អានតួអត្ថបទ

លីកាដូ៖ភាគីពាក់ព័ន្ធប្តេជ្ញាធ្វើឲ្យប្រសើរឡើងនូវបញ្ហាបំណុលរបស់ពលរដ្ឋខ្មែរ

អង្គការសិទ្ធិមនុស្សចំនួន៣ និងតំណាងក្រុមហ៊ុន Oiko credit បានជួបគ្នាពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ដើម្បីរកដំណោះស្រាយពីផលប៉ះពាល់អវិជ្ជមានដែលបង្កឡើងដោយកម្ចីខ្នាតតូចមួយចំនួននៅកម្ពុជា។ នេះជាការវិវត្តន៍ថ្មីចុងក្រោយ បន្ទាប់ពីអង្គការសិទ្ធិមនុស្សលីកាដូ អង្គការសមធម៌កម្ពុជា និងអង្គការ FIAN របស់អាឡឺម៉ង់បានដាក់ពាក្យបណ្តឹងទៅកាន់រដ្ឋាភិបាលហូឡង់ឲ្យជួយរកដំណោះស្រាយកាលពីឆ្នាំ២០២២។ បណ្តឹងបានចោទក្រុមហ៊ុន Oiko credit ពីបទបរាជ័យក្នុងការអនុវត្តវិធានការត្រួតពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយ។

ប្រជាពលរដ្ឋនៅសហគមន៍អូវល្លិ៍ប្រេងដែលធ្លាប់មានបញ្ហាដីធ្លីជាប់បំណុលនាពេលកន្លងទៅ
ប្រជាពលរដ្ឋនៅសហគមន៍អូវល្លិ៍ប្រេងដែលធ្លាប់មានបញ្ហាដីធ្លីជាប់បំណុលនាពេលកន្លងទៅ © សហការី
ផ្សាយពាណិជ្ជកម្ម

តាមអង្គការលីកាដូ គឺបរាជ័យរបស់វិនិយោគិនសង្គមជាសកលនេះហើយដែលជាដើមចមនាំឲ្យពលរដ្ឋខ្មែរមួយចំនួនជាប់បំណុលវ័ណ្ឌកដោយសារតែការប្រាក់ខ្ពស់។

ទោះយ៉ាងណា លទ្ធផលនៃជំនួបក្នុងខែមីនានេះត្រូវបានលោក អំ សំអាត នាយកប្រតិបត្តិអង្គការលីកាដូបញ្ជាក់ថា ភាគីពាក់ព័ន្ធបានរកឃើញនូវគំនិតរួមគ្នា និងបានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ក្នុងការធ្វើឱ្យប្រសើរឡើងនូវជីវភាពរបស់ពលរដ្ឋខ្មែរដែលបានខ្ចីប្រាក់។

តាមក្រុមអង្គការសិទ្ធិមនុស្ស ក្រុមហ៊ុន Oiko credit បានវិនិយោគទៅលើស្ថាប័នមីក្រូហិរញ្ញវត្ថុនៅកម្ពុជាចាប់តាំងពីឆ្នាំ ២០១៧ជាមួយនឹងទំហំទឹកប្រាក់ ៥០ លានអឺរ៉ូ និងបានបង្កើនដល់ជាង ៦៧ លានអឺរ៉ូគិតត្រឹមខែកញ្ញា ឆ្នាំ ២០២២។

ការបង្កើនការវិនិយោគនេះបានធ្វើឲ្យកម្ពុជាក្លាយជាប្រទេសដែលទទួលបានការវិនិយោគធំទី២ របស់ក្រុមហ៊ុន Oiko credit។ តែទន្ទឹមគ្នានេះ អង្គការសិទ្ធិមនុស្សក៏បានរកឃើញថា ក្រុមហ៊ុនមួយនេះបានចូលរួមចំណែកឲ្យមានវិបត្តិសិទ្ធិមនុស្សនៅកម្ពុជាតាមរយៈការលក់ដីដោយបង្ខំ អសន្តិសុខស្បៀង និងការបាត់បង់ជីវភាពរស់នៅសមរម្យរបស់ពលរដ្ឋខ្មែររាប់សែននាក់ដែលជំពាក់បំណុលគេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ