អានតួអត្ថបទ

ក្រសួង​សុខាភិបាល​ណែនាំឲ្យ​ពលរដ្ឋ​ប្រយ័ត្នរឿង​សុខភាព​ពេល​អាកាសធាតុ​ក្តៅ

ក្រសួង​សុខាភិបាល ​កាលពី​ថ្ងៃទី​០៧ ខែ​មេសា ឆ្នាំ​២០២៤ ​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ឲ្យពលរដ្ឋខ្មែរ​ទូទាំងប្រទេស​មានការ​ប្រុងប្រយ័ត្ន​ការពារ​សុខភាព​អំឡុងពេល​អាកាសធាតុ​កំពុងឡើងកំដៅ​។ ជាមួយគ្នានេះ ​ក្រសួងសុខាភិបាល​ក៏បានប្រាប់ពី​រោគសញ្ញាជំងឺផ្សេង​ៗ​ ដែលអាច​កើតមានឡើង ​ព្រមទាំងណែនាំ​ប្រជាជនពី​វិធីសាស្ត្រការពារ​ខ្លួន​ជាង១០​ចំណុច នៅពេល​មានហានិភ័យ​សុខភាព​កើតឡើង​។

អាកាសធាតុនៅកម្ពុជាឡើងកម្តៅខ្លាំងនៅក្នុងខែមេសា
អាកាសធាតុនៅកម្ពុជាឡើងកម្តៅខ្លាំងនៅក្នុងខែមេសា © FB
ផ្សាយពាណិជ្ជកម្ម

ក្រសួងសុខាភិបាល​បានប្រកាសថា ​បុគ្គលគ្រប់រូប​អាចធ្លាក់ខ្លួនឈឺ​ដោយសារកម្តៅ ​ជាពិសេសអ្នក​ដែលមានហានិភ័យ​ខ្ពស់ គឺមនុស្ស​ចាស់ ទារក កុមារ ​ស្ត្រីមានផ្ទៃពោះ ​អ្នកធ្វើការនៅ​លម្ហខាងក្រៅ ​អត្តពលិក អ្នកដែល​មានប្រព័ន្ធការពារ​រាងកាយខ្សោយ ​និងអ្នកមាន​ជំងឺរ៉ាំរ៉ៃ។ ​សេចក្តីប្រកាសរបស់​ក្រសួងសុខាភិបាល​បញ្ជាក់ថា អាកាសធាតុ​ក្តៅខ្លាំងអាចបណ្តាលឲ្យ​មានរោគសញ្ញា​មួយចំនួន ដូចជា​បែកញើសខ្លាំង​ខុសពីធម្មតា ​អស់កម្លាំង​ រមួលក្រពើ ​ឈឺក្បាល ចង្អោរ ក្អួត ​វិលមុខ ដួលសន្លប់ ​ជីពចរដើរលឿន​ហើយខ្សោយ និង​ជំងឺដាច់សរសៃ​ឈាមខួរក្បាល​ជាដើម​។

ជាមួយគ្នានេះ ​ក្រសួងក៏បាន​អំពាវនាវ និងរំលឹក​ដល់ប្រជាពលរដ្ឋ​ទាំងអស់ឲ្យប្រុងប្រយ័ត្ន​ចំពោះសុខភាព និង​អនុវត្តនូវវិធីសាស្ត្រ​មួយចំនួនដូចជា​ត្រូវហូបទឹកឲ្យបាន​ញឹកញាប់ លើសពី២​លីត្រ ក្នុង​១ថ្ងៃ បង្ការ​ជំងឺរាគរូស ​ត្រូវមានអនាម័យ​ជាប្រចាំ ចៀសវាង​ការពិសាជាតិ​អាល់កុល កាហ្វេ ​តែ ​ភេសជ្ជៈដែលមាន​ជាតិកាហ្វេអ៊ីន ​ជាតិស្ករ ​និងជាតិ​អំបិលច្រើន ​ជាហេតុធ្វើឲ្យ​ជាតិទឹកក្នុងរាងកាយ​មានការថយចុះ​។

បន្ថែមពីនេះ ​សេចក្តីណែនាំ​ក៏បានហាមប្រាម​ដល់ពលរដ្ឋកុំឲ្យ​ស្ថិតនៅក្រោម​កំដៅថ្ងៃដោយផ្ទាល់​រយៈពេលយូរ ​ត្រូវស្លៀកសម្លៀកបំពាក់​រលុង កាត់បន្ថយកំដៅ​ដោយបិទ​បង្អួច និងទ្វារ ​នៅពេលថ្ងៃ ​និង​បើកបង្អួចនៅ​ពេលយប់។ ​លើសពីនេះ ក្រសួង​សុខាភិបាលក៏បាន​ប្រាប់ពីវិធីជួយ​បឋមដល់​បុគ្គល ​ដែលងាយ​រងគ្រោះ ពីការ​ឡើងកម្តៅ និង​ណែនាំឲ្យទៅកាន់​មណ្ឌលសុខភាព ​ឬ​មន្ទីរពេទ្យ ដែលនៅ​ជិតបំផុត ប្រសិនបើ​មានបញ្ហា​ប្រឈមខ្លាំង​។

សូមបញ្ជាក់​ថា ចាប់ពីថ្ងៃទី​៨ ដល់ថ្ងៃទី១០​ ខែ​មេសា ឆ្នាំ​២០២៤ សីតុណ្ហភាព​អតិបរមានៅតាម​តំបន់មួយចំនួននៃ​ប្រទេសកម្ពុជា​កើនឡើងរហូតដល់​ ៣៩អង្សារសេ។​ នេះបើតាម​ក្រសួងធនធានទឹក ​និង​ឧត្តុនិយម។ ​ក៏ប៉ុន្តែតាមស្ថានភាព​ជាក់ស្តែង តំបន់ខ្លះ​ត្រូវបានវាស់ក្រៅ​ផ្លូវការថា​ សីតុណ្ហភាព​បានកើនដល់​៤០ ឬ៤១​អង្សារសេ ​រយៈពេលប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​។

ទោះយ៉ាងណា ​លោក សុទ្ធ គឹមកុលមុនី ​អ្នកនាំពាក្យ​គណៈកម្មាធិការជាតិ​គ្រប់គ្រងគ្រោះមហន្តរាយ​បានប្រាប់វិទ្យុ​បារាំង RFI ​នៅថ្ងៃចន្ទទី៨​ ខែមេសានេះថា ​នៅមិនមាន​ពលរដ្ឋណាម្នាក់​បានរងគ្រោះ​ដោយសារសីតុណ្ហភាព​ក្តៅខ្លាំង​នៅឡើយ​។ លោកថាអង្គភាព​គ្រប់គ្រងគ្រោះមហន្តរាយ​កំពុងតាមដាន​យ៉ាងយកចិត្តទុកដាក់​ចំពោះបញ្ហានេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ