អានតួអត្ថបទ

សង្គម​ស៊ីវិល​៖ ​ការចាប់ខ្លួន​លោក ​កើត សារ៉ាយ ​ជាការ​បន្ត​បិទ​សម្លេង ​និង​សេរីភាព​បញ្ចេញ​មតិ

នៅថ្ងៃ​ទី​០៨ ​ខែ​មេសា ​ឆ្នាំ​២០២៤​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួនជាង​៥០ ​បានចេញ​សេចក្តីថ្លែងការណ៍​រួមមួយ ​ដោយបាន​សម្តែង​ការសោកស្តាយ​ចំពោះ​ការចាប់​ឃុំខ្លួន​លោក ​កើត សារ៉ាយ ​ប្រធានសមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​។ ​ជាមួយគ្នានេះ ​អង្គការ​សង្គមស៊ីវិល ​ក៏បាន​ស្នើទៅ​តុលាការ​ក្រុង​ភ្នំពេញឲ្យ​ទំលាក់​ចោល​បទចោទ ​និង​ដោះលែង ​លោក ​កើត សារ៉ាយ ​ដោយ​ឥត​លក្ខខណ្ឌ​។

លោក កើត សារ៉ាយ សកម្មជនសិទ្ធិមនុស្ស និងបរិស្ថាន ដែលអាជ្ញាធរចាប់ខ្លួន
លោក កើត សារ៉ាយ សកម្មជនសិទ្ធិមនុស្ស និងបរិស្ថាន ដែលអាជ្ញាធរចាប់ខ្លួន © សហការី
ផ្សាយពាណិជ្ជកម្ម

ក្រុម​អង្គការសង្គមស៊ីវិល ​ដែលរួម​មានយុវជន​ សហគមន៍ ​សហជីព​ សមាគម និង​អង្គការសង្គមស៊ីវិល​ជាតិសរុប​ចំនួន​៥៤ ​បានអំពាវនាវ​ដល់សាលា​ដំបូងរាជធានី​ភ្នំពេញឲ្យទំលាក់ចោល​បទចោទ និង​ដោះលែងសកម្មជន​សិទ្ធិមនុស្ស និង​បរិស្ថាន ​លោក កើត សារ៉ាយ ​ជាបន្ទាន់ និង​ដោយឥតលក្ខខណ្ឌ​ ព្រមទាំងស្នើសុំឲ្យ​បើកចំហ​សេរីភាពក្នុងការ​បញ្ចេញមតិឲ្យបាន​ពេញលេញ​ដល់ពលរដ្ឋ​ដែលខ្វល់ខ្វាយ​ពី​បញ្ហាសង្គម​។

ការស្នើសុំ​រួមគ្នា​របស់ក្រុម​សង្គមស៊ិវិលទាំងនេះ ​ធ្វើឡើង​ក្រោយលោក​ កើត សារ៉ាយ ​ប្រធាន​សមាគមសម្ព័ន្ធ​និស្សិតបញ្ញវន្តខ្មែរ ​និងជាអ្នក​ការពារសិទ្ធិមនុស្ស​ដ៏សកម្មមួយរូប ​ត្រូវបាន​ប៉ូលីសក្រុងភ្នំពេញ​ចាប់ខ្លួនកាលពីថ្ងៃ​ទី០៥ ខែមេសា ​ឆ្នាំ២០២៤ ​ក្រោយលោក​បញ្ចេញមតិការពារ​ពលរដ្ឋរឿងវិវាទ​ដីធ្លីនៅខេត្ត​ព្រះវិហារកាលពីពេល​ថ្មីៗកន្លងទៅនេះ​។ អាជ្ញាធរ​បានចាប់ខ្លួន​លោក កើត សារ៉ាយ ​ពីបទពាក់ព័ន្ធ​នឹង​ករណីញុះញង់​បង្កឲ្យមានភាព​វឹកវរធ្ងន់ធ្ងរ​ដល់សន្តិសុខសង្គម​ និងបទ​មិនរាងចាល​ក្នុងបទមជ្ឈិម​បន្ទាប់ពី​ការផ្តន្ទាទោស​បទមជ្ឈិម​។

ក្រុមអង្គការ​សង្គមស៊ីវិល​បានហៅការចាប់ខ្លួន​លោក កើត សារ៉ាយ​ ថា​ជាការបន្តបិទសម្លេង​ និង​សិទ្ធិសេរីភាពក្នុងការ​បញ្ចេញមតិ និងជាការ​បង្ក្រាបទៅលើ​សកម្មជន​សិទ្ធិមនុស្ស ​បរិស្ថាន ដែលនេះ​ជាការ​រំលោភបំពាន​ទៅលើសិទ្ធិ​សេរីភាពជាមូលដ្ឋាន ​ដែល​ធានាដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា​។ ម្យ៉ាងទៀតការចាប់ខ្លួន​​លោក​កើត សារ៉ាយ​ នៅកៀកបុណ្យចូលឆ្នាំ​ខ្មែរ​​អាច​ប៉ះពាល់​ដល់​​សិទ្ធិជួបជុំគ្រួសារ​របស់លោក​ផងដែរ។ ​នេះបើតាមសង្គម​ស៊ីវិល។

ក៏ប៉ុន្តែ​អាជ្ញាធរប៉ូលីសថា ​លោក កើត សារ៉ាយ ​បានទៅជួប​សម្ភាសន៍​ពលរដ្ឋ ដែលមាន​វិវាទដីធ្លី ​ហើយបញ្ជូន​រូបភាព និង​វីដេអូទៅ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយនៅក្រៅ​ប្រទេសផ្សាយបន្ត ​ដែលទាំងអស់នេះ​សមត្ថកិច្ច​ចាត់ទុកថាជា​សកម្មភាព​ញុះញង់នាំឲ្យពលរដ្ឋ​ខឹង​សម្បារនឹង​រដ្ឋាភិបាល​។

សាលាដំបូង​រាជធានីភ្នំពេញ ​មិនមានការ​ធ្វើអត្ថាធិប្បាយយ៉ាងណា​នៅឡើយនៅ​ថ្ងៃចន្ទនេះ ​ទាក់ទងទៅនឹង​សេចក្តីថ្លែងការណ៍​របស់អង្គការ​សង្គមស៊ីវិល​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ