អានតួអត្ថបទ
កម្ពុជា-នយោបាយ

បក្សប្រឆាំង​ទាមទារឱ្យដោះលែង លោក ដាង ប៊ុនហាក់ មុនការបោះឆ្នោតអសកល

គណបក្សភ្លើងទៀន​ និងគណបក្សឆន្ទៈខ្មែរ​នៅថ្ងៃទី០៥ ខែមេសា បានចេញសេចក្តីថ្លែងការណ៍ទាមទារឱ្យសមត្ថកិច្ចដោះលែងលោក ដាង ប៊ុនហាក់ តំណាងបក្សឆន្ទៈខ្មែរក្នុងមណ្ឌលរាជធានីភ្នំពេញ។ ការទាមទារ​ឱ្យដោះលែង លោក ដាង ប៊ុនហាក់ ជាបន្ទាន់នេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនលោកដោយពុំមានដីកា ខណៈបក្សប្រឆាំងទាំងពីរយល់ថា នេះជារូបភាពគំរាមកំហែង និងបង្កបរិយាកាសអាប់អួរមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលនឹងប្រព្រឹត្តិនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខ។

លោក ដាង ប៊ុនហាក់ បេក្ខជនពេញសិទ្ធិឈរលេខរៀងទី១មណ្ឌលរាជធានីភ្នំពេញមកពីគណបក្សឆន្ទៈខ្មែរត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤
លោក ដាង ប៊ុនហាក់ បេក្ខជនពេញសិទ្ធិឈរលេខរៀងទី១មណ្ឌលរាជធានីភ្នំពេញមកពីគណបក្សឆន្ទៈខ្មែរត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ © Internet
ផ្សាយពាណិជ្ជកម្ម

ក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នា គណបក្សឆន្ទៈខ្មែរ អំពាវនាវឱ្យអាជ្ញាធរដោះលែងមន្ត្រីខ្លួនឱ្យមានសេរីភាពឡើងវិញ ដើម្បីធ្វើយ៉ាងណាធានាឱ្យបាននូវបរិយាកាសល្អ ទាំងសេរី និងយុត្តិធម៌​ សម្រាប់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤។

ចំណែក គណបក្សភ្លើងទៀនវិញ ក៏អំពានាវឱ្យមានការដោះលែង លោក ដាង ប៊ុនហាក់ ផងដែរ។ ប៉ុន្តែតាមរយៈសេចក្តីថ្លែងការណ៍នោះ បក្សភ្លើងទៀនបានថ្កោលទោសការចាប់ខ្លួននេះ និងទាមទារឱ្យអាជ្ញាធរបញ្ឈប់ការធ្វើទុកបុកម្នេញមកលើមន្ត្រី ឬសកម្មជនគណបក្សប្រឆាំងទាំងអស់មុនការបោះអសកលខាងមុខ។ តាមបក្សភ្លើងទៀន ការចាប់ខ្លួន លោក ដាង ប៊ុនហាក់ គឺជាការបំបាក់ស្មារតីដល់ប្រជាពលរដ្ឋខ្មែរមិនឱ្យចូលរួមសកម្មភាពជាមួយគណបក្សប្រឆាំង។

សូមជម្រាបថា កាលពីព្រឹកថ្ងៃទី០៥ ខែមេសា សមត្ថកិច្ចប្រមាណ៨នាក់បានចូលទៅចាប់ខ្លួន លោក ដាង ប៊ុនហាក់ អតីតអនុប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន និងបច្ចុប្បន្នជាតំណាងបក្សឆន្ទៈខ្មែរក្នុងមណ្ឌលរាជធានីភ្នំពេញ នៅឯផ្ទះរបស់លោកក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជាធានីភ្នំពេញដោយពុំមានដីកាអ្វីឡើយ។ 

ប៉ុន្តែនៅល្ងាចថ្ងៃទី០៥ មេសា ដដែល ស្នងការនគរបាលរាជធានីភ្នំពេញបានចេញមកបំភ្លឺជុំវិញការចាប់ខ្លួនលោក ដាង ប៊ុន ហាក់ និងដោយបានច្រានចោលរាល់ការចោទប្រកាន់របស់គណបក្សឆន្ទៈខ្មែរ និងគណបក្សភ្លើងទៀន ដែលថា ការចាប់ខ្លួនតំណាងបក្សឆន្ទៈខ្មែរជាបំភិតបំភ័យដល់សកម្មជននយោបាយ។

តាមស្នងការនគរបាលរាជធានីភ្នំពេញ ការចាប់ខ្លួនតំណាងរបស់បក្សឆន្ទៈខ្មែរ គឺធ្វើឡើងតបតាមបណ្តឹងរបស់បុគ្គលឈ្មោះ ម៉ែន ស្រីទូច និង ទូច សំអុល ដែលប្តឹង លោក ដាង ប៊ុនហាក់ ពីបទក្លែងបន្លំឯកសារសាធារណៈ ពាក់ព័ន្ធនឹងការចុះឈ្មោះពួកគេចូលក្នុងបញ្ជីបេក្ខជនបម្រុងជ្រើសរើសក្រុមបឹក្សាខណ្ឌមានជ័យ ដោយគ្មានការអនុញ្ញាតពីសាម៉ីខ្លួន។

បច្ចុប្បន្ន សមត្ថកិច្ច កំពុងកសាងសំណុំរឿងបញ្ចូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។ នេះបើតាមស្នងការនគរបាលរាជធានីភ្នំពេញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ