អានតួអត្ថបទ

ក្រសួងសាធារណៈការដាក់ចេញវិធានការ៣ចំណុច ក្រោយរថយន្ត បុកជាមួយរថភ្លើង

ក្រសួង​សាធារ​ណៈការ​ និង​​ក្រុម​ហ៊ុន ​រ៉ូយ៉ាល់ ​រេលវែ បាន​ប្រកាស​ដាក់​ចេញ​នូវ​វិធាន​ការ​បន្ទាន់​ចំនួន​៣​ចំណុច ​តាម​រយៈ​សន្និ​សិទ​សារ​ព័ត៌​មាន​មួយ​នៅ​ថ្ងៃ​ទី​៥​ខែ​មេសា។​ វិធាន​ការ​ទាំង​៣​ចំណុច​នោះ ​ទី​១​ការ​បង្កើន​ការ​បំពាក់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ការ​ពារ​ សុវត្ថិ​ភាព​តាម​ផ្លូវ​ដែល​មាន​ផ្លូវ​ដែក​ឆ្លង​កាត់​ និង​ការ​ដាក់​ឆ្មាំ​ការ​ពាររ​បាំង​ផ្លូវដែក​។ ​ទី២ ​ការ​បំពាក់​ស្លាក​សញ្ញា​ចរាចរណ៍ ​និង​ទី៣ វិធាន​ការ​ផ្សព្វ​ផ្សាយ​អប់រំ​។

គ្រោះថ្នាក់រវាងរថយន្ត និងរថភ្លើងនាពេលកន្លងមក
គ្រោះថ្នាក់រវាងរថយន្ត និងរថភ្លើងនាពេលកន្លងមក © FB
ផ្សាយពាណិជ្ជកម្ម

ការ​ចេញ​វិធានការ​ចំពោះ​មុខ​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​កើត​ឡើង​នៅ​ខេត្តពោធិ៍​សាត់ ​កាលពី​ថ្ងៃ​ទី​២៩​ខែ​មីនា ​រវាង​រថយន្ត​ក្រុង និង​រថភ្លើង​។

បើតាម​រដ្ឋមន្ត្រីសាធារណៈការ មូលហេតុ​ដែលនាំឲ្យមានគ្រោះថ្នាក់​រវាង​រថភ្លើង និង​រថយន្ត​កើតឡើង​ដោយ​សារតែ​មានកំណើនប្រជាជន និងការ​រីកចម្រើន​ខាង​ផ្លូវ​ថ្នល់ រួមទាំង​ការ​បិទបាំងដោយ​ដើមឈើ​លើ​ស្លាក​សញ្ញាចរាចរណ៍។ នៅ​កម្ពុជា​មាន​ផ្លូវ​ដែក​ពីរ​ខ្សែ ​គឺ​ភ្នំពេញ​ទៅ​ប៉ោយ​ប៉ែត​ប្រវែង​ ៣៨៦ ​គីឡូ​ម៉ែត្រ ​និង​ពី​ភ្នំពេញ​ទៅ​ក្រុង​ព្រះ​សីហនុ​ ដែល​មាន​ប្រវែង​ ២៦៦​គីឡូ​ម៉េត្រ ​ដោយ​មានផ្លូវ​ឆ្លង​កាត់​ចំនួន​៩៧៩​កន្លែង​។

នៅចំពោះមុខ​បញ្ហានេះ លោក ប៉េង ពោធិ៍នា បានដាក់​ចេញ​វិធានការបន្ទាន់៣ គឺទី១ការបង្កើន​ការបំពាក់​ហេដ្ឋា​រចនាសម្ព័ន្ធការពារ សុវត្ថិភាពតាមផ្លូវដែក និងការដាក់​ឆ្មាំការពាររបាំង​ផ្លូវដែក។ ទី២ ការបំពាក់​ស្លាក​សញ្ញាចរាចរណ៍ និងទី៣ វិធាននការ​ផ្សព្វផ្សាយ​អប់រំ។

​ សូមបញ្ជាក់ថា យ៉ាងហោចណាស់មនុស្សចំនួន៤៦នាក់ បានរងរបួសធ្ងន់ស្រាល ដោយសារតែរថភ្លើងដឹកអ្នកដំណើរមួយគ្រឿង បានបុកនឹងរថយន្តក្រុងដឹកអ្នកដំណើរដូចគ្នា កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នៅចំណុចផ្លូវចូលរមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

គួរកត់សំគាល់ថា ត្រឹមរយៈពេល​តែ៣ខែដើមឆ្នាំ២០២៤នេះ គឺមានគ្រោះថ្នាក់រវាងរថភ្លើង បុករថយន្តកើតមានយ៉ាងតិច៣លើកហើយ គឺ២ករណីនៅខេត្តពោធិ៍សាត់ និង១ករណីនៅខេត្តបាត់​ដំបង។

នៅខេត្តបាត់ដំបង កាលថ្ងៃទី០១ ខែកុម្ភ: ឆ្នាំ២០២៤ ក៏មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តដឹកដី និងរថភ្លើង បណ្តាលអោយមនុស្សម្នាក់របួសធ្ងន់ ខណៈថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ រថភ្លើងបានបុកជាមួយរថយន្តម៉ាកហ៊ីយ៉ាន់ដាយដឹកស្រូវ នៅស្រុកបាកាន ខេត្តពោធិ៍សាត់ មានអ្នករងរបួសធ្ងន់៤នាក់ និងរបួសស្រាល១នាក់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ