អានតួអត្ថបទ
កម្ពុជា-សង្គម

រដ្ឋាភិបាលបានអនុម័តកញ្ចប់លុយជាង៣០០លានដុល្លារដើម្បីដោះស្រាយបញ្ហាជន់លិចទីក្រុងភ្នំពេញ

នៅថ្ងៃទី១០មេសា ឆ្នាំ២០២៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតបានប្រកាសថា រដ្ឋាភិបាលកម្ពុជាបានអនុម័តកញ្ចប់ថវិកា ជាង៣០០លានដុល្លារ ដើម្បីដោះស្រាយបញ្ហាជន់លិចទីក្រុងភ្នំពេញ។ បើតាមប្រមុខរដ្ឋាភិបាលកម្ពុជា គម្រោងថ្មីនេះផ្តោតទៅលើការបញ្ចៀសទឹកកុំឱ្យហូរបុកមកក្នុងទីក្រុងភ្នំពេញ និងដោះស្រាយប្រព័ន្ធរំដោះទឹកក្នុងទីក្រុងភ្នំពេញដែលមានស្រាប់។ បច្ចុប្បន្នគម្រោងរដ្ឋនេះកំពុងស្ថិតនៅក្នុងដំណាក់កាលសិក្សាពីផលប៉ះពាល់។

រដ្ឋាភិបាលបានអនុម័តកញ្ចប់លុយជាង៣០០លានដុល្លារដើម្បីដោះស្រាយបញ្ហាជន់លិចទីក្រុងភ្នំពេញ
រដ្ឋាភិបាលបានអនុម័តកញ្ចប់លុយជាង៣០០លានដុល្លារដើម្បីដោះស្រាយបញ្ហាជន់លិចទីក្រុងភ្នំពេញ © SHS
ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាលកម្ពុជាទើបអនុម័តកញ្ចប់ថវិកាថ្មី ជាង ៣០០លានដុល្លារសម្រាប់គម្រោងដោះស្រាយវិបត្តិជន់លិចទីក្រុង។ នៅក្នុងពិធីបិទសន្និបាតក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី១០មេសា ឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីកម្ពុជា លោកហ៊ុន ម៉ាណែត បញ្ជាក់ថា គម្រោងរបស់រដ្ឋមានមុខព្រួញសំខាន់២។ ទី១ គឺបញ្ចៀសទឹកកុំឱ្យបុកមកក្នុងរាជធានីភ្នំពេញ និងទី២ ដោះស្រាយបញ្ហាប្រព័ន្ធរំដោះទឹកក្នុងរាជធានីភ្នំពេញដែលមានស្រាប់ដូចជា ការកាយប្រឡាយ រៀបចំស្តារដាក់លូថ្មី និងរៀបចំបង្កើតស្ថានីយ៍បូមទឹក។

លោកហ៊ុន ម៉ាណែតបានកំណត់ភារកិច្ចឱ្យក្រសួងធនធានទឹក និងឧតុនិយមត្រូវបញ្ចៀសទឹកកុំឱ្យហូរបុកមកក្នុងទីក្រុងភ្នំពេញ។ ចំណែកឯ ការដោះស្រាយប្រព័ន្ធរំដោះទឹកក្នុងក្រុងវិញ គឺជាទំនួលខុសត្រូវរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងសាលាក្រុងភ្នំពេញ។

បើតាមប្រមុខរដ្ឋាភិបាលកម្ពុជា ក្រសួងធនធានទឹកនិងឧតុនិយមត្រូវដោះស្រាយ រំដោះទឹកឱ្យបានច្រើន ដើម្បីធ្វើយ៉ាងណាកុំឱ្យទឹកធ្លាក់ខ្លាំង ទៅលើស្ទឹងព្រែកត្នោត។ បើតាមលោកហ៊ុន ម៉ាណែត ដើម្បីបញ្ចៀសទឹកពីខាងក្រៅទៀតសោត គេត្រូវស្តារប្រឡាយដែលមានស្រាប់ ក្នុងនោះមានប្រឡាយធំៗចំនួន៣ ស្ទឹងតូចៗចំនួន១០ និងកសាងស្ថានីយ៍បូមទឹកថ្មី ចំនួន៤កន្លែង និងប្រព័ន្ធប្រឡាយពាក់ព័ន្ធមួយចំនួនទៀត ដើម្បីបញ្ជូនកុំឱ្យហូរចុះទៅក្នុងទន្លេ និងធានាកុំឱ្យទឹកធ្លាក់មកទីក្រុងភ្នំពេញ។

និយាយប្រាប់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃទី១១មេសានេះ លោកសន ជ័យ នាយកអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា សាទរចំពោះគម្រោងដោះស្រាយវិបត្តិជន់លិចក្រុងរបស់រដ្ឋាភិបាល ប៉ុន្តែ យ៉ាងណាក៏ដោយ លោកសន ជ័យ នៅបារម្ភពីប្រសិទ្ធភាពនៃការអនុវត្ត ការបញ្ចៀសទឹកហូរចូលក្រុងភ្នំពេញ។ បើតាមលោកសន ជ័យ ទីក្រុងកម្ពុជាមិនអាចធានាការស្តុកទឹកបានដូចមុន ដោយសារតែការលុបបឹងបួរ ក្នុងរយៈពេលចុងក្រោយ ដូចជាបឹងតាមោក និងបឹងកក់ជាដើម។

គួរជម្រាបជូនថា បញ្ហាជន់លិចក្រុងក្នុងរដូវវស្សា និងបញ្ហាខ្វះទឹកនៅរដូវប្រាំងនៅទីក្រុងភ្នំពេញមិនមែនជារឿងថ្មីសម្រាប់កម្ពុជានោះទេ។ យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងឆ្នាំ២០២៣ ទឹកជំនន់បានជន់លិចក្រុង-ស្រុកចំនួន១០៧ និងឃុំ-សង្កាត់ចំនួន៤០៦ ក្នុងភូមិសាស្ត្ររាជធានី-ខេត្តទាំងអស់នៅក្នុងប្រទេស លើកលែងតែខេត្តព្រៃវែងមួយប៉ុណ្ណោះ។ គ្រោះទឹកជំនន់បានប៉ះពាល់ពលរដ្ឋសរុបជាង៨ម៉ឺនគ្រួសារ។ ពលរដ្ឋជាង៤ពាន់គ្រួសារត្រូវគេជម្លៀស ខណៈមនុស្ស១០នាក់ស្លាប់បាត់បង់ជីវិត និង៩នាក់រងរបួស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ