អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

កម្ពុជាជាប់លេខ១នៅអាស៊ាន ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ តែទំហំសេដ្ឋកិច្ចនៅតូច

កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ក្នុងតំបន់អាស៊ាន និងឈរនៅលេខរៀងទី០៣ក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេទាំង២០ក្នុងតំបន់អាស៊ី។ នេះបើយោងតាមរបាយការណ៍ដែលចេញផ្សាយដោយស្ថាប័នស្ថិតិឥណ្ឌូនេស៊ី Seasia stats។ តាមរបាយការណ៍ដដែល ក្នុងឆ្នាំ២០២៤នេះ កម្ពុជានឹងមានកំណើនសេដ្ឋកិច្ច៦,១%ដែលជាកំណើនមួយខ្ពស់គួរឱ្យកត់សម្គាល់។ ប៉ុន្តែអ្នកវិភាគសង្គមយល់ថា ភាពរីកលូតលាស់នៃកំណើនសេដ្ឋកិច្ចកម្ពុជានាពេលនេះ មិនបានឆ្លុះបញ្ចាំងឱ្យឃើញពីភាពរីកចម្រើនរបស់សេដ្ឋកិច្ចពលរដ្ឋឡើយ។ 

ពីជ្រុងម្ខាងនៃរាជធានីភ្នំពេញ
ពីជ្រុងម្ខាងនៃរាជធានីភ្នំពេញ © Internet
ផ្សាយពាណិជ្ជកម្ម

បើនិយាយក្នុងក្របខណ្ឌតំបន់អាស៊ាន កម្ពុជាឈរលើកំពូលតារាងលេខ០១ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងចំនួន៦,១% និងតាមពីក្រោយដោយប្រទេសភីលីពីនដែលមានកំណើនសេដ្ឋកិច្ច ៥,៩% និងប្រទេសវៀតណាមមានកំណើនសេដ្ឋកិច្ច ៥,៨%។ ដោយឡែកក្នុងតំបន់អាស៊ីវិញ កម្ពុជាជាប់ចំណាត់ថ្នាក់0៣ ដែលនៅក្រោមដែនដីកោះម៉ាកាវមានកំណើនសេដ្ឋកិច្ច២៧,២% និងប្រទេសឥណ្ឌាមានកំណើន៦,៣%។

តាមអ្នកសេដ្ឋកិច្ច ការកើនឡើងនៃកំណើនសេដ្ឋកិច្ចកម្ពុជា​ គឺជាផលវិជ្ជមានមួយដែលសរបញ្ជាក់ឱ្យឃើញថា វិស័យសំខាន់ៗរបស់កម្ពុជាជាច្រើនផ្តើមងើបឡើងវិញ និងកំពុងបោះជំហានទៅមុខ បន្ទាប់ពីរងគ្រោះពីវិបត្តិកូវីដ-១៩ និងវិបត្តិសាកលដទៃទៀត។ ប៉ុន្តែកំណើនសេដ្ឋកិច្ច ៦,១%សម្រាប់ឆ្នាំ២០២៤នេះ មិនមែនជាទំហំនៃសេដ្ឋកិច្ចកម្ពុជាជាក់ស្តែងឡើយ។

ត្រង់ចំណុចនេះ បើគេប្រៀបធៀបកំណើនសេដ្ឋកិច្ចរវាងកម្ពុជានឹងប្រទេសជិតខាង ដូចជា វៀតណាម និងថៃ គឺកម្ពុជាមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងប្រទេសទាំងពីរនេះ។ ប៉ុន្តែបើនិយាយអំពីទំហំសេដ្ឋកិច្ច ឬហៅថាទំហំផលិតផលក្នុងស្រុកសរុបGDPវិញ កម្ពុជាមានត្រឹមតែ ៣២.១៧ពាន់លានដុល្លារនៅឆ្នាំ២០២៣ ខណៈប្រទេសថៃដែលមានកំណើនសេដ្ឋកិច្ចត្រឹម២.៧% គឺមានទំហំGDPប្រមាណ៤៩៥ពាន់លានដុល្លារ និងវៀតណាមមានទំហំGDPសរុបជាង៣៥៥ពាន់លានដុល្លារ។

លោក យង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព ចាត់ទុកថា នេះមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលអ្វីឡើយ។ អ្វីដែលលោកចង់ឃើញវិញនោះគឺ ប្រជាពលរដ្ឋទទួលបានប្រាក់ចំណូលសមរម្យ និងលក្ខខណ្ឌរស់នៅថ្លៃថ្នូរ កាត់បន្ថយអត្រាក្រីក្រក្នុងប្រទេស រួមនឹងការបង្កើតការងារជូនពលរដ្ឋជាដើម។

បើយោងតាមសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឆ្នាំ២០២៤ ពលរដ្ឋខ្មែរម្នាក់អាចរកចំណូលជាមធ្យមបានប្រមាណ២,០៧១ដុល្លារក្នុងមួយឆ្នាំ ឬជាង១៦៨ដុល្លារក្នុងមួយខែ។ ចំនួននេះ គឺកើនឡើង៨% បើធៀបនឹងឆ្នាំ២០២៣ដែលពលរដ្ឋម្នាក់អាចរកចំណូលបាន១,៩១៧ដុល្លារក្នុងមួយឆ្នាំ ឬ១៥៩,៧៥ដុល្លារក្នុងមួយខែ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ