អានតួអត្ថបទ

សារជូនពរឆ្នាំថ្មី៖ អាមេរិក ​និង​បារាំង​បន្តធ្វើការ​ជាមួយ​កម្ពុជា​ដើម្បី​ជំរុញ​លទ្ធិប្រជាធិបតេយ្យ

នៅក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីខ្មែរ ​រយៈពេល៤​ថ្ងៃ ចាប់ពីថ្ងៃ​ទី១៣ ​ដល់ទី​១៦ ​ខែ​មេសា ​ឆ្នាំ២០២៤​នេះ តំណាង​រដ្ឋាភិបាលលោក​ខាងលិច ​និង​គណបក្ស​នយោបាយ​នានា​របស់កម្ពុជា​បានចេញសារ​ជូនពរផ្សេង​ៗ​គ្នាដល់​ប្រជាជនកម្ពុជា​។ ស្ថានទូត​បរទេស ​និង​គណបក្សនយោបាយ​ខ្លះ​បានរំលេច​សារនយោបាយ​តិចតួច​លាយឡំ​នៅក្នុង​សារជូនពរ​ឆ្នាំថ្មី​។

ការតាំងលម្អផ្សេងៗសម្រាប់បុណ្យចូលឆ្នាំថ្មីនៅវត្តភ្នំ
ការតាំងលម្អផ្សេងៗសម្រាប់បុណ្យចូលឆ្នាំថ្មីនៅវត្តភ្នំ © សហការី
ផ្សាយពាណិជ្ជកម្ម

«តាងនាមឲ្យសហរដ្ឋ​អាមេរិក ខ្ញុំសូមជូនពរ​ដល់ប្រជាជនកម្ពុជាទាំងអស់ ​សូមឲ្យជួបតែ​សុភមង្គល វិបុលភាព ​និង​សំណាងល្អ នៅក្នុងឱកាស​ចូលឆ្នាំថ្មីប្រពៃណីខ្មែរ។ ​បុណ្យចូលឆ្នាំថ្មី គឺជា​ឱកាសពិសេសមួយ ដើម្បី​ធ្វើការអបអរភាព​រស់រវើកនៃវប្បធម៌ខ្មែរ»​។ នេះគឺជាសារជូនពររបស់ ​លោក អង់តូនី ប្លីងកិន ​រដ្ឋមន្ត្រីការបរទេសអាមេរិក ​នៅថ្ងៃទី១១ ​ខែមេសា​ម្សិលមិញ​។

តាមលោក ប្លីងកិន ​តទៅអនាគត ​សហរដ្ឋអាមេរិកនឹងបន្ត​ធ្វើការជាមួយប្រជាជន​កម្ពុជា ដើម្បីកសាង​ប្រទេសកម្ពុជាមួយ ​ដែលមានឯករាជ្យ ​វិបុលភាព និង​លទ្ធិប្រជាធិបតេយ្យ​ច្រើនថែមទៀត។ ​សហរដ្ឋអាមេរិកមានការ​ប្តេជ្ញាចិត្តក្នុងការពង្រឹង​ទំនាក់ទំនងរវាងប្រជាជន ​និងប្រជាជន ដែលជា​គ្រឹះនៃទំនាក់ទំនង​ជាដៃគូយូរអង្វែងរវាង​សហរដ្ឋអាមេរិក និង​ប្រទេសកម្ពុជា។

លោក ហ្សាក់ ប៉ឺឡេ ​ឯកអគ្គរដ្ឋទូតបារាំង​ប្រចាំនៅកម្ពុជា ក៏បាន​ចេញមកជូនពរឆ្នាំថ្មី​ដល់ប្រទេស និង​ប្រជាជនកម្ពុជាផងដែរ​។ តាមរយៈទំព័រហ្វេសប៊ុក​របស់ស្ថានទូត​ លោក ហ្សាក់ ប៉ឺឡេ ​បានលើកឡើងថា ​ឆ្នាំចាស់​ដែលកន្លងផុតទៅ ត្រូវបាន​កត់សំគាល់ដោយ ​ទំនាក់ទំនងពិសេស និង​សំបូរបែបរវាងប្រទេស​កម្ពុជា និងបារាំង។ ​ដំណើរទស្សនកិច្ច​កំរិតខ្ពស់ កិច្ចសហប្រតិបត្តិការ​ដែលកាន់តែរស់រវើក ​ក្នុងវិស័យ​បេតិកភណ្ឌ អប់រំ​ សុខាភិបាលជាដើម ​និងជាពិសេសហ្វ្រង់កូហ្វូនី ​បានពង្រឹងទំនាក់ទំនង​ប្រទេសទាំងពីរ​។

ចំពោះបក្សប្រឆាំង​នៅក្នុងប្រទេស​កម្ពុជាវិញ គណបក្សភ្លើងទៀន​ ក៏បានឆ្លៀត​ឱកាសជូនពរឆ្នាំថ្មី​និងបួងសួងដល់​ទេវតាឆ្នាំថ្មីព្រះនាង​មហោទរាទេវី ជួយរក្សា​ប្រទេសកម្ពុជាឲ្យជួប​ប្រទះនូវសុខសន្តិភាព ​និងបញ្ចប់ជម្លោះ​នយោបាយនានា ​ឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ ​សេរីពហុបក្សពិតប្រាកដ។​ ដូចគ្នានេះដែរ គណបក្ស​កម្លាំងជាតិ ក៏បង្ហាញបំណង​ប្រាថ្នាចង់ឃើញថ្នាក់ដឹកនាំ​រដ្ឋាភិបាលកម្ពុជា​សម្របសម្រួល ដោះលែង​អ្នកទោសនយោបាយ ដែល​កំពុងជាប់ឃុំ ដូចជា​លោក កឹម សុខា លោក​ ថាច់ សេដ្ឋា និង​កញ្ញា ឈឹម ស៊ីថរ​ ជាដើម ឲ្យមានសេរីភាព​ឡើងវិញ​។

 

ដោយឡែក​រដ្ឋាភិបាលកម្ពុជា​ នៅថ្ងៃសុក្រ ទី១២ ខែ​មេសានេះដែរ ​ក្រៅពីជូនពរទៅដល់​ជនរួមជាតិ​ រដ្ឋាភិបាលបានរំលេចនូវ​សមិទ្ធផលជាច្រើន ​ដែលរដ្ឋាភិបាល​អាណត្តិទី៧ បាន​សម្រេចកន្លងទៅ។ ​នៅក្នុងសារចំនួន៦​ទំព័រ ប្រមុខរដ្ឋាភិបាលកម្ពុជា​លោក ហ៊ុន ម៉ាណែត ​បានរៀបរាប់ពី​លទ្ធផលជាវិជ្ជមាន ​និង​គុណភាពការងារ​របស់រដ្ឋាភិបាល ​ដោយមិនទាក់ទងទៅនឹង​ការលើកឡើង​របស់គណបក្ស​ប្រឆាំងឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ