អានតួអត្ថបទ

គ.ប.ម ​បញ្ជាក់ជំហរ​ចងសម្ព័ន្ធភាព​ដដែល​ជាមួយ​បក្ស​ប្រឆាំង​៣​ផ្សេង​ទៀត

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​(គ.ប.ម) ​បានប្រកាស​កាលពីថ្ងៃ​ទី​០៩ ​ខែ​មេសា ​ឆ្នាំ​២០២៤ ​ថាគណបក្ស​នឹងបន្ត​ចូលរួម​ជាមួយ​គណបក្ស​ចំនួន​៣​ផ្សេងទៀត​ក្រោមផ្លាក​«សម្ព័ន្ធភាព​ឆ្ពោះទៅ​អនាគត»​។ ​ការប្រកាសរបស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បានធ្វើឡើង ក្រោយ​គណបក្សនេះបានរុះរើ​ក្បាលម៉ាស៊ីន​ដឹកនាំ ​តាមរយៈ​សមាជមួយ​កាលពី​ថ្ងៃ​អាទិត្យ​ទី​០៧ ខែ​មេសា​កន្លងទៅ​។

គណបក្សប្រឆាំងទាំង៤ចងសម្ព័ន្ធភាពនឹងគ្នា ដើម្បីចូលរួមប្រជែងការបោះឆ្នោតនៅកម្ពុជា
គណបក្សប្រឆាំងទាំង៤ចងសម្ព័ន្ធភាពនឹងគ្នា © សហការី
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សេចក្តីប្រកាសព័ត៌មាន​របស់ខ្លួន​កាលពីថ្ងៃអង្គារ​ គណបក្សប្រជាធិបតេយ្យ​មូលដ្ឋានបាន​បញ្ជាក់ថា គណបក្ស​នេះ នៅតែរក្សា​ជំហរយ៉ាង​រឹងមាំរបស់ខ្លួន​ក្នុងការបន្ត​រួមដំណើរកិច្ច​សហការនៅក្នុង​សម្ព័ន្ធភាព​ឆ្ពោះទៅអនាគត ​ដើម្បីចូលរួម​កសាងសង្គម​ប្រជាធិបតេយ្យ ​យុត្តិធម៌សង្គម ​ការអភិវឌ្ឍន៍​ប្រកបដោយ​សមធម៌ និង​ចីរភាព ព្រមទាំង​សុខដុមរមនា​សម្រាប់ប្រជាជាតិខ្មែរ​ទាំងមូលនាពេល​អនាគត​។

សូមរំលឹកថា​គណបក្សចំនួន៤​ គឺគណបក្សភ្លើងទៀន​ គណបក្សឆន្ទៈខ្មែរ​ គណបក្ស​ប្រជាធិបតេយ្យមូលដ្ឋាន ​និង​គណបក្ស​កែទម្រង់កម្ពុជា​បានប្រកាសបង្កើត​«សម្ព័ន្ធភាពឆ្ពោះទៅ​អនាគត»​ កាលពីថ្ង​ទី​១១​ ខែតុលា ឆ្នាំ​២០២៣​។

គេនៅចាំបានថា ​គ.ប.ម ​ចងសម្ព័ន្ធភាព​ជាមួយគណបក្ស​ប្រឆាំង៣ផ្សេងទៀត ​នៅបន្ទាប់ពី​បុគ្គលសំខាន់ៗ​ ដែលមហាជន​បានស្គាល់​ដូចជាលោក​បណ្ឌិត យង់ សាំងកុមារ​ លោកបណ្ឌិត ​សាម អ៊ីន ជាដើម​បានចាកចេញពី​គណបក្សនេះ ​ទៅចូលរួម​ជីវភាពនយោបាយ​ជាមួយគណបក្ស​កាន់អំណាច និង​បានទទួល​តំណែងធំៗ ​នៅក្នុង​រដ្ឋាភិបាល​។

ក៏ប៉ុន្តែ​កាលពីថ្ងៃអាទិត្យ​កន្លងទៅ ​មេដឹកនាំ​ដែលនៅសេសសល់​មួយចំនួន​ដូចជា​លោក យ៉េង វីរៈ​ លោកស្រី ប្រុក វ៉ាន្នី ​ដែលចប់អាណត្តិ ​បានដកខ្លួនពី​ការ​ឈរឈ្មោះជា​ថ្នាក់ដឹកនាំកំពូល​របស់គណបក្ស ​ជាហេតុធ្វើឲ្យ​មេដឹកនាំគណបក្ស​ប្រជាធិបតេយ្យមួយនេះ ​ត្រូវបាន​ជំនួសដោយ​អ្នកបន្តវេន​របស់ខ្លួន​។

តាមរយៈសមាជ​កាលពីថ្ងៃទី០៧ ​ខែមេសា​កន្លងទៅ លោក​ សេក សុខា ត្រូវបាន​បោះឆ្នោត​ឲ្យក្លាយជាប្រធាន​គណបក្ស គ.ប.ម ​ជំនួស​លោក យ៉េង វីរៈ ​ចំណែក​លោក មាន អ៊ាង ​ជាប្រធានគណៈកម្មការ​នាយក និង​លោក ធួក បូណា ​ជាប្រធានគណៈកម្មាធិការ​ដោះស្រាយវិវាទ ​និងវិន័យ​។ ​ទោះយ៉ាងណាលោក ​យ៉េង វីរៈ អតីត​ប្រធានគណបក្ស និង​មេដឹកនាំមួយចំនួនទៀត​មិនបានចាកចេញ​ពី គ.ប.ម ​ទេ ដោយ​អ្នកទាំងនេះ​បន្តស្ថិតនៅជា​ចាស់ទុំ​ជួយផ្តល់យោបល់​ដល់អ្នកបន្តវេន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ