អានតួអត្ថបទ
កម្ពុជា-បរិស្ថាន

ការនាំចូលប្លាស្ទិកថយចុះ៧៥% តែការប្រើប្រាស់នៅច្រើនសន្ធឹកសន្ធាប់

ការនាំចូលប្លាស្ទិក ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ បានថយចុះ ៧៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍ដែលនាយកដ្ឋានគ្រប់គ្រងសំណល់រឹង នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ចុះផ្សាយកាលពីថ្ងៃពុធទី ១០មេសា។ ការនាំចូលបា្លស្ទិកអាចថយចុះ ប៉ុន្តែ ការប្រើប្រាស់ប្លាស្ទិកវិញ ហាក់មិនថមថយនោះទេ ជាពិសេសនៅទីក្រុងភ្នំពេញ។ សម្រាប់យុវជនសំរាម លោក សាន ដារាវីដ បើសិនការប្រើប្រាស់នៅតែច្រើនសន្ធឹកសន្ធាប់បែបនេះ  នឹងគ្មានផលវិជ្ជមានសម្រាប់ពាក្យថា កាត់បន្ថយការប្រើប្រាស់ប្លាស្ទិកទេ។

ការនាំចូលប្លាស្ទិកថយចុះ៧៥% តែការប្រើប្រាស់នៅច្រើនសន្ធឹកសន្ធាប់
ការនាំចូលប្លាស្ទិកថយចុះ៧៥% តែការប្រើប្រាស់នៅច្រើនសន្ធឹកសន្ធាប់ © សហការី
ផ្សាយពាណិជ្ជកម្ម

របាយការណ៍របស់នាយកដ្ឋានគ្រប់គ្រងសំណល់រឹង នៃអគ្គនាយកដ្ឋានគាំពារបរិស្ថានបង្ហាញថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ការនាំចូលថង់ប្លាស្ទិកបានថយចុះដល់ទៅ៧៥% បើធៀបរយៈពេលដូចគ្នាក្នុងត្រីមាសទី១ ឆ្នាំ២០២៣។ ការនាំចូលថង់ប្លាស្ទិកសម្រាប់បម្រើក្នុងសង្វាក់ផលិតកម្មថយចុះ ដោយសារតម្រូវការធ្លាក់ចុះ និងបន្ទាប់ពីមានការរឹតបន្តឹងរបស់ក្រសួង ដែលបានផ្តល់ការអនុញ្ញាតទៅឲ្យក្រុមហ៊ុនតែ២ប៉ុណ្ណោះសម្រាប់ការនាំចូលថង់ប្លាស្ទិក។

យោងតាមនាយកដ្ឋានគ្រប់គ្រងសំណល់រឹង នៅឆ្នាំនេះ ការនាំចូលថង់ប្លាស្ទិកសម្រាប់សង្វាក់ផលិតកម្ម មានបរិមាណសរុបត្រឹម ៩ ១៥២,៤៤គីឡូក្រាម ខណៈកាលពីឆ្នាំ២០២៣ ក្នុងត្រីមាសទី១ដូចគ្នា ការនាំចូលថង់ប្លាស្ទិកមានបរិមាណដល់ទៅ ៣៥ ៥៨០,០៩គីឡូក្រាម។

មួយវិញទៀត ការនាំចូលថង់ប្លាស្ទិកសម្រាប់ការប្រើប្រាស់ទូទៅ ក៏បានបង្ហាញសញ្ញាធ្លាក់ចុះដែរនៅដើមឆ្នាំ២០២៤។ បើតាមរបាយការណ៍របស់ក្រសួង មានតែក្រុមហ៊ុន១ប៉ុណ្ណោះ ដែលបានទទួលការអនុញ្ញាតពីក្រសួងបរិស្ថាន និងបាននាំចូល ថង់ប្លាស្ទិកសម្រាប់ការប្រើប្រាស់ទូទៅ ប្រមាណ ១២ ៣៣៦គីឡូក្រាម នៅត្រីមាសទី១ ឆ្នាំនេះ។

លោក អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថាន បានលើកឡើងថា ការថយចុះនៃការនាំចូលថង់ប្លាស្ទិក គឺជាសញ្ញាវិជ្ជមាន បន្ទាប់ពីមានការអប់រំ ការផ្សព្វផ្សាយ របស់ក្រសួង តាមរយៈយុទ្ធនាការ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ”។ តាមក្រសួងបរិស្ថាន មានប្រជាពលរដ្ឋជាង៧,៦លាននាក់ចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។ នៅក្នុងនោះ សិក្សានុសិស្សគ្រប់គ្រឹះស្ថានសិក្សាទូទាំងប្រទេសបានប្ដេជ្ញាចិត្តមិនប្រើប្រាស់ប្លាស្ទិកយ៉ាងតិចចំនួន១ថ្ងៃ ក្នុង១សប្ដាហ៍។

យ៉ាងណាក៏ដោយ ក្រសួងបរិស្ថានទទួលស្គាល់ថា សំរាម និងប្លាស្ទិកនៅតែចោទជាបញ្ហាសម្រាប់រាជរដ្ឋាភិបាល។ តាមរបាយការណ៍ឆ្នាំ២០២៣ របស់ក្រសួងបរិស្ថាន រាជធានីភ្នំពេញនិងទីក្រុងធំៗនានា បានផលិតសំរាមជាមធ្យម៣០០០តោនក្នុងមួយថ្ងៃ។ ដោយឡែក ប្រជាពលរដ្ឋក្រុងភ្នំពេញអាចប្រើប្រាស់ថង់ប្លាស្ទិក៥ថង់ក្នុងមួយថ្ងៃ។ ជាសរុប ថង់ប្លាស្ទិកដែលប្រើប្រាស់នៅទូទាំងប្រទេសក្នុងមួយថ្ងៃ មានប្រមាណ៥៦លានថង់ ឬស្មើនឹង២៧៩តោន។

 ទោះការនាំចូលប្លាស្ទិកថយចុះ តែគេសង្កេតឃើញថា ក្នុងមួយថ្ងៃៗការប្រើប្រាស់ប្លាស្ទិកនៅតែមានចរាចរលើទីផ្សារច្រើនសន្ធឹកសន្ធាប់ ជាពិសេស ប្លាស្ទិកសម្រាប់ដាក់ភេសជ្ជៈរាប់ម៉ឺនកែវ។ យុវជនសំរាម លោក សាន ដារាវីត បានប្រាប់វិទ្យុបារាំងអន្ដរជាតិRFI នៅថ្ងៃទី១១មេសានេះថា ការនាំចូលប្លាស្ទិកថយចុះបែបនេះ អាចបណ្ដាលមកពីមានការផលិតប្លាស្ទិកក្នុងស្រុក។ បើការនាំចូលថយចុះ តែការប្រើប្រាស់ជាក់ស្ដែងប្រចាំថ្ងៃមានសកម្មភាពផុសផុលដដែល នឹងគ្មានផលវិជ្ជមានសម្រាប់ពាក្យថា កាត់បន្ថយការប្រើប្រាស់ប្លាស្ទិកទេ។ នេះបើតាមការលើកឡើងរបស់លោក សាន ដារាវីដ។ យុវជនសំរាមរូបនេះនៅតែបន្ដមើលឃើញមានការចោលសំរាមប្លាស្ទិកនៅតាមប្រភពទឹកដដែល ក្នុងរយៈពេលចុងក្រោយ។ នេះសបញ្ជាក់ពី ការយល់ដឹង ការទុកដាក់សំរាម ការញែកសំរាម របស់ពលរដ្ឋខ្មែរនៅមានកម្រិតនៅឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ