អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

របាយការណ៍CBC៖ពលរដ្ឋកម្ពុជាជិត៥លាននាក់ជាប់កម្ចីឥណទានក្នុងឆ្នាំ២០២៣

មានពលរដ្ឋកម្ពុជាចំនួន ៤.៩៨លាននាក់ត្រូវបានរកឃើញជាប់កម្ចីឥណទានដែលមានទឹកប្រាក់សរុបជាង ២៣២លានលានរៀល ឬស្មើប្រមាណ ៥៧.៧ពាន់លានដុល្លាក្នុងឆ្នាំ២០២៣។ នេះជាទិន្នន័យបានពីការកត់ត្រារូបវ័ន្ដបុគ្គល និងគ្រឹះស្ថាន ឬសហគ្រាសចំនួន ១៩៤ស្ថាប័នដែលជាសមាជិករបស់ CBC។ ដោយឡែក សង្គមស៊ីវិលបានឃើញមានផលប៉ះពាល់ធ្ងន់ធ្ងរជាច្រើនដែលបង្កឡើងដោយបំណុលកម្ចីឥណទាននេះ។

របាយការណ៍CBC៖ពលរដ្ឋកម្ពុជាជិត៥លាននាក់ជាប់កម្ចីឥណទានក្នុងឆ្នាំ២០២៣
របាយការណ៍CBC៖ពលរដ្ឋកម្ពុជាជិត៥លាននាក់ជាប់កម្ចីឥណទានក្នុងឆ្នាំ២០២៣ © ធនាគារជាតិ
ផ្សាយពាណិជ្ជកម្ម

តាមរបាយការណ៍ពី Credit Bureau Cambodia (CBC) មានពលរដ្ឋខ្មែរជិត ៥លាននាក់ដែលភាគច្រើនជាអ្នករស់នៅក្នុងក្រុងភ្នំពេញបានប្រើប្រាស់ឥណទានកម្ចីសរុប២៣២.៣៩៣.៣៩៤លានរៀលក្នុងឆ្នាំ២០២៣។ ក្នុងបរិមាណឥណទានកម្ចីសរុបនៅទូទាំងប្រទេស មាន ៥០% ស្ថិតក្នុងដៃពលរដ្ឋរស់នៅក្នុងទីក្រុងភ្នំពេញដែលមានអ្នកខ្ចីប្រាក់សរុបចំនួន ៦៧.៧ម៉ឺននាក់។ បន្ទាប់ពីក្រុងភ្នំពេញ ខេត្តកណ្ដាលមានអ្នកខ្ចីប្រាក់សរុបចំនួន ៣៨.៤ម៉ឺននាក់ ហើយខេត្តសៀមរាបជាខេត្តធំលំដាប់ទី៣ ដែលមានអ្នកខ្ចីប្រាក់សរុបចំនួន ៣២.៥ម៉ឺននាក់។

ដោយឡែក ខេត្តដែលមានអ្នកខ្ចីប្រាក់ទាបបំផុតមាន ៣ គឺមណ្ឌលគិរី ប៉ៃលិន និងកែប។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ CBC ដដែល។ ទាក់ទងនឹងពលរដ្ឋដែលជាប់បុលជិត ៥លាននាក់វិញ មាន៧៦% ជាអ្នកខ្ចីប្រាក់ពីស្ថាប័នតែមួយ ២០% ជាអ្នកខ្ចីប្រាក់ពី ២ស្ថាប័ន និង៤% ជាអ្នកខ្ចីប្រាក់ដល់ទៅ ៣ស្ថាប័ន។ ទាក់ទងនឹងការសងត្រឡប់វិញរបស់អ្នកខ្ចីប្រាក់ប្រាក់ត្រូវបានរបាយការណ៍របស់ CBC អះអាងថា អ្នកសងយឺតជាង ៩០ថ្ងៃមានចំនួន ៤.៥% គិតត្រឹមចុងឆ្នាំ២០២៣។ ទាក់ទងនឹងបំណុលនេះដែរ អង្គការសម្ព័ន្ធខ្មែរជំរឿន និងសិទ្ធិមនុស្សលីកាដូបានចេញផ្សាយរបាយការណ៍មួយកាលពីខែសីហា ឆ្នាំ២០២៣ ដោយដាក់ចំណងជើងថា “ហានិភ័យនៃបំណុល”។

លីកាដូបានលើកឡើងពីផលប៉ះពាល់ធ្ងន់ធ្ងរ ដែលបង្កឡើងដោយបំណុលកម្ចីឥណទាន។ ផលវិបាកដែលលីកាដូបានមើលឃើញរួមមាន   ការលក់ដីដោយបង្ខំ  ពលកម្មកុមារ ចំណាកស្រុកដោយអសុវត្ថិភាព ភាពអត់ឃ្លាន ការបំភិតបំភ័យ និងការគំរាមកំហែងដោយប្រើប្រាស់កម្លាំងអាជ្ញាធរ និងផលប៉ះពាល់ផ្សេងៗទៀត។

លោកស្រី ជា សេរី អគ្គទេសាភិបាលធនាគារជាតិ​កម្ពុជាធ្លាប់និយាយថា ការខ្ចីឥណទានមិនមែនជារឿងមិនល្អនោះទេ ប្រសិនបើកម្ចីនោះត្រូវបានយកទៅប្រើដើម្បីបង្កើនចំណូល និងចាយវាយចំគោលដៅនោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ