អានតួអត្ថបទ
កម្ពុជា-បរិស្ថាន

របាយការណ៍ស្រាវជ្រាវ និងវិភាគ៖កម្ពុជាបាត់បង់ព្រៃឈើនៅឆ្នាំ ២០២៣ ក្នុងទំហំស្មើនឹងផ្ទៃដី Los Angeles

យោងតាមរបាយការណ៍ស្រាវជ្រាវ និងការវិភាគលើរូបភាពផ្កាយរណបពីបរទេស ប្រទេសកម្ពុជាបានបាត់បង់ព្រៃឈើក្នុងឆ្នាំ២០២៣ដល់ទៅ ១២១ ០០០ហិកតា។ ទំហំនៃការបាត់បង់នេះគឺស្មើនឹងផ្ទៃដីទីក្រុង Los Angeles របស់សហរដ្ឋអាមេរិក។ តាមរបាយការណ៍ដដែល ការបាត់បង់នេះដោយសារតែការរកស៊ីវិនិយោគដូចជា អាជីវកម្មរ៉ែមាសនិងរ៉ែដែក ការធ្វើទំនប់វារីអគ្គិសនី និងការកាប់ឈើខុសច្បាប់ជាច្រើន។

Roads-leading-out-of-the-Stung-Meteuk-dam-site-into-pristine-rainforest
Roads-leading-out-of-the-Stung-Meteuk-dam-site-into-pristine-rainforest © Mongabay
ផ្សាយពាណិជ្ជកម្ម

ក្នុងឆ្នាំ២០២៣ កម្ពុជាបាត់បង់ព្រៃឈើអស់ ១២១ ០០០ហិកតា ក្នុងនោះ មានជាងពាក់កណ្តាលជាព្រៃឈើដែលស្ថិតក្នុងតំបន់ការពារដែនជម្រកសត្វព្រៃឡង់។ នេះបើតាមទិន្នន័យស្រាវជ្រាវនៅសកលវិទ្យាល័យ Maryland និងការវិភាគលើរូបភាពផ្កាយរណបរបស់អង្គការ Global Forest Watch ដែលកាសែតម៉ុងហ្គាបេយកមកចុះផ្សាយនៅថ្ងៃទី១៧មេសា ឆ្នាំ២០២៤នេះ។ ទិន្នន័យសរុបប្រមូលដោយ Global Forest Watch ត្រឹមថ្ងៃទី៤មេសា ឆ្នាំ២០២៤ បានបង្ហាញថា ឆ្នាំ២០២៣ ព្រៃឈើក្នុងតំបន់ការពារដែនជម្រកសត្វព្រៃឡង់រងការកាប់បំផ្លាញច្រើនជាងគេលំដាប់ទី១ ដែលមានទំហំ ១១ ៥០០ហិកតា។ លំដាប់ទី២ គឺព្រៃឈើក្នុងដែនជម្រកសត្វព្រៃបឹងពែរដែលបាត់បង់អស់ ៧ ២៣២ ហិកតា និងលំដាប់ទី៣ គឺព្រៃឈើក្នុងដែនជម្រកសត្វព្រៃភ្នំសំកុសដែលបាត់បង់អស់ ៦ ១២៥ ហិកតា។

គួរបញ្ជាក់ថា ម៉ុងហ្គាបេដែលជាកាសែតអនឡាញរបស់អាមេរិកផ្តោតលើបញ្ហាបរិស្ថានបានសរសេរចោទថា ការបាត់បង់ព្រៃឈើនៅតំបន់ព្រៃឡង់ក្នុងឆ្នាំ២០២៣ គឺដោយសារការពង្រីកអណ្តូងរ៉ែមាសគ្រប់គ្រងដោយចិន និងការបើកអណ្តូងរ៉ែដែកដែលជាកម្មសិទ្ធិរបស់ឈ្មួញឈើអ្នកឧកញ៉ា ទ្រី ភាព។ តាមម៉ុងហ្គាបេដដែល ក្រុមហ៊ុនដាំដើមឈើ Think Biotech និងក្រុមហ៊ុន Angkor Plywood ក៏មានចំណែកបំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់ដែរ។ រីឯការរិចរិលព្រៃឈើក្នុងដែនជម្រកសត្វព្រៃបឹងពែរក្នុងឆ្នាំ២០២៣ត្រូវបានម៉ុងហ្គាបេប្រាប់ឲ្យដឹងទៀតថា គឺដោយសារការផ្តល់ដីសម្បទានសេដ្ឋកិច្ចដល់លោកអ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារសម្រាប់បើករោងចក្រកែច្នៃស្វាយចន្ទីឈ្មោះ សានតាណា អាហ្គ្រោ (Santana Agro Factory)។ តែការពិតជាក់ស្តែង រោងចក្រនេះដំណើរការដើម្បីបិទបាំងការកាប់ព្រៃឈើខុសច្បាប់ប៉ុណ្ណោះ។

ដោយឡែក ដែនជម្រកសត្វព្រៃភ្នំសំកុសត្រូវបានរូបភាពផ្កាយរណបរកឃើញថា មានការកាប់ព្រៃឈើលើសព្រំដែនផ្លូវការនៅក្នុងការសាងសង់ទំនប់វារីអគ្គិសនីស្ទឹងមេទឹករបស់សមាជិកព្រឹទ្ធសភា អ្នកឧកញ៉ាលី យ៉ុងផាត។ ជុំវិញរបាយការណ៍ស្រាវជ្រាវ និងការវិភាគលើរូបភាពផ្កាយរណបពីបរទេសនេះ វិទ្យុបារាំងអន្តរជាតិមិនអាចទាក់ទងលោកខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថានបាននៅឡើយទេគិតត្រឹមរសៀលថ្ងៃទី១៧មេសា ឆ្នាំ២០២៤ នេះ។ តែលោកខ្វៃ អាទិត្យាធ្លាប់បានបញ្ជាក់នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងថ្មីៗនេះថា កម្ពុជាមានតំបន់ការពារធម្មជាតិសរុប៧៣កន្លែង ផ្ទៃដីទំហំជាង ៧លានហិកតាដែលស្មើជាង៤០% នៃផ្ទៃដីប្រទេស។

គួរជម្រាបជូនដែរថា កាលពីចុងឆ្នាំ២០២៣កន្លងទៅ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានអះអាងថា ក្រសួងបរិស្ថានបានដាក់ចេញវិធានការចម្បងៗចំនួន៤ដើម្បីគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះឱ្យមានប្រសិទ្ធភាព ក្នុងនោះ មានការដាក់ទោសជនល្មើសធនធានធម្មជាតិដោយតម្លាភាព និងគ្មានអំពើពុករលួយ ការដាំដើមឈើឱ្យច្រើនជាងការកាប់ដែលជាទិសដៅអាទិភាពបង្កើនគម្របព្រៃឈើកម្ពុជាឱ្យបាន ៦០% នៅឆ្នាំ២០៥០៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ