អានតួអត្ថបទ
កម្ពុជា-បរិស្ថាន

MRC៖សារធាតុគីមីហៀរចេញពីឡានក្រឡាប់នៅឡាវមិនបានបង្កផលប៉ះពាល់ដល់ទឹកទន្លេមេគង្គ

នៅថ្ងៃទី៨មេសា ឆ្នាំ២០២៤ គណៈកម្មការទន្លេមេគង្គ (MRC) បានបញ្ជាក់ថាឧបទ្ទវហេតុក្រឡាប់រថយន្តដឹកអាស៊ីតស៊ុលផួរិចនៅប្រទេសឡាវ កាលពីសប្តាហ៍មុន មិនបានបង្កផលប៉ះពាល់ដល់គុណភាពទឹកទន្លេមេគង្គនោះទេ។ ក្នុងន័យនេះ កម្ពុជាដែលស្ថិតនៅចម្ងាយជាង១ពាន់គីឡូម៉ែត្រពីកន្លែងកើតហេតុក៏គ្មានផលប៉ះពាល់អ្វីដែរ។ យ៉ាងណាមិញ ក្រសួងធនធានទឹកនិងឧតុនិយមកម្ពុជាបានធានាបន្តតាមដានពីផលប៉ះពាល់ គុណភាពទឹកទន្លេមេគង្គក្នុងខេត្តទាំង៥ក្នុងប្រទេសកម្ពុជា។

MRC៖សារធាតុគីមីហៀរចេញពីឡានក្រឡាប់នៅឡាវមិនបានបង្កផលប៉ះពាល់ដល់ទឹកទន្លេមេគង្គ
MRC៖សារធាតុគីមីហៀរចេញពីឡានក្រឡាប់នៅឡាវមិនបានបង្កផលប៉ះពាល់ដល់ទឹកទន្លេមេគង្គ © The Nation
ផ្សាយពាណិជ្ជកម្ម

បើតាមគណៈកម្មការទន្លេមេគង្គ (MRC) សារធាតុគីមីដែលបានលេចធ្លាយចេញពីរថយន្តក្រឡាប់នៅប្រទេសឡាវនិងបានហូរចូលក្នុងដៃទន្លេមេគង្គកាលពីសប្តាហ៍មុន គឺជាអាស៊ីតស៊ុលផួរិចខ្លាំង ដែលអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិតមនុស្ស។ អាស៊ីតស៊ុលផួរិច អាចធ្វើឱ្យប៉ះពាល់ដល់ស្បែក ភ្នែក សួត និងធ្មេញជាដើម។ ក្នុងករណីប៉ះពាល់ជាមួយសារធាតុមួយនេះខ្លាំង មនុស្សអាចប្រឈមនឹងការខ្វាក់ភ្នែក ឬ អាចឈានដល់ស្លាប់បាន។

ប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរ គណៈកម្មការទន្លេមេគង្គ (MRC) អះអាងថាខ្លួនបានចុះពិនិត្យអង្កេតដោយផ្ទាល់ជាមួយស្ថាប័នជំនាញពាក់ព័ន្ធឡាវ នៅថ្ងៃទី៧មេសា ហើយលទ្ធផលបង្ហាញថា ស្ទឹងណាមខាន់ និងទន្លេមេគង្គមិនបានរងផលប៉ះពាល់ដោយអាស៊ីតស៊ុលផួរិច ដែលហៀរចេញពីការក្រឡាប់រថយន្តនោះទេ។

សូមជម្រាបជូនថា កាលពីថ្ងៃទី៣មេសា រថយន្តមួយគ្រឿងដែលដឹកអាស៊ីតស៊ុលផួរិចសរុបប្រមាណ៣០តោន បានក្រឡាប់កំពប់សារធាតុគីមីនោះចូលទៅក្នុងស្ទឹងណាមខាន់ ក្នុងភូមិភូសាងខាំ ខេត្តហ្លួងប្រាបាង ប្រទេសឡាវ។ តាមការបញ្ជាក់របស់គណៈកម្មការទន្លេមេគង្គ អាស៊ីតស៊ុលផួរិចប្រមាណ ៣០តោននោះមិនបានកំពប់ហូរចូលស្ទឹងណាមខាន់ ទាំងអស់ទេ។

ស្ទឹងណាមខាន់ គឺជាដៃទន្លេមេគង្គ ហូរចាក់ចូលទន្លេមេគង្គ ត្រង់ចំណុចទីក្រុងហ្លួងប្រាបាង ដែលមានចម្ងាយពីព្រំប្រទល់កម្ពុជា-ឡាវប្រមាណ ១៣៧០គីឡូម៉ែត្រ។ ស្ទឹងណាមខាន់នេះស្ថិតនៅខាងលើក្រុងប៉ាក់សេ ប្រមាណ ១២២០គីឡូម៉ែត្រ ខាងលើរដ្ឋធានីវៀងចន្ទន៍ប្រមាណ ៥០០គីឡូម៉ែត្រ។ នៅខាងក្រោមទីក្រុងហ្លួងប្រាបាង ចម្ងាយប្រមាណ ១២០គីឡូម៉ែត្រ មានទំនប់វារីអគ្គិសនី សាយ៉ាបូរី នៅលើដងទន្លេមេគង្គ។

នៅកម្ពុជា ទន្លេមេគង្គហូរកាត់ខេត្តចំនួន៥ គឺស្ទឹងត្រែង ក្រចេះ កំពង់ចាម កណ្ដាល និងខេត្តព្រៃវែង។ ក្នុងសេចក្តីប្រកាសនៅថ្ងៃទី៨មេសា ប្រទេសកម្ពុជាតាមរយៈក្រសួងធនធានទឹកនិងឧតុនិយម បានអះអាងថា ក្រសួងនិងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា កំពុងបន្តចិត្តទុកដាក់ តាមដានផលប៉ះពាល់គុណភាពទឹកទន្លេមេគង្គក្នុងប្រទេសកម្ពុជា ដែលអាចកើតមានជាយថាហេតុនៅពេលក្រោយ។

នៅក្រោយហេតុការណ៍នេះកើតឡើង អាជ្ញាធរឡាវបានប្រកាសថា មានត្រីជាច្រើនក្បាលងាប់ពាសពេញទឹកទន្លេណាមខាន់។ អាជ្ញាធរឡាវប្រកាសផ្អាកការនេសាទ និងហាមប្រជាជនមិនឱ្យងូតទឹក ហែល ឬប្រមូលត្រីងាប់ពីស្ទឹងណាមខាន់ និងពីទន្លេមេគង្គក្នុងទឹកដីហ្លួងប្រាបាង មកលក់ឬមកបរិភោគឡើយ។

ដោយឡែក នៅប្រទេសថៃ អាជ្ញាធរសុខាភិបាលក៏បានជូនដំណឹងទៅកាន់ប្រជាជនក្នុងខេត្តចំនួន៧ ជាប់ទន្លេមេគង្គ ឱ្យប្រុងប្រយ័ត្ន និងណែនាំពីរបៀបការពារខ្លួន និងរួសរាន់ទៅមន្ទីរពេទ្យ ប្រសិនបើមានប៉ះពាល់ជាមួយទឹកដែលមានសារធាតុអាស៊ីតស៊ុលផួរិច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ