អានតួអត្ថបទ

បក្សភ្លើងទៀន​ស្នើឲ្យ​អាជ្ញាធរដោះលែង​សកម្មជនខ្លួន​៤រូប​ ដើម្បីចូលរួម​បោះឆ្នោត​អសកល

គណបក្ស​ភ្លើងទៀន ​កាលពីថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០២៤ បានអំពាវនាវ​ដល់អាជ្ញាធរ​ឲ្យដោះលែង​សកម្មជន​របស់ខ្លួនចំនួន​៤​រូប ដើម្បីឲ្យ​ពួកគេចូលរួម​ធ្វើសកម្មភាព​នយោបាយ​អំឡុងពេលនៃការ​បោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សារាជធានី ​ខេត្ត ក្រុង​ ស្រុក ខណ្ឌ ​អាណត្តិទី៤​ខាងមុខ​។ ការស្នើសុំ​របស់គណបក្ស​ប្រឆាំងដូច្នេះ​ បានធ្វើឡើង​ក្រោយសកម្មជនទាំង៤រូប ​ត្រូវអាជ្ញាធរ​ចាប់ខ្លួនជា​បន្តបន្ទាប់​កាលពី​ចុងសប្តាហ៍​មុនរហូតដល់ដើម​សប្តាហ៍នេះ ​ក្រោមបទចោទ​ក្លែងបន្លំ​ឯកសារ​សាធារណៈ។

សកម្មភាពរបស់គណបក្សភ្លើងទៀន អំឡុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតកន្លងមក
សកម្មភាពរបស់គណបក្សភ្លើងទៀន អំឡុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតកន្លងមក © CLP
ផ្សាយពាណិជ្ជកម្ម

ជាថ្មីម្តងទៀត​គណបក្សភ្លើងទៀន​ ដែលជាគណបក្សប្រឆាំង​ដ៏ធំ​នៅក្នុងប្រទេស​កម្ពុជា​បានចាត់ទុក​ការចាប់ខ្លួន​សកម្មជន​ទាំង៤រូប គឺ​លោក សាន សឿង ​លោក ដាង ប៊ុនហាក់ ​លោក គឹម ថាយមុនី ​និងលោក គឹម ហុង ​ថាជា​ការគំរាមកំហែង​ថ្មីមួយទៀត​មកលើ​គណបក្សភ្លើងទៀន ​ស្របពេល​ការបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សារាជធានី ខេត្ត ​ក្រុង ស្រុក ខណ្ឌ អាណត្តិទី​៤ នឹងឈានចូលមកដល់​ក្នុងពេល​ឆាប់ៗនេះ​។

នៅក្នុង​សេចក្តីថ្លែងការណ៍របស់ខ្លួន ​គណបក្សភ្លើងទៀន​បានអំពាវនាវ​ដល់អាជ្ញាធរមានសមត្ថកិច្ច​ឲ្យដោះលែង​សកម្មជនទាំង៤រូប ​ឲ្យមានសេរីភាពឡើងវិញ​ ដើម្បីពួកគេអាច​ចូលរួមសកម្មភាព​នយោបាយជាមួយ​គណបក្សភ្លើងទៀន​ស្របតាមរដ្ឋធម្មនុញ្ញ ​និង​បង្កបរិយាកាសល្អប្រសើរ​ដល់ដំណើរការ​បោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សារាជធានី ​ខេត្ត ក្រុង ស្រុក ​ខណ្ឌ ដែលនឹង​ប្រព្រឹត្តទៅ​នៅថ្ងៃទី២៦​ ខែឧសភា ​ឆ្នាំ២០២៤​។

សូមរំលឹកថា​លោក ដាង ប៊ុនហាក់ ​អតីតអនុប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិគណបក្ស​ភ្លើងទៀន​ភ្នំពេញ លោក គឹម ថាយមុនី ​ចៅសង្កាត់រងទី២​សង្កាត់ស្ទឹងមានជ័យ​ទី២ និង​លោក គឹម ហុង ​ចៅសង្កាត់រង​ទី២ សង្កាត់​ផ្សារអូឫស្សីទី៤​ រាជធានីភ្នំពេញ ​ត្រូវបាន​អាជ្ញាធរចាប់ខ្លួន​ជាបន្តបន្ទាប់​កាលពីថ្ងៃទី៥ ​និងទី៦ ​ខែមេសានេះ​។ ដោយឡែក​ លោក សាន សឿន ​អតីតសមាជិក​គណៈកម្មាធិការ​នាយកគណបក្ស​ភ្លើងទៀន និង​បច្ចុប្បន្នជាបេក្ខជន​លេខរៀងទី៥ ​នៃគណបក្សឆន្ទៈខ្មែរ​សម្រាប់ការបោះឆ្នោត​ជ្រើសរើសសមាជិក​ក្រុមប្រឹក្សា​ខេត្តកំពង់ចាម​ត្រូវបានអាជ្ញាធរ​ចាប់ខ្លួន​កាលពីថ្ងៃទី៩ ​ខែមេសា​ម្សិលមិញ។ ​

អាជ្ញាធរមាន​សមត្ថកិច្ច​មិនបានឆ្លើយតបទៅនឹង​សំណើរបស់​គណបក្សភ្លើងទៀនទេ​នៅថ្ងៃនេះ។ ​ក៏ប៉ុន្តែ​អ្នកនាំពាក្យ​ស្នងការប៉ូលីស​រាជធានីភ្នំពេញ ​លោក សំ វិច្ឆិកា ​បានប្រាប់ប្រព័ន្ធ​ផ្សព្វផ្សាយក្នុង​ស្រុកមួយចំនួន​ថា ការចាប់ខ្លួន​មន្ត្រីបក្សប្រឆាំង ​គ្មានពាក់ព័ន្ធនឹង​រឿងនយោបាយទេ ​ពោលជាករណី​ព្រហ្មទណ្ឌក្រោមបទចោទ​ក្លែងបន្លំឯកសារ​សាធារណៈ។ ​តាមការឲ្យដឹងពី​គណបក្សភ្លើងទៀន ​សកម្មជនគណបក្ស​ប្រឆាំងសរុបជិត​២០នាក់​ ត្រូវបានអាជ្ញាធរ​ចាប់ខ្លួនក្រោមបទ​ចោទប្រកាន់​ផ្សេងៗគ្នា ​ចាប់តាំងពី​ឆ្នាំ​២០២៣​មក​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ