អានតួអត្ថបទ
សង្គម-ច្បាប់

កម្ពុជាធ្វើបត្យាប័នជនជាតិចិនពាក់ព័ន្ធឧក្រិដ្ឋកម្មអនឡាញ ១៣០នាក់ទៅប្រទេសចិនវិញ

រដ្ឋាភិបាលកម្ពុជាបានធ្វើបត្យាប័នបញ្ជូនជនជាតិចិនចំនួន ១៣០នាក់ទៅប្រទេសកំណើតវិញកាលពីថ្ងៃទី១៣ មេសា ឆ្នាំ២០២៤។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ជនជាតិចិនទាំង ១៣០នាក់ជាជនសង្ស័យនៃឧក្រិដ្ឋកម្មអនឡាញក្នុងចំណោមជាង១ពាន់នាក់ដែលសមត្ថកិច្ចកម្ពុជាបានចាប់ខ្លួនក្នុងប្រតិបត្តិការបង្រ្កាបល្បែងស៊ីសងអនឡាញនៅខេត្តព្រះសីហនុ។

កម្ពុជាធ្វើបត្យាប័នជនជាតិចិនពាក់ព័ន្ធឧក្រិដ្ឋកម្មអនឡាញ ១៣០នាក់ទៅប្រទេសចិនវិញ
កម្ពុជាធ្វើបត្យាប័នជនជាតិចិនពាក់ព័ន្ធឧក្រិដ្ឋកម្មអនឡាញ ១៣០នាក់ទៅប្រទេសចិនវិញ © Chinadaily
ផ្សាយពាណិជ្ជកម្ម

យោងតាមការចុះផ្សាយរបស់បណ្តាកាសែតចិន ជនជាតិចិនដែលជាជនសង្ស័យក្នុងឧក្រិដ្ឋកម្មល្បែងស៊ីសង និងឆបោកអនឡាញដែលឈរជើងនៅខេត្តព្រះសីហនុចំនួន ១៣០នាក់ត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសចិនវិញកាលពីថ្ងៃទី១៣ មេសា ឆ្នាំ២០២៤។ តាមកាសែតចិន Chinadaily ជនជាតិចិនទាំង ១៣០នាក់ត្រូវបានចាប់បញ្ជូនទៅប្រទេសកំណើតវិញតាមច្រកអាកាសយានដ្ឋានអន្តរជាតិ Tianhe ក្នុងទីក្រុង Wuhan ខេត្ត Hubei តាមជើងហោះហើរចំនួន២។ គួរជម្រាបជូនថា ការបញ្ជូនជនសង្ស័យជាជនជាតិចិនទៅប្រទេសកំណើតវិញពេលនេះជាសមិទ្ធផលធំជាងគេនៅឆ្នាំ២០២៤ ក្នុងប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនរបស់រដ្ឋាភិបាលចិន និងកម្ពុជា។

 តាម Chinadaily ជនជាតិចិន ១៣០នាក់នេះស្ថិតនៅក្នុងចង្កោមជនសង្ស័យសរុប ១០៣០នាក់ដែលចិន និងកម្ពុជាកំពុងត្រៀមធ្វើបត្យាប័នបញ្ជូនទៅប្រទេសចិនវិញជាបន្តបន្ទាប់។ Chinadaily បានសរសេរទៀតថា ក្រសួងសន្តិសុខសាធារណៈចិនមានឆន្ទៈពង្រឹងការអនុវត្តច្បាប់ជាមួយប្រទេសជាដៃគូអាស៊ាន ដូចយ៉ាងប្រទេសកម្ពុជាដើម្បីទប់ស្កាត់បទល្មើសល្បែងស៊ីសងអនឡាញ ការក្លែងបន្លំតាមប្រព័ន្ធទូរគមនាគមន៍ និងឧក្រិដ្ឋកម្មអនឡាញផ្សេងៗ។ គួរបញ្ជាក់ថា ប្រតិបត្តិការប្រឆាំងល្បែងស៊ីសងរបស់អាជ្ញាធរកម្ពុជាបានចាប់កម្រើកខ្លាំងនៅទូទាំងប្រទេស ពិសេសនៅក្នុងខេត្តព្រះសីហនុ ក្រោយមានការបញ្ជាពីលោកហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាកាលពីខែកុម្ភៈ ឆ្នាំ២០២៤។

 នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញត្រឹមរយៈពេល២ថ្ងៃពីថ្ងៃទី០៩ ដល់ថ្ងៃទី១០ ខែមីនា អាជ្ញាធរខេត្តព្រះសីហនុចាប់បានមនុស្សចំនួន ៤៧៩នាក់ ក្នុងនោះមានជនជាតិខ្មែរចំនួន២៧៩នាក់ និងជនបរទេសចំនួន២០០នាក់ដែលមានជនជាតិចិន២៨នាក់ និងចិនតៃវ៉ាន់៨នាក់។ តែអាជ្ញាធរខេត្តព្រះសីហនុនៅមិនទាន់បានបញ្ជាក់អំពីតួលេខនៃជនរងគ្រោះដែលត្រូវបានគេបង្ខាំងឱ្យធ្វើការឆបោកអនឡាញនៅឡើយទេ។ ទោះយ៉ាងណា របាយការណ៍មួយចេញផ្សាយដោយអង្គការសហប្រជាជាតិកាលពីខែសីហា ឆ្នាំ២០២៣ បានឲ្យដឹងថា មានមនុស្សជាង១០ម៉ឺនបានរងគ្រោះពីករណីឆបោកនៅកម្ពុជា ហើយថា ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញជាទីតាំងនៃការប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញច្រើនបំផុត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ