អានតួអត្ថបទ
កម្ពុជា-នយោបាយ

គណបក្សកម្លាំងជាតិថាការចាប់មន្ត្រីខ្លួន ជាការគំរាមកំហែងផ្នែកនយោបាយ

គណបក្សកម្លាំងជាតិតាមរយៈប្រធានគណបក្ស បានចេញមុខមកប្រតិកម្មទៅនឹងការចាប់ខ្លួនអគ្គហិរញ្ញិករបស់ខ្លួន ថាជាការគំរាមកំហែងផ្នែកនយោបាយទៅលើគណបក្សប្រឆាំង។ ប្រតិកម្មរបស់ លោក ស៊ុន ចន្ធី ដែលជាប្រធានគណបក្សកម្លាំងជាតិ យ៉ាងដូច្នេះ ធ្វើឡើង នាគ្រាដែល លោក អ៊ុំ វីរៈរដ្ឋ អគ្គហិរញ្ញិកគណបក្សកម្លាំងជាតិ ត្រូវបានអាជ្ញាធរខេត្តកំពង់ស្ពឺចាប់ខ្លួន នៅថ្ងៃទី៣០មីនា។

លោក អ៊ុំ វីរៈរដ្ឋ ហិរញ្ញិកគណបក្សកម្លាំងជាតិដែលត្រូវអាជ្ញាធរខេត្តកំពង់ស្ពឺចាប់ខ្លួន
លោក អ៊ុំ វីរៈរដ្ឋ ហិរញ្ញិកគណបក្សកម្លាំងជាតិដែលត្រូវអាជ្ញាធរខេត្តកំពង់ស្ពឺចាប់ខ្លួន © គណបក្សកម្លាំងជាតិ
ផ្សាយពាណិជ្ជកម្ម

គណបក្សកម្លាំង តាមរយៈសេចក្តីថ្លែងការណ៍នៅថ្ងៃទី៣០មីនា បានអំពាវនាវជាបន្ទាន់ឲ្យអាជ្ញាធរដោះលែងលោក អ៊ុំ វីរៈរដ្ឋ អគ្គហិរញ្ញិកគណបក្សកម្លាំងជាតិ ក្រោយពេលដែលអាជ្ញាធរខេត្តកំពង់ស្ពឺបានចាប់ខ្លួន។ ប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី បានចាត់ទុកថា នេះជារឿងដ៏គួរឲ្យសោកស្តាយ ដែលអគ្គហិរញ្ញិករបស់ខ្លួនត្រូវបានចាប់ខ្លួន។

បើតាមលោក ស៊ុន ចន្ធី នេះគឺជាគំរាមកំហែងផ្នែកនយោបាយមកលើគណបក្សប្រឆាំង ព្រោះការចាប់ខ្លួននេះពាក់ព័ន្ធនឹងសំណុំរឿងចាស់។ សំណុំរឿងចាស់ដែលលោក ស៊ុន ចន្ធី បានអះអាងថា អតីតនាយករដ្ឋមន្ត្រី គឺលោក ហ៊ុន សែន កាលពីថ្ងៃទី១៩វិច្ឆិកាឆ្នាំ២០១៩ បានថ្លែងជាសាធារណៈលើកលែងទោសឲ្យលោក អ៊ុំ វីរៈរដ្ឋ។ តាមប្រធានគណបក្សកម្លាំងជាតិដដែល នេះគឺជាការបំភិតបំភ័យមកលើគណបក្សកម្លាំងជាតិដែលជាគណបក្សប្រឆាំងថ្មី។

គួររំលឹកថា សំណុំរឿងចាស់របស់លោក អ៊ុំ វីរៈរដ្ឋ មានការពាក់ព័ន្ធនឹងការគាំទ្រមាតុភូមិនិវត្តន៍ កាលពីឆ្នាំ២០១៩ របស់លោក សម រង្ស៊ី ប្រធានស្តីទីនៃអតីតគណបក្សសង្រ្គោះជាតិ។ ក្រៅពីលោក អ៊ុំ វីរៈរដ្ឋ នៅមានមន្ត្រីនៃអតីតបក្សប្រឆាំងពីររូបទៀតដែលត្រូវចាប់ខ្លួន។ ក្នុងនោះគឺលោកស្រី គុណ ម៉ាច ប្រធានចលនាស្ត្រីនៃអតីតគណបក្សសង្រ្គោះជាតិប្រចាំខេត្តកំពង់ស្ពឺ និងលោក ឯក បេន ប្រធានប្រតិបត្តិស្តីទីរបស់គណបក្សភ្លើងទៀនខេត្តកំពង់ស្ពឺ ។

ទោះយ៉ាងណា លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ បានបដិសេធថា លោកស្រី គុណ ម៉ាច និងលោក ឯក បេន មិនមានការពាក់ព័ន្ធនឹងគណបក្សកម្លាំងជាតិឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ