អានតួអត្ថបទ
កម្ពុជា-នយោបាយ

HRW៖លទ្ធផលបោះឆ្នោតព្រឹទ្ធសភាបង្ហាញថាកម្ពុជាបានងាកចេញពីគន្លងប្រជាធិបតេយ្យ

នៅថ្ងៃទី៣មេសា ឆ្នាំ២០២៤ អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Right Watch បានប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោតព្រឹទ្ធសភាអាណត្តិទី៥របស់កម្ពុជាដែលបានសម្រេចជ្រើសលោកហ៊ុន សែនជាប្រធាន។ ទន្ទឹមនឹងមិនទទួលស្គាល់ អង្គការឃ្លាំមើលសិទ្ធិមនុស្សមួយនេះថែមបានអំពាវនាវឲ្យបណ្តាម្ចាស់ជំនួយកម្ពុជាទាំងអស់រួមគ្នាដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជាឲ្យបញ្ឈប់រាល់សកម្មភាពគំរាមកំហែង និងការបំបិទសំឡេងក្រុមអ្នកប្រឆាំងតទៅទៀត។ សម្រាប់ Human Right Watch លទ្ធផលបោះឆ្នោតព្រឹទ្ធសភានេះបង្ហាញថាកម្ពុជាបានងាកចេញពីគន្លងប្រជាធិបតេយ្យ។

HRW៖លទ្ធផលបោះឆ្នោតព្រឹទ្ធសភាបង្ហាញថាកម្ពុជាបានងាកចេញពីគន្លងប្រជាធិបតេយ្យ
HRW៖លទ្ធផលបោះឆ្នោតព្រឹទ្ធសភាបង្ហាញថាកម្ពុជាបានងាកចេញពីគន្លងប្រជាធិបតេយ្យ © SHS
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីលោកហ៊ុន សែនត្រូវបានតែងតាំងជាប្រធានព្រឹទ្ធសភាផ្លូវការ អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Right Watch នៅថ្ងៃទី៣មេសា ឆ្នាំ២០២៤ បានចេញសេចក្តីថ្លែងការណ៍ប្រកាសមិនទទួលស្គាល់ជាដាច់ខាតចំពោះលទ្ធផលបោះឆ្នោត។ មិនទទួលស្គាល់ដោយ Human Right Watch មើលឃើញថា ដំណើរការបោះឆ្នោតព្រឹទ្ធិសភាអាណត្តិទី៥ នេះប្រព្រឹត្តទៅមិនសេរី និងមិនយុត្តិធម៌។ តាម Human Right Watch សកម្មភាពគំរាមកំហែង ការបំភិតបំភ័យ អំពើពុករលួយស៊ីសំណូកសូកប៉ាន់ និងប្រព័ន្ធច្បាប់ដ៏លំអៀងរបស់កម្ពុជាបានរារាំងអ្នកនយោបាយគណបក្សប្រឆាំងមិនឱ្យគាំទ្រតំណាងបេក្ខជនខ្លួននៅក្នុងការបោះឆ្នោតព្រឹទ្ធសភាអាណត្តិទី៥នេះ។

បន្ថែមពីការមិនទទួលស្គាល់ អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Right Watch បានស្នើឱ្យបណ្តាម្ចាស់ជំនួយកម្ពុជាទាំងអស់រួមគ្នាដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជាដឹកនាំដោយលោកហ៊ុន ម៉ាណែតឱ្យបញ្ឈប់សកម្មភាពគំរាមកំហែង និងបំបិទសំឡេងអ្នកប្រឆាំងតទៅទៀត។ ប្រតិកម្មនឹងសេចក្តីថ្លែងការណ៍របស់ Human Right Watch រដ្ឋាភិបាលកម្ពុជាតាមរយៈអ្នកនាំពាក្យលោក ប៉ែន បូណា បានបញ្ជាក់នៅថ្ងៃទី៤មេសា ឆ្នាំ២០២៤ នេះថា ការមិនទទួលស្គាល់ការបោះឆ្នោតព្រឹទ្ធសភានៅកម្ពុជារបស់ Human Right Watch ជារឿងគួរឱ្យខ្មាស់អៀន និងគ្មានតម្លៃអ្វីទាំងអស់។

បើតាមលោក ប៉ែន បូណា កម្ពុជាជារដ្ឋអធិបតេយ្យមួយដែលរាល់ការសម្រេចចិត្តរបស់អ្នកដឹកនាំជាសិទ្ធិសម្រេចរបស់ពលរដ្ឋខ្មែរដែលជាម្ចាស់ឆ្នោត និងថា គ្មានអង្គការណាអាចមានសិទ្ធិអំណាចមកសម្រេចជំនួសប្រជាជនខ្មែរបានឡើយ។

គួររម្លឹកថា ការបោះឆ្នោតព្រឹទ្ធសភាកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រូវបានចូលរួមដោយគណបក្សនយោបាយចំនួន៤ គឺគណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច។ លទ្ធផលបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាទទួលបាន ៥៥អាសនៈ និងគណបក្សឆន្ទៈខ្មែរទទួលបាន ៣អាសនៈក្នុងចំណោមអសនៈទាំង ៦២ ដែលនៅក្នុងព្រឹទ្ធសភា។ ចំណែកសមាជិកព្រឹទ្ធសភាចំនួន ៤រូបដែលនៅសេសសល់ពីការបោះឆ្នោត មាន២រូបត្រូវបានជ្រើសតាំងដោយព្រះមហាក្សត្រ គឺសម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ហើយ ២រូបទៀតត្រូវបានជ្រើសតាំងដោយរដ្ឋសភា គឺលោក សុខ ឥសាន និងលោក ហេង ហាលីម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ