អានតួអត្ថបទ
សង្ក្រានខ្មែរ​-បេតិកភណ្ឌអរូបីពិភពលោក

រាជធានី-ខេត្តប្រកាសរៀបចំសង្ក្រាន្ដឆ្នាំថ្មី ក្រោយនាយករដ្ឋមន្ដ្រីប្រកាសដាក់សង្ក្រាន្តខ្មែរទៅយូណេស្កូ

បន្ទាប់ពីនាយករដ្ឋមន្ដ្រីប្រកាសដាក់សង្ក្រាន្តខ្មែរចូលជាសម្បត្តិវប្បធម៌អរូបីទៅក្នុងអង្គការយូណេស្កូ បណ្ដារាជធានី ខេត្តមួយចំនួនបានជូនដំណឹងពីការរៀបចំសង្រ្កាន្ដនៅតាមភូមិសាស្ដ្ររបស់ខ្លួនជាបន្តបន្ទាប់។ អ្នកស្រាវជ្រាវផ្នែកវប្បធម៌ អប់រំ និងទេសចរណ៍បានមើលឃើញថា នេះជាការជួយជ្រោមជ្រែងមួយផ្នែកដើម្បីជួយពន្លឿនការចុះសង្ក្រាន្តខ្មែរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ 

រាជធានី-ខេត្តប្រកាសរៀបចំសង្ក្រាន្ដឆ្នាំថ្មី ក្រោយនាយករដ្ឋមន្ដ្រីប្រកាសដាក់សង្ក្រាន្តខ្មែរទៅយូណេស្កូ
រាជធានី-ខេត្តប្រកាសរៀបចំសង្ក្រាន្ដឆ្នាំថ្មី ក្រោយនាយករដ្ឋមន្ដ្រីប្រកាសដាក់សង្ក្រាន្តខ្មែរទៅយូណេស្កូ © RFI
ផ្សាយពាណិជ្ជកម្ម

តាមលិខិតជូនដំណឹងរបស់អភិបាលរាជធានី-ខេត្តមួយចំនួន ការរៀបចំសង្ក្រាន្ដនៅតាមភូមិសាស្ដ្ររបស់ខ្លួននឹងធ្វើឡើងរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។ រាជធានី-ខេត្តដែលបានប្រកាសរៀបចំសង្ក្រាន្ដរួមមាន រាជធានីភ្នំពេញ ខេត្តឧត្តរមានជ័យ ខេត្តកំពង់ចាម ខេត្តតាកែវ ខេត្តកោះកុង ខេត្តកំពង់ធំ ខេត្តពោធិ៍សាត់ ខេត្តកំពត ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។ មួយវិញទៀត លិខិតជូនដំណឹងស្តីពីការរៀបចំសង្ក្រាន្ដឆ្នាំថ្មីរបស់អភិបាលរាជធានី-ខេត្តទាំងនេះក៏ត្រូវបានផ្សាយលើបណ្ដាញសង្គមដែរ។

ការប្រកាសរៀបចំសង្ក្រាន្ដនៅតាមភូមិសាស្ដ្ររបស់អភិបាលរាជធានី-ខេត្តមួយចំនួននេះបានធ្វើឡើង ក្រោយពីនាយករដ្ឋមន្ដ្រីលោក ហ៊ុន ម៉ាណែតបានប្រកាសឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរៀបចំឯកសារដើម្បីដាក់សង្ក្រាន្ដខ្មែរចូលជាសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ លោកបណ្ឌិត ឈត ប៊ុនថន មន្ដ្រីស្រាវជ្រាវទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍នៃរាជបណ្ឌិតសភាកម្ពុជាបានមើលឃើញថា ការរៀបចំសង្ក្រាន្ដនៅតាមបណ្ដារាជធានី-ខេត្តគឺជាការយកចិត្តទុកដាក់របស់អាជ្ញាធរថ្នាក់ក្រោមជាតិដើម្បីលើកស្ទួយវប្បធម៌ និងប្រពៃណីរបស់ខ្មែរទៅកាន់ទេសចរ ពិសេសទេសចរអន្ដរជាតិដើម្បីអាចឲ្យពួកគេបានស្គាល់ និងចូលរួមលេងកម្សាន្ដល្បែងប្រជាប្រិយរបស់ខ្មែរ។

តាមមន្ដ្រីស្រាវជ្រាវទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍នៃរាជបណ្ឌិតសភាកម្ពុជារូបនេះដដែល ការការរៀបចំសង្ក្រាន្ដជារៀងរាល់ឆ្នាំនឹងអាចជាភស្ដុតាងរឹងមាំ ឬជាសក្ខីកម្មសម្រាប់ធ្វើជាមូលដ្ឋាននៃការស្នើដាក់សង្រ្កានខ្មែរទៅក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ លោកបណ្ឌិត ឈត ប៊ុនថងបានបន្ថែមថា អ្នកចូលរួមសង្ក្រាន្ដ ពិសេសយុវជនគួរធ្វើសកម្មភាពទាំងឡាយណាដែលបង្ហាញនូវអត្ដសញ្ញាណជាតិ ដូចជាការលេងល្បែងប្រជាប្រិយខ្មែរ រួមមានការចោលឈូង ទាញព្រ័ត្រ បោះអង្គុញ និងរាំកម្សាន្ដចង្វាក់ប្រពៃណីខ្មែរផ្សេងៗទៀត។

ទន្ទឹមគ្នានេះ លោកបណ្ឌិត ឈត ប៊ុនថងក៏បានឱ្យអ្នកចូលរួមគួរចៀសវាងសកម្មភាពមួយចំនួនដែរដូចជាការលេងគប់ទឹក បាញ់ទឹក បាតម្សៅ សកម្មភាពបៀតបៀនលើស្ដ្រីភេទ និងការជិះម៉ូតូពពាក់ពពូនដើម្បីរក្សាបាននូវសេចក្ដីថ្លៃថ្នូរ និងសុខសុវត្ថិភាពក្នុងអំឡុងពេលរៀបចំកម្មវិធីសង្ក្រាន្ដ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ