អានតួអត្ថបទ

លោក​ ហ៊ុន សែន ​និងលោក​ប្រាក់ សុខុន ជា​បេក្ខជនប្រធាន ​និង​អនុប្រធាន​ព្រឹទ្ធសភា

លោក ​ហ៊ុន សែន ​អតីតនាយក​រដ្ឋមន្ត្រី ​លោក ​ប្រាក់ សុខុន ​អតីតរដ្ឋមន្ត្រី​ការបរទេស ​និង​លោក ​អ៊ុច បូររិទ្ធ ទេសរដ្ឋមន្រ្តី ​គឺជា​បេក្ខជនប្រធាន ​និង​អនុប្រធាន​ព្រឹទ្ធសភា​អាណត្តិទី៥​។​ នេះបើតាម​ការឲ្យដឹង​ពី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា​។ តាមគម្រោង ​ព្រឹទ្ធសភាថ្មី​នឹងបើក​កិច្ច​ប្រជុំដំបូង​ក្រោមព្រះរាជាធិបតីភាព​របស់​ព្រះមហាក្សត្រ​កម្ពុជា ​ព្រះបាទ​សម្តេចព្រះ ​នរោត្តម សីហមុនី ​នៅថ្ងៃ​ទី០៣ ​ខែ​មេសា ឆ្នាំ​២០២៤​។

លោក ហ៊ុន សែន លោក ប្រាក់ សុខុន និងលោក អ៊ុច បូររិទ្ធ ជាបេក្ខភាពប្រធាន និងអនុប្រធានព្រឹទ្ធសភាថ្មី
លោក ហ៊ុន សែន លោក ប្រាក់ សុខុន និងលោក អ៊ុច បូររិទ្ធ ជាបេក្ខភាពប្រធាន និងអនុប្រធានព្រឹទ្ធសភាថ្មី © សហការី
ផ្សាយពាណិជ្ជកម្ម

អតីត​នាយករដ្ឋមន្ត្រី ​លោក ហ៊ុន សែន ​ប្រធានក្រុម​ឧត្តមប្រឹក្សាផ្ទាល់​ព្រះមហាក្សត្រ​ជាបេក្ខភាព​ដែលត្រូវបានស្នើឡើង​ដោយគណបក្ស​ប្រជាជនកម្ពុជា​សម្រាប់តំណែង​ប្រធានព្រឹទ្ធសភា​នីតិកាលទី៥។ ​ចំណែកលោក ​ប្រាក់ សុខុន អតីត​រដ្ឋមន្ត្រីការបរទេស ​និង​លោក អ៊ុច បូររិទ្ធ ​ទេសរដ្ឋមន្រ្តី​ត្រូវបានគណបក្ស​កាន់អំណាចស្នើឡើង​ជាបេក្ខជន​អនុប្រធានទី១ ​និងទី២ នៃ​ព្រឹទ្ធសភាអាណត្តិថ្មី។ ​នេះបើតាមការ​ឲ្យដឹងពី​លោក សុខ ឥសាន ​អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា​។

ដោយឡែក​គណបក្សប្រឆាំង ​គឺ​គណបក្សឆន្ទៈខ្មែរ​ ព្រះបរមរាជវាំង ​និង​រដ្ឋសភា មិនបាន​ស្នើបេក្ខភាព​ជាប្រធាន និង​អនុប្រធាន​ ព្រឹទ្ធសភាទេ​។ សូមបញ្ជាក់ថា ​បន្ទាប់ពី​ការបោះឆ្នោត​កាលពីថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ព្រឹទ្ធសភាថ្មី​គ្រោងនឹងបើក​កិច្ចប្រជុំដំបូង​ក្រោមព្រះរាជវត្តមាន​ព្រះមហាក្សត្រនៅ​ថ្ងៃទី០៣ ខែ​មេសា​ខាងមុខ។ តាមនីតិវិធី​ ព្រឹទ្ធសភាក៏នឹងបើក​កិច្ចប្រជុំដំបូង​របស់ខ្លួនក្នុងថ្ងៃ​ដដែល ​ដែលនឹង​ដឹកនាំដោយព្រឹទ្ធសមាជិក​មួយរូប​ដែលមាន​វ័យចំណាស់ជាងគេ ​គឺ​លោក សុខ ឥសាន ​ដែលបច្ចុប្បន្ន​មានវ័យ ៧៨​ឆ្នាំ។

ក្រោយការបោះឆ្នោត​ជ្រើសរើស​ប្រធាន អនុប្រធានទី១ ​និងអនុប្រធានទី២​នៃព្រឹទ្ធសភានៅពេលព្រឹក​ក្នុងថ្ងៃទី​៣ ខែមេសា ​សមាជិកព្រឹទ្ធសភាថ្មី​នឹងជួបជុំគ្នានៅក្នុង​ព្រះបរមរាជវាំង​នៅពេលរសៀល​ក្នុងថ្ងៃ​ដដែលដើម្បីធ្វើ​ពិធីស្បថ​ចូលកាន់តំណែង។ ​នេះបើតាម​ការបញ្ជាក់​របស់លោក ​សុខ ឥសាន​។

ដោយឡែក ​ប្រធានព្រឹទ្ធសភា​លោក​ សាយ ឈុំ ​ហើយអនុប្រធាន​ទី​១ លោក ស៊ីម កា ​និង​អនុប្រធានទី​២ លោក ទេព ងន ​ក្នុងអាណត្តិចាស់​ត្រូវបានតែងតាំង​ជាឧត្តមទីប្រឹក្សា​ផ្ទាល់ព្រះមហាក្សត្រ ​មានឋានៈស្មើ​នាយករដ្ឋមន្ត្រី ​និង​ឧបនាយករដ្ឋមន្ត្រី​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ