អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោកហ៊ុន សែន៖កម្ពុជាមិនល្ងង់យកព្រែកជីកហ្វូណនទៅសម្រួលវត្តមានយោធាចិនលើទឹកដីខ្លួនឡើយ

កម្ពុជាមិនល្ងង់ដល់ថ្នាក់យកព្រែកជីកហ្វូណនទៅសម្រួលវត្តមានយោធាចិនលើទឹកដីខ្លួន ដែលផ្ទុយពីរដ្ឋធម្មនុញ្ញនោះទេ។ ប្រធានព្រឹទ្ធសភាកម្ពុជាលោក ហ៊ុន សែន អះអាងដូច្នេះ នៅរសៀលថ្ងៃទី៩មេសា ឆ្នាំ២០២៤ បន្ទាប់ពីការសិក្សានិងសេចក្តីរាយការណ៍ជាច្រើនបានព្រមានថា ការសាងសង់ព្រែកជីកហ្វូណនរបស់រដ្ឋាភិបាលកម្ពុជានឹងសម្រួលដល់កងទ័ពជើងទឹកចិននៅកម្ពុជា ជិតព្រំដែនវៀតណាម។ លោក ហ៊ុន សែន ចាត់ទុកការលើកឡើងទាំងនេះថា ជាការមួលបង្កាច់ដើម្បីយកទៅប្រឆាំងចិនតែប៉ុណ្ណោះ។

លោកហ៊ុន សែន៖កម្ពុជាមិនល្ងង់យកព្រែកជីកហ្វូណនទៅសម្រួលវត្តមានយោធាចិនលើទឹកដីខ្លួនឡើយ
លោកហ៊ុន សែន៖កម្ពុជាមិនល្ងង់យកព្រែកជីកហ្វូណនទៅសម្រួលវត្តមានយោធាចិនលើទឹកដីខ្លួនឡើយ © Hun Sen
ផ្សាយពាណិជ្ជកម្ម

ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានបញ្ជាក់ក្នុងទំព័រហ្វេសប៊ុកនៅថ្ងៃទី៩មេសា ឆ្នាំ២០២៤ ថា រដ្ឋាភិបាលកម្ពុជាមិនយកព្រែកជីកហ្វូណនទៅជួយសម្រួលដល់វត្តមានកងទ័ពជើងទឹកចិន ឈរជើងជិតព្រំដែនកម្ពុជាវៀតណាម។ ការយកព្រែកជីកហ្វូណនដែលជាគម្រោងប្រវត្តិសាស្ត្រកម្ពុជាទៅបម្រើទ័ពបរទេស ត្រូវបានលោក ហ៊ុន សែនចាត់ទុកជាទង្វើល្ងង់ខ្លៅបំផុត។ លោកនៅបានចោទជាសំណួរថា តើកម្ពុជាឆោតល្ងង់ រហូតដល់យកកងទ័ពចិន មកនៅក្នុងប្រទេសរបស់ខ្លួន ដែលវាផ្ទុយនឹងរដ្ឋធម្មនុញ្ញរបស់ខ្លួនឬ?

ក្នុងរដ្ឋធម្មនុញ្ញ មាត្រាទី៥៣បានចែង ហាមមិនឲ្យកម្ពុជាមានមូលដ្ឋានយោធាបរទេសលើទឹកដីរបស់ខ្លួន ចំណែកមាត្រាទី៥៥កំណត់ថា កម្ពុជាត្រូវលុបចោលដាច់ខាតនូវសិន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងឡាយណាដែលមិនស្របនឹងឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អព្យាក្រឹតភាព និងឯកភាពជាតិរបស់កម្ពុជា ។

ដើម្បីការពារភាពស្អាតស្អំ ប្រធានព្រឹទ្ធសភាថ្មី លោកហ៊ុន សែនមិនភ្លេចបញ្ជាក់ពីចំណងមិត្តភាពស្អិតល្មួតគ្រប់វិស័យរវាងកម្ពុជានិងវៀតណាម ហើយនិងទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងវៀតណាម។ ទំនាក់ទំនងប្រទាក់ក្រឡានេះបញ្ជាក់ថា ប្រទេសទាំងសងខាងគ្មានភាពចាំបាច់អ្វីយកកងទ័ពបរទេសមកការពារទឹកដីខ្លួន។ មួយវិញទៀត លោក ហ៊ុន សែន ជឿជាក់ថាចិនក៏មិនល្ងង់យកមូលដ្ឋានកងទ័ពរបស់ខ្លួនមកដាក់នៅកម្ពុជា ផ្ទុយពីគោលការណ៍គោរពឯករាជ្យភាពកម្ពុជាដែរ។

លោក ហ៊ុន សែន បានចាត់ទុកការលើកឡើងទាំងនេះថា គឺជាការមួលបង្កាច់ ដើម្បីយកទៅប្រឆាំងចិន តាមយុទ្ធសាស្ត្រនៃភូមិសាស្ត្រនយោបាយតែប៉ុណ្ណោះ។

គួរជម្រាបថា សេចក្តីរាយការណ៍និងការសិក្សាស្តីពីផលប៉ះពាល់នៃគម្រោងព្រែកជីកហ្វូណនបានធ្លាក់មកជាហូរហែ។ ជាក់ស្តែង វិទ្យាស្ថានស្រាវជ្រាវគាំទ្រដោយរដ្ឋអំណាចវៀតណាមមួយត្រូវបានកាសែតសឹង្ហបុរី The Straits Times ស្រង់មកចុះផ្សាយនៅថ្ងៃទី៦មេសាថា ព្រីកជីកហ្វូណនកម្ពុជានឹងបម្រើវិស័យយោធាចិននៅក្នុងទឹកដីកម្ពុជាកាន់តែជ្រៅ ក្បែរផ្នែកខាងក្រោមនៃប្រទេសវៀតណាម ស្របពេលដែលចិនកំពុងអភិវឌ្ឍកំពង់ផែកងទ័ពជើងទឹករាមនៅកម្ពុជាស្រាប់។

ចំណែក កាសែតជប៉ុន Nikkie Asia កាលពីថ្ងៃទី១២មីនាបានចុះផ្សាយការសិក្សាស្រាវជ្រាអ្នកជំនាញផ្នែកទន្លេមេគង្គ និងអ្នកជំនាញផ្នែកធនធានទឹករបស់វៀតណាមដោយសរសេរថា គម្រោងព្រែកជីកហ្វូណនរបស់កម្ពុជានឹងជះផលប៉ះពាល់ខ្លាំងដល់លំហូរទឹកទន្លេមេគង្គ ការហូរចូលនៃទឹកប្រៃពីសមុទ្រចូលក្នុងតំបន់ដីសណ្តរទន្លេ និងកង្វះដីល្បាប់ក្នុងទន្លេ។

សូមជម្រាបថា គម្រោងព្រែកជីកហ្វូណននេះនឹងត្រៀមសាងសង់ឡើងនៅចុងឆ្នាំ២០២៤នេះ ក្រោមទុនវិនិយោគសរុបរបស់ចិនប្រមាណ១,៧ពាន់លានដុល្លារ។ ព្រែកជីកនេះមានប្រវែង១៨០គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួន៤រួមមាន ខេត្តកណ្តាល តាកែវ កំពត កែប រួមនឹង ទន្លេមេគង្គ ទន្លេបាសាក់ រហូតដល់សមុទ្រខេត្តកែប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ