អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

CDC៖ការបោះទុនវិនិយោគនៅកម្ពុជាកើនឡើងជិត ២ពាន់លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៤

នៅថ្ងៃសុក្រ ទី៥ ខែមេសា ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានចេញផ្សាយរបាយការណ៍ថ្មីមួយស្តីពីការបោះទុនវិនិយោគនៅកម្ពុជា។ តាមរបាយការណ៍ ទុនវិនិយោគបានកើនឡើងជិត ២ពាន់លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៤។ កំណើននេះត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបញ្ជាក់ថា គឺបានពីការវិនិយោគថ្មីនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ វិស័យឧស្សាហកម្ម វិស័យទេសចរណ៍ និងគម្រោងផលិតកម្មនៃឧស្សាហកម្មក្នុងតំបន់សេដ្ឋកិច្ចពិសេស។ តែអ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជាលោកបណ្ឌិត គី សេរីវឌ្ឍន៍មើលឃើញថា កំណើនទុនវិនិយោគនេះនៅមិនទាន់ហុចផលភ្លាមៗដល់សេដ្ឋកិច្ចកម្ពុជាទេ ព្រោះមានគម្រោងខ្លះត្រូវការពេលវេលាសាងសង់យូរ។

គម្រោងអគាររបស់ចិនក្នុងខេត្តព្រះសីហនុ
គម្រោងអគាររបស់ចិនក្នុងខេត្តព្រះសីហនុ © រដ្ឋបាលខេត្តព្រះសីហនុ
ផ្សាយពាណិជ្ជកម្ម

របាយការណ៍ថ្មីស្តីពីការបោះទុនវិនិយោគចេញផ្សាយដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឲ្យដឹងថា ក្នុងរយៈពេល ១ត្រីមាស ឆ្នាំ២០២៤ កម្ពុជាទទួលបានការដាក់ទុនវិនិយោគលើគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន ១០៦គម្រោងដែលគិតជាទឹកប្រាក់មានប្រមាណ ២,២ពាន់លានដុល្លារអាមេរិក និងបង្កើតបានការងារជាង១០៧ពាន់កន្លែង។ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ គឺមានការកើនឡើងចំនួន ៦៧គម្រោងនិងមានទុនវិនិយោគកើនឡើងប្រមាណជិត២ពាន់លានដុល្លារ។ កំណើនទុនវិនិយោគក្នុងត្រីមាសទី១ ឆ្នាំ ២០២៤ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បញ្ជាក់ថា គឺបានមកពីគម្រោងថ្មីនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ វិស័យឧស្សាហកម្ម វិស័យទេសចរណ៍ និងគម្រោងផលិតកម្មនៃឧស្សាហកម្មក្នុងតំបន់សេដ្ឋកិច្ចពិសេស។

តាមរបាយការណ៍របស់ CDC ដដែល គម្រោងថ្មីនេះមាន ៣៣គម្រោងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស និង ៧៣គម្រោងស្ថិតក្រៅតំបន់សេដ្ឋកិច្ចពិសេស។ គម្រោងថ្មីទាំងនោះរួមមាន ការសាង់សង់សណ្ឋាគារផ្កាយ៥ក្នុងខេត្តព្រះសីហនុ ការសាងសង់ទំនប់វារីអគ្គិសនីស្ទឹងមេទឹក ខេត្តកោះកុង ការសាងសង់កំពង់ផែពហុបំណង និងមណ្ឌលភស្ដុភារកម្មកំពង់ឆ្នាំង ឬមួយក៏គម្រោងបង្កើតអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យក្នុងខណ្ឌដូនពេញ និងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញជាដើម។ ក្រៅពីការវិនិយោគក្នុងស្រុកCDC ក៏បានលើកឡើងពីការវិនិយោគក្រៅស្រុកដែលមានប្រទេសចិនដាក់ទុនវិនិយោគច្រើនជាងគេ។

លោកគី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជាបានប្រាប់វិទ្យុបារាំងអន្ដរជាតិ RFI នៅថ្ងៃទី៥ ខែមេសានេះថា កំណើនទុនវិនិយោគដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបចេញផ្សាយនេះនៅមិនទាន់ហុចផលភ្លាមៗដល់សេដ្ឋកិច្ចកម្ពុជាទេ។ មិនទាន់ហុចផលភ្លាមៗដោយលោកគី សេរីវឌ្ឍន៍យល់ឃើញថា មានគម្រោងខ្លះត្រូវការពេលវេលាសាងសង់យូរ។ តែអ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជាមិនភ្លេចបន្ថែមថា ការកើនឡើងនៃឧស្សាហកម្មនាំចេញក៏ជាផ្នែកមួយទាក់ទាញអ្នកវិនិយោគទុនបរទេសចូលកម្ពុជាដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ