស់កញ្ចប់​ថវិកាជាតិ​ដោយឡែក នៅក្នុង​ក្រប​ខណ្ឌ​ថវិការជាតិ​ប្រចាំឆ្នាំ។ ប៉ុន្តែ​សម្រាប់​អង្គភាពប្រឆាំង​ឧក្រិដ្ឋកម្មសាយប័រ គឺត្រូវ​ផ្គត់​ផ្គង់​ថវិកា​ដោយ​ឡែក​ក្នុង​ក្របខណ្ឌថវិកាប្រចាំឆ្នាំរបស់​ក្រសួង​មហា​ផ្ទៃ ខណៈអង្គភាពការពារ​ជាតិ​ក្នុង​លំហសាយប័រ ត្រូវ​ផ្គត់​ផ្គង់​ថវិកា​ដោយ​ឡែក​ក្នុង​ក្របខណ្ឌ​ថវិកាប្រចាំឆ្នាំរបស់ក្រសួង​ការពារជាតិ។

ជុំវិញការបង្កើតគណៈកម្មាធិការនេះ​ដែលជាការបង្កើនការចំណាយថវិកាជាតិ​បន្ថែមទៀតនោះ លោក យង់ គឺមអេង ប្រធានមជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព បែងចែកជាពីរ ​រវាងគុណសម្បត្តិ និង​ក្តីបារម្ភ​ចំពោះគណៈកម្មាធិការនេះ។

ប្រសិនបើគណៈកម្មាធិការនេះ​បង្កើតឡើង​ដើម្បីទប់ស្កាត់ការ​វាយ​ប្រហារណាមួយក្នុងបំណងបំផ្លាញ​សន្តិសុខជាតិ និងបំផ្លាញព័ត៌មានសាធារណៈ រួមទាំងចូលរួមទប់ស្កាត់​ល្បែងអនឡាញខុស​ច្បាប់ផងនោះ លោក យង់ គឺមអេង ចាត់ទុកថានេះជាគុណសម្បត្តិ។

ផ្ទុយទៅវិញ ​ប្រសិន​បើគណៈកម្មាធិការ​នេះ បង្កើតឡើង​ក្នុង​បំណង​ដើម្បី​តាម​ដានសកម្មភាព​បញ្ចេញតមិ​របស់​ពលរដ្ឋ នោះលោកយល់ថា ជារឿងគួរឲ្យព្រួយបារម្ភអំពីលំហនៃសេរីភាពបញ្ចេញមតិនៅកម្ពុជាបន្ទាប់ពីគណៈកម្មាធិការនេះ​ត្រូវបានដំណើរការ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ