អានតួអត្ថបទ

ADB៖ទោះមានបញ្ហាប្រឈម កម្ពុជាអាចនឹងឆ្លងផុតពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៧

កម្ពុជាមានជំហររឹងមាំ អាចនឹងឆ្លងផុតពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ហៅកាត់ថា LDC នៅឆ្នាំ ២០២៧។ នេះបើតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី ១១មេសា។ ការវាយតម្លៃរបស់ធនាគារADB ធ្វើឡើង ដោយផ្អែកលើលទ្ធផលដែលបង្ហាញថា កម្ពុជាបានបំពេញលក្ខណៈវិនិច្ឆ័យស្ទើទាំងស្រុង ក្នុងការឆ្លងផុតពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច។ ជាមួយគ្នានេះ ធនាគារអភិវឌ្ឍន៍អាស៊ីសម្លឹងឃើញ បញ្ហាប្រឈមនានា ដែលអាចកើតឡើង នៅបន្ទាប់ពីកម្ពុជាឆ្លងផុតពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច។

ADB៖ទោះមានបញ្ហាប្រឈម កម្ពុជាអាចនឹងឆ្លងផុតពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៧
ADB៖ទោះមានបញ្ហាប្រឈម កម្ពុជាអាចនឹងឆ្លងផុតពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៧ © ADB
ផ្សាយពាណិជ្ជកម្ម

យោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ីADB បន្ទាប់ពីត្រូវចាត់ចូលទៅក្នុងក្រុមប្រទេសអភិវឌ្ឍន៍តិចតួចដែលកំណត់ដោយអង្គការសហប្រជាជាតិ អស់រយៈពេល២ទសវត្សរ៍ កម្ពុជាមានគោលជំហររឹងមាំ អាចនឹងឆ្លងផុតពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ឬប្រទេសក្រីក្រ នៅឆ្នាំ២០២៧។ ការវាយតម្លៃរបស់ធនាគារADBធ្វើឡើងដោយផ្អែកទៅលើការពិនិត្យមើលឡើងវិញរយៈពេល៣ឆ្នាំរបស់អង្គការសហប្រជាជាតិ ដែលថា នៅឆ្នាំ ២០២៤  ប្រាក់ចំណូលជាតិសរុបសម្រាប់មនុស្សម្នាក់ក្នុងប្រទេសកម្ពុជា បច្ចុប្បន្ន គឺ១ ៥៩០ដុល្លា ខ្ពស់ជាងកម្រិតស្ដង់ដារដែលកំណត់ថា ជាប្រទេសអភិវឌ្ឍន៍តិចតួច ដែលមានត្រឹម១ ៣០៦ដុល្លា ក្នុងមួយឆ្នាំ។

បើតាមរបាយការណ៍របស់ADB ការឆ្លងផុតនេះនឹងផ្តល់អត្ថប្រយោជន៍រយៈពេលវែង តាមរយៈការបង្ហាញសញ្ញាវិជ្ជមានអំពីការអភិវឌ្ឍន៍ និងស្ថិរភាពដែលជាចំណុចគន្លឹះទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកាន់តែឆាប់រហ័ស។

សម្រាប់ធនាគារអភិវឌ្ឍន៍អាស៊ី នៅក្រោយឆ្លងផុតពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច កម្ពុជាក៏នឹងត្រូវប្រឈមនឹងបញ្ហាប្រឈមមួយចំនួន។ បញ្ហាប្រឈមដែលADB ផ្ដោតសំខាន់គឺ នៅពេលកម្ពុជាឆ្លងផុតពីបន្ទាត់មួយនេះហើយ នោះកម្ពុជានឹងការបាត់បង់ផលប្រយោជន៍ពាណិជ្ជកម្ម ដូចជាបុព្វសិទ្ធិទទួលបានការលើកលែងពន្ធ និងវិធានដើមកំណើតទំនិញដែលមានលក្ខណៈបន្ធូរបន្ថយ។ ម្យ៉ាងវានឹងប៉ះពាល់ដល់ការនាំចេញសំខាន់ៗ ទៅកាន់សហភាពអឺរ៉ុប ដែលតំណាងឲ្យ១២.៧% នៃការនាំចេញសរុបទាំងអស់ ក្នុងឆ្នាំ២០២៣។

យោងតាមរបាយការណ៍របស់ធនាគារ ADB អង្គការពាណិជ្ជកម្មពិភពលោកធ្លាប់បានព្យាករថា ការឆ្លងផុតពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច នឹងធ្វើឲ្យការនាំចេញរបស់ប្រទេសអភិវឌ្ឍន៍តិចតួច ក្នុងវិស័យសម្លៀកបំពាក់ ស្បែកជើង ធ្លាក់ចុះ ៦%។ បន្ថែមពីលើនេះ កម្ពុជានឹងត្រូវគេកាត់បន្ថយជំនួយអភិវឌ្ឍន៍ផ្លូវការ ដែលតាមពិតជាកត្តាសំខាន់ រួមចំណែកដល់កំណើន និងការអភិវឌ្ឍន៍ក្នុងមួយទសវត្សរ៍កន្លងមកនេះ។

ការលើកឡើងរបស់ធនាគារADB ដូចគ្នានឹងក្ដីកង្វល់របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិមុនដែលថា ក្រោយពេលកម្ពុជាឆ្លងផុតពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច នោះកម្ចីនានាពីបរទេស និងធនាគារពិភពលោក នឹងមានការប្រាក់ខ្ពស់ជាងមុន។

ដើម្បីឆ្លើយតបបញ្ហាប្រឈមនេះ ធនាគារអភិវឌ្ឍន៍អាស៊ី ADB ថា កម្ពុជាគួរតែបន្ដពង្រីកការចូលរួមរបស់ខ្លួនក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ុប ដើម្បីធានាការទទួលបានទីផ្សារក្រោយពេលឆ្លងផុតពីក្រុមប្រទេសក្រីក្រ និងត្រូវឈ្វេងយល់ពីប្រព័ន្ធអនុគ្រោះពន្ធទូទៅ សម្រាប់ប្រទេសទើបឆ្លងផុតថ្មីៗ។ ចុងក្រោយABD ថាកម្ពុជាគួរចាំបាច់ ពង្រឹងធនធានក្នុងស្រុក និងកាត់បន្ថយការពឹងផ្អែកលើជំនួយអភិវឌ្ឍន៍ផ្លូវការ ក្នុងការអភិវឌ្ឍន៍សង្គម។

គួរជម្រាបថា កម្ពុជា និងប្រទេសចំនួន៤៥ ផ្សេងទៀតលើពិភពលោកត្រូវបានអង្គការសហប្រជាជាតិ ដាក់បញ្ចូលក្នុងក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ឬប្រទេសក្រីក្របំផុតរបស់ពិភពលោក តាំងពី១៩៩១៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ