អានតួអត្ថបទ

ថៃ​រំជើបរំជួល​ចង់​ឲ្យបើក​ច្រក​ព្រះវិហារ​ឡើងវិញ ​តែ​កម្ពុជា​បន្ត​នៅ​ស្ងៀមស្ងាត់

កាសែត​បាងកក​ប៉ុស្តិ៍ ​និង​កាសែត ​The Nation ​របស់ថៃ​ជាភាសា​អង់គ្លេស ​បាន​ចុះផ្សាយ​ជាប់ៗ​គ្នា​ប៉ុន្មានថ្ងៃ​កន្លងទៅ​ថា​ប្រជាជន ​និង​អាជ្ញាធរ​នៅក្នុង​ខេត្ត​ស៊ីសាកេត​របស់ថៃ ​បាន​ត្រៀម​លក្ខណៈ​រួចរាល់​ហើយសម្រាប់​ការបើក​ឡើងវិញ​នូវ​ច្រក​ព្រំដែន​ប្រាសាទ​ព្រះវិហារ​។ ក៏ប៉ុន្តែ​ខាង​ភាគីកម្ពុជា ​ដែលមាន​ជំហរ​បិទច្រក​ដ៏​ចម្រូងចម្រាស់​នេះ​អស់រយៈពេល ​១៦​ឆ្នាំ​មកហើយ​នោះ ​នៅ​ស្ងប់ស្ងាត់​នៅ​ឡើយ​។

ច្រកព្រំដែនប្រាសាទព្រះវិហារ ដែលត្រូវបានបិទអស់រយៈពេល១៦ឆ្នាំមកហើយ
ច្រកព្រំដែនប្រាសាទព្រះវិហារ ដែលត្រូវបានបិទអស់រយៈពេល១៦ឆ្នាំមកហើយ © សហការី
ផ្សាយពាណិជ្ជកម្ម

ការលើកឡើង​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ​នានា ​បាន​ធ្វើឡើង​បន្ទាប់ពី​មាន​ដំណើរ​ទស្សនកិច្ច​មួយ​ទៅកាន់​ខេត្ត​ស៊ីសាកេត​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ថៃ​លោក​ អានុទិន ចាន់វីរ៉ាគុល ​កាលពី​ថ្ងៃសុក្រ​សប្តាហ៍មុន​។ តាមការ​ចុះផ្សាយ​របស់​កាសែត ​The Nation ​ក៏ដូចជា​កាសែត​បាងកកប៉ុស្តិ៍ ​ការបើកច្រក​ព្រំដែន​ប្រាសាទ​ព្រះវិហារ​មានអំណោយផល​យ៉ាងខ្លាំង​ដល់​ភាគីថៃ ​ក្នុងការធ្វើ​ពាណិជ្ជកម្មតាម​ព្រំដែន ការ​ស្រូបទាញទេសចរ​តាមរយៈ​ការចេញចូល​ទៅកាន់ទឹកដី​ប្រទេសទាំងពីរ​រវាងប្រជាជន​កម្ពុជា និង​ប្រជាជនថៃ​។

រដ្ឋាភិបាល​កម្ពុជានៅមិនទាន់​មានការបញ្ជាក់​យ៉ាងណានៅឡើយ​ជុំវិញភាពរំជើបរំជួល​ចង់បើកច្រក​ប្រាសាទព្រះវិហារ​ឡើងវិញ​ពីភាគីថៃ។ ​ក៏ប៉ុន្តែ​លោកបណ្ឌិត ​សុខ ទូច ប្រធាន​រាជបណ្ឌិតសភា​កម្ពុជាធ្លាប់បាន​ប្រាប់វិទ្យុបារាំង​ RFI កាលពីពេល​ថ្មីៗនេះថា ​កម្ពុជាមិនគួរ​បើកច្រក​ព្រះវិហារឡើងវិញ​ជាដាច់ខាត​។ តាមលោក​ សុខ ទូច ​ការបើកច្រក​ចូលប្រាសាទ​ព្រះវិហារ​ឡើងវិញ​ពីខេត្ត​ស៊ីសាកេត​របស់ថៃ​មិនចំណេញ​អ្វីសម្រាប់​កម្ពុជាទេ​។

សូមរំលឹក​ថា កាលពី​ចុងខែ​មករាកន្លងទៅ​ សមាជិកសភា​ថៃធ្លាប់បាន​ស្នើទៅលោក​នាយករដ្ឋមន្ត្រី​ថៃ ​សេដ្ឋា ថាវីស៊ីន ​ឲ្យលើក​របៀបវារៈ​នៃការបើក​ច្រកព្រំដែន​ប្រាសាទព្រះវិហារ​ឡើងវិញទៅ​ជជែកជាមួយ​សមភាគី​របស់លោក គឺ​នាយករដ្ឋមន្ត្រី​កម្ពុជាលោក ​ហ៊ុន ម៉ាណែត។ ​ក៏ប៉ុន្តែប្រធានបទ​នេះ មិនត្រូវ​បានលើកយក​មកជជែក​ទេ ​អំឡុងពេល​ទស្សនកិច្ច​របស់លោក ​ហ៊ុន ម៉ាណែត ​នៅប្រទេសថៃ​កាលពីថ្ងៃទី​០៧ ខែ​កុម្ភៈ ឆ្នាំ​២០២៤​។

សូមរំលឹកថា​ច្រកចូល​ប្រាសាទព្រះវិហារ​ពីខាងខេត្ត​ស៊ីសាកេត​របស់ថៃ​ត្រូវបានបិទ​តាំងពីឆ្នាំ​២០០៨ ពោល​ក្រោយពេល​ដែលកម្ពុជា ​និងថៃ​មានជម្លោះ​ប្រដាប់អាវុធ​ជុំវិញបញ្ហា​ប្រាសាទព្រះវិហារ​។ កម្ពុជា​បាន ប្តឹង​រឿងនេះ​ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ​(ICJ) នៅទី​ក្រុងឡាអេ​ក្នុងឆ្នាំ២០១១​។ នៅ២ឆ្នាំ​ក្រោយមក ​ពោលក្នុងឆ្នាំ​២០១៣ ICJ ​បានចេញសេចក្តី​សម្រេច ដោយ​ទាមទារឲ្យភាគី​ទាំងពីរ​ដកកងទ័ព​ដែលឈរជើង​នៅមុខ​ប្រាសាទព្រះវិហារ​ចេញឲ្យអស់។​ ទន្ទឹមនឹង​ទាមទារឲ្យ​ដកទ័ព​ សេចក្តីសម្រេច​ដដែលក៏បាន​អនុញ្ញាតឲ្យថៃ ​និងកម្ពុជា​ដាក់ពង្រាយកម្លាំង​ល្បាតនៅតាម​ព្រំដែនខាងក្រៅ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ