អានតួអត្ថបទ

លោក ​ហ៊ុន សែន​ ប្រកាស​លាលែង​ពី​សមាជិក​សភា​ដើម្បី​ត្រៀម​ទៅ​ដឹកនាំ​ព្រឹទ្ធសភា

នៅថ្ងៃ​ចន្ទ ​ទី​០១ ​ខែ​មេសា ​ឆ្នាំ២០២៤​នេះ ​លោក ​ហ៊ុន សែន ​ប្រធាន​ក្រុម​ឧត្តមប្រឹក្សាផ្ទាល់​ព្រះមហាក្សត្រ ​និងជា​អតីត​នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​លាលែង​ពី​សមាជិក​រដ្ឋសភា​ដោយលោក​នឹង​ដាក់​លិខិត​លាលែង​ផ្លូវការ​នៅថ្ងៃ​អង្គារ ​ទី​២ ​ខែមេសា​។ ​ការប្រកាស​របស់​លោក ​ហ៊ុន សែន ​បែបនេះ​ធ្វើឡើង​អំឡុងពេល​នៃ​សម័យប្រជុំ​លើកទី​២ ​នីតិកាល​ទី​៧​ នៃ​រដ្ឋសភា​នាព្រឹក​ថ្ងៃ​ចន្ទ ​ទី១ ​ខែ​មេសានេះ​។

អតីតនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ចារលើបញ្ជីវត្តមានពេលកិច្ចប្រជុំសភា
អតីតនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន សរសេរលើបញ្ជីវត្តមានពេលកិច្ចប្រជុំសភា © SHS
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​បញ្ជីវត្តមាន​តំណាងរាស្ត្រ​នៃ​កិច្ចប្រជុំ​រដ្ឋសភា ​លោក ​ហ៊ុន សែន ​បាន​សរសេរថា ​«លាហើយ​រដ្ឋសភា​ ដែលខ្ញុំ​អង្គុយ ​និង​ធ្វើការ​ជាង​ពាក់កណ្តាលជីវិត។​ ដំណាក់កាលទី១​ ពីខែ​មិថុនា ឆ្នាំ​១៩៨១ ដល់ខែឧសភា ​ឆ្នាំ១៩៩៣ និង​ដំណាក់កាលទី២ ​ពីថ្ងៃទី១៤ មិថុនា ​ឆ្នាំ១៩៩៣ ​ដល់ថ្ងៃទី២ ​ខែ​មេសា ឆ្នាំ២០២៤»​។ បន្ថែមពីលើ​សំណេរនេះ ​លោក ហ៊ុន សែន ​ក៏បានឡើងថ្លែង​ផ្ទាល់មាត់ក្នុង​រដ្ឋសភា​ប្រមាណជា២០​នាទី​ថា លោកបានក្លាយជា​សមាជិកសភា​នៅក្នុងវ័យ២៩​ឆ្នាំ និងធ្វើជា​នាយករដ្ឋមន្ត្រី​ក្នុងវ័យ​៣២ឆ្នាំ​។

ចំណុចសំខាន់​ដែលលោក ហ៊ុន សែន ​ចង់រំលេច​អំឡុងពេល​លោកធ្វើជា​ប្រធានក្រុមប្រឹក្សា​រដ្ឋមន្ត្រី ​ឬនាយករដ្ឋមន្ត្រី​គឺថាសមាជិកសភា​បានជួយកិច្ចការលោក​យ៉ាងច្រើនតាមរយៈ​ការធ្វើវិសោធនកម្ម​រដ្ឋធម្មនុញ្ញ។ ​ជាវិសោធនកម្ម ​ដែលបានផ្តល់ឲ្យលោក​មានឱកាសក្នុងការ​កែទម្រង់សេដ្ឋកិច្ច ​និង​ដីធ្លី​។

លើសពីនេះ ​អតីតនាយករដ្ឋមន្ត្រី ​ក៏បានបញ្ជាក់ថា ​សមាជិកសភាទាំងអស់​កន្លងមកតែងមាន​ការគាំទ្រ និងលើកទឹកចិត្ត​លោកដូចជា​ការផ្លាស់ប្តូរឈ្មោះ​ប្រទេស ដំណើរការ​ចរចាស្វែងរក​សន្តិភាព ការ​ចុះហត្ថលេខាលើ​កិច្ចព្រមព្រៀងសន្តិភាព​ទីក្រុងប៉ារីស ​និងគាំទ្រ​ការធ្វើវិសោធនកម្ម​រដ្ឋធម្មនុញ្ញពី ​២ភាគ៣ ​មក៥០%បូក​១ ជាដើម​។

នៅក្នុងការថ្លែង​ ដែលបំផុសឲ្យ​មានសំណើច​នៅក្នុងសភាផងនោះ ​លោក ហ៊ុន សែន ​បានលើកឡើងថា ​លោកមិនមែន​លាសមាជិក​សភា​ទាំងអស់ជារៀងរហូត​នោះទេ​ដោយលោក​បញ្ជាក់ថា ​យមរាជ​គ្មានសិទ្ធិ​យកលោក​ទៅឋាន​នរកទេ ​ពោលមានតែ​ព្រះឥន្ទមួយគត់ ​ដែលមានសិទ្ធិ​អារកាត់ជីវិត​របស់លោក​ដល់ពេលណា​។

លោក​ ហ៊ុន សែន ថា ​លោកនឹងវិលទៅកាន់​រដ្ឋសភាជាថ្មី​នៅពេលមាន​សមាជរដ្ឋសភា និង​ព្រឹទ្ធសភា​។ សូមរំលឹកថា ​ព្រឹទ្ធសភា​អាណត្តិថ្មី​នឹងបើកកិច្ចប្រជុំ​ដំបូងរបស់ខ្លួន​នៅថ្ងៃទី០៣ ខែ​មេសា ឆ្នាំ​២០២៤ ហើយ​លោក ហ៊ុន សែន ជា​បេក្ខជនប្រធានព្រឹទ្ធសភា​អាណត្តិទី៥ ​ដែលគ្មានគូប្រជែង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ