អានតួអត្ថបទ
កម្ពុជា-សង្គម

រដ្ឋាភិបាលលើកទឹកចិត្តគូស្វាមីភរិយាដែលមានលទ្ធភាព គួរយកកូនឲ្យបានច្រើន

ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៤ របស់ក្រសួងផែនការ នាព្រឹក ថ្ងៃទី០៩ ខែ មេសា នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត លើកទឹកចិត្តពលរដ្ឋដែលមានលទ្ធភាព ឲ្យមានកូនលើសចំនួនកំណត់ ដើម្បីចៀសវាងកង្វះកម្លាំង នាថ្ងៃអនាគត។ ក្នុងពិធីបិទសន្និបាត លោក ហ៊ុន ម៉ាណែត លើកឡើងថានៅឆ្នាំ២០៥០ ចំនួនប្រជាជនដែលមានវ័យចាស់នឹងមានច្រើនជាងមនុស្សវ័យក្មេង ។ បច្ចុប្បន្នអត្រាមនុស្សវ័យកណ្តាល មានកម្រិតធំនៅឡើយ ប៉ុន្តែបើសិនជាចំនួនអ្នកកើត កាន់តែតិចជាងចំនួនអ្នកចាស់ មិនយូរមិនឆាប់កម្ពុជានឹងអាចខ្វះកម្លាំងពលកម្ម នាពេលអនាគត។

រដ្ឋាភិបាល លើកទឹកចិត្តគូស្វាមីភរិយាដែលមានលទ្ធភាពគួរយកកូនច្រើនចៀសវាងការខ្វះកម្លាំងនាពេលខាងមុខ
រដ្ឋាភិបាល លើកទឹកចិត្តគូស្វាមីភរិយាដែលមានលទ្ធភាពគួរយកកូនច្រើនចៀសវាងការខ្វះកម្លាំងនាពេលខាងមុខ REUTERS - STRINGER
ផ្សាយពាណិជ្ជកម្ម

ក្នុងឱកាសពិធីបិទសន្និបាតប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានបង្ហាញក្តីបារម្ភចំពោះកំណើនប្រជាជនវ័យចាស់ ដែលនឹងកើនចំនួនច្រើនជាងប្រជាជនវ័យកណ្តាលនៅឆ្នាំ២០៥០ ដោយសារអត្រាកំណើតទាប ។ បើតាមជំរឿនទូទៅនៅឆ្នាំ២០១៩ កម្ពុជានៅឆ្នាំ២០៥០ នឹងមានប្រជាជនអាយុក្រោម ១៥ឆ្នាំ ប្រមាណ១៥.៥% ប្រជាជនដែលមានអាយុពី១៥ ទៅ៦៤ឆ្នាំមាន៦៧.៥% និងប្រជាជនដែលមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅ មានចំនួន១៧.១%។

លោកនាយករដ្ឋមន្ត្រីកម្ពុជាបន្ថែមថា ផ្អែកតាមជំរឿន បើទោះកម្ពុជាមិនទាន់មានបញ្ហាចោទនៅឆ្នាំ២០៥០ ដោយសារការខ្វះកម្លាំងពលកម្មក្តី ប៉ុន្តែសញ្ញានៃការថយចុះ គម្លាតអ្នកដែលមានអាយុចាស់ និងអ្នកដែលពេញកម្លាំង គឺចាប់ផ្តើមមាន ហើយប្រសិនបើអត្រាកំណើតកាន់តែថយ នោះនឹងអាចមានបញ្ហាប្រឈម។

បើតាមប្រមុខរដ្ឋាភិបាល គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ គឺឈរលើគោលការណ៍ ទទួលស្គាល់ និង គាំទ្រសិទ្ធិរបស់គូស្វាមីភរិយា និង បុគ្គលទាំងអស់ ឱ្យមានសិទ្ធិជាមូលដ្ឋានក្នុងការសម្រេចចិត្ត ដោយសេរី និងដោយទទួលខុសត្រូវលើចំនួនកូន ការពន្យារកំណើត និងមានលទ្ធភាពទទួលបានព័ត៌មាន ការអប់រំ សេវា និងមធ្យោបាយ ដើម្បីធ្វើការសម្រេចចិត្តនេះ។ ប៉ុន្តែ រដ្ឋាភិបាលនៅតែបន្តជំរុញលើកទឹកចិត្តដល់គូស្វាមីភរិយា ដែលមានលទ្ធភាពសេដ្ឋកិច្ច គួរតែមានកូនច្រើនលើសពីចំនួនកំណត់ ដើម្បីជៀសវាងនូវហានិភ័យកង្វះកម្លាំងពលកម្ម នៅថ្ងៃអនាគត។

បើតាមអ្នកវិភាគសង្គម លោក សន ជ័យ ប្រជាពលរដ្ឋមានកូនច្រើនគឺជារឿងល្អ ព្រោះបានរួមចំណែកក្នុងកម្លាំងគ្រួសារផង និងជួយកម្លាំងកំណើនសេដ្ឋកិច្ចជាតិផង ។ ផ្ទុយទៅវិញ ប្រសិនបើកម្ពុជាមានកម្លាំងពលកម្មច្រើន ប៉ុន្តែបើពលរដ្ឋទៅធ្វើការនៅក្រៅប្រទេស ឬចំណាកស្រុកជាដើម នោះក៏នៅតែជាបញ្ហាប្រឈមខ្វះខាតកម្លាំងពលកម្មនៅក្នុងស្រុកដដែល។

លោក សន ជ័យ ផ្តល់យោបល់ថា ជាការលើកទឹកចិត្ត រដ្ឋគួរតែគាំទ្រគ្រួសារណាដែលមានកូនច្រើន និងជួយទំនុកបម្រុងដល់គ្រួសារនោះឱ្យទទួលបានការសិក្សាអប់រំពេញលេញ ព្រមទាំងយកចិត្តទុក្ខដាក់ជួយជីវភាពគ្រួសារពួកគេឱ្យបានល្អ។

យោងតាមជំរឿនទូទៅស្តីពីប្រជាជនកម្ពុជា នៅឆ្នាំ២០១៩ កម្ពុជាមានចំនួនប្រជាជនសរុបចំនួន ១៥.៥៥២.២២១ នាក់ ក្នុងនោះប្រុសចំនួន ៧.៥៧១.៨៣៧នាក់ ស្មើនឹង ៤៨.៧% ដោយឡែកស្រីចំនួន ៧.៩៨០.៣៧៤នាក់ ស្មើនឹង៥១ .៣%។  អត្រាកំណើនប្រជាជនជាមធ្យម ប្រចាំឆ្នាំគឺ ១.៤% ។ លទ្ធផលជំរឿន ឆ្នាំ២០០៨ធ្លាប់បង្ហាញថា ចំនួនប្រជាជនសរុបមានចំនួន ១៣.៤លាននាក់។ អាចនិយាយបានថា ចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៩ ចំនួនប្រជាជនកម្ពុជាបានកើនឡើងចំនួន២លាន ២សែននាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ