អានតួអត្ថបទ

បារាំងផ្តល់​ប្រាក់កំចី​ជាង​១០០លាន​ដុល្លារ ​សម្រាប់​សង់រោងចក្រ​ទឹកស្អាត​បាក់ខែង​ដំណាក់កាល​ទី​៣

រដ្ឋាករទឹក​ស្វយ័តក្រុង​ភ្នំពេញ និង​ក្រុមហ៊ុន ​Vinci Construction Grands Projects​(VCGP) ​បានចុះហត្ថលេខា​លើកិច្ចសន្យា​តម្លៃ ១០៣,៣ លាន​ដុល្លារ សម្រាប់​រចនា និង​សាងសង់​រោងចក្រ​ទឹកស្អាត​ទី៣ នៅ​បាក់ខែង ​រាជធានី​ភ្នំពេញ។​ គម្រោងនេះ ​ឆ្លើយតបទៅនឹង​ផែនការ​មេទី៣​ ដែលរដ្ឋាករទឹក​ស្វយ័តក្រុង​ភ្នំពេញ​(២០២២-២០៣០)​ បានកែ​សម្រួលថ្មី ​ក្រោយពី​មានការប៉ាន់ស្មាន​ទុកជាមុនថា ​នៅភ្នំពេញ ​នឹងមានតម្រូវ​ការទឹកស្អាត ​១,៤លានម៉ែត្រ​គូបក្នុង​១ថ្ងៃ នៅ​ឆ្នាំ២០៣០​។

ស្ថានីយ៍ផលិតទឹកស្អាតបាក់ខែង
ស្ថានីយ៍ផលិតទឹកស្អាតបាក់ខែង © សហការី
ផ្សាយពាណិជ្ជកម្ម

ពិធីចុះហត្ថលេខា​លើកិច្ចសន្យាផ្តល់ប្រាក់​កំចីរបស់បារាំង​ជាង១០០លាន​ដុល្លារ នៅថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ២០២៤ ធ្វើឡើង​ក្នុងក្របខ័ណ្ឌនៃគម្រោង ​“បាក់ខែងដំណាក់កាលទី៣”​ ដែលទីភ្នាក់ងារបារាំង​សម្រាប់ការអភិវឌ្ឍ(AFD)​ និងក្រសួងសេដ្ឋកិច្ច​ ដែលតំណាងឲ្យ​រដ្ឋាភិបាលកម្ពុជាបាន​ចុះហត្ថលេខាកាលពី​ខែមករា ឆ្នាំ​២០២៤កន្លងទៅ​។

សូមរំលឹកថា​គម្រោងសាងសង់​រោងចក្រទឹកស្អាត​បាក់ខែងជំហានទី៣នេះ ​គឺជាគម្រោង​សហហិរញ្ញប្បទាន​រវាងរាជរដ្ឋាភិបាល​កម្ពុជា រដ្ឋាភិបាល​បារាំង និងរដ្ឋាករ​ទឹកស្វយ័តក្រុង​ភ្នំពេញ ដែលមាន​ទំហំទឹកប្រាក់សរុប​ ២៤៧លានដុល្លារ ​ក្នុងនោះកម្ចី​សម្បទានពី​រដ្ឋាភិបាលបារាំង ​តាមរយៈទីភ្នាក់ងារ​បារាំងសម្រាប់​ការអភិវឌ្ឍន៍ ​(AFD) មានចំនួន ​២០៥លានដុល្លារ និង​ថវិកាបដិភាគរបស់​រដ្ឋាករទឹកស្វយ័ត​ក្រុងភ្នំពេញ ចំនួន​៤២លាន​ដុល្លារ។

ថវិកាសរុបជាង​២៤០ដុល្លារនេះ ​នឹងត្រូវប្រើសម្រាប់​ការសាងសង់រោងចក្រ ​និងការពង្រីក​បណ្តាញមេនាំទឹកស្អាត ​បណ្តាញចែកចាយ​ទឹកស្អាត ព្រមទាំង​គម្រោងជួសជុល ​និងស្តារគ្រឿង​បរិក្ខារផ្សេងៗ​របស់រោងចក្រផលិត​ទឹកស្អាតជ្រោយចង្វារ​។

លោក ហ្សាក់ ប៉ឺឡេ ​ឯកអគ្គរដ្ឋទូត​បារាំងប្រចាំនៅកម្ពុជា ​បានថ្លែងថាគម្រោងនេះ​បង្ហាញពីកិច្ចសហប្រតិបត្តិការ​ប្រកបដោយទំនុកចិត្ត​យូរអង្វែងរវាង​ប្រទេសបារាំង និង​កម្ពុជា ដោយរួមបញ្ចូល​គ្នានូវជំនាញរបស់​ក្រុមហ៊ុនបារាំង ​និងការប្តេជ្ញាចិត្ត​របស់ទីភ្នាក់ងារ AFD​។ លោកឯកអគ្គរដ្ឋទូត​បារាំងបន្ថែមថា​ វាក៏បង្ហាញពីការ​ប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន​អ៊ឺរ៉ុបនៅក្នុងប្រទេស​កម្ពុជា នៅក្នុង​ក្របខ័ណ្ឌនៃយុទ្ធសាស្ត្រ​ច្រកទ្វារសកល​(Global Gateway)​។

សូមបញ្ជាក់ថា ​ការសាងសង់រោងចក្រ​ទាំង៣ដំណាក់កាល​រួមបញ្ចូលគ្នា ​នឹងធ្វើឱ្យ​ស្ថានីយ៍ប្រព្រឹត្តិកម្ម​ទឹកស្អាតបាក់ខែង​ក្លាយទៅជារោងចក្រ​ផលិតទឹកស្អាតធំជាងគេ​របស់រដ្ឋាករទឹកស្វយ័ត​ក្រុងភ្នំពេញ ​និងជារោងចក្រធំ​បំផុតមួយនៅក្នុង​តំបន់ ដែលអាច​ផលិតទឹកស្អាត​បាន ៦ ០០០ ០០០ ​ម៉ែត្រគូប​ក្នុងមួយថ្ងៃ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ